ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ដូណាល់ ​ត្រាំ​និង​មេដឹកនាំ​នៃ​ប្រទេស​អ៊ូសបេគីស្ថាន​ធ្វើ​ការ​ចរចា​នៅ​សេតវិមាន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អ៊ូបបេគីស្ថាន Shavkat Mirziyoyev នៅ​សេតវិមាន កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អ៊ូបបេគីស្ថាន Shavkat Mirziyoyev នៅ​សេតវិមាន កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​និងប្រធានា​ធិបតី Shavkat Mirziyoyev មេដឹកនាំ​កំណែទម្រង់​នៃ​ប្រទេស​អ៊ូសបេគីស្ថាន​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ពុធ​នៅឯសេតវិមាន ​ដោយ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​កណ្តាល ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន​ស្ថិត​នៅ​លើ​របៀប​វារៈ​លើ​គេ។

ប្រធានា​ធិបតី Mirziyoyev ​ដែល​បាន​កាន់​អំណាច​រយៈ​ពេល​២០​ខែ​បន្ទាប់​ពី​ការ​ស្លាប់​លោក Islam Karimov មេដឹកនាំ​ផ្តាច់​ការ​យូរ​អង្វែង​របស់​ប្រទេស​នោះ ​នឹងពិភាក្សា​ជាមួយ​ប្រធានា​ធិបតី​ត្រាំ​នៅ​សេតវិមាន ​ហើយ​បន្ទាប់​មកទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​៣​ថ្ងៃ​ទៅកាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ជួប​ជាមួយ​ពួក​មន្ត្រី​អាមេរិកាំងនិង​មេដឹកនាំ​នៅ​ធនាគារ​ពិភពលោក។

មេដឹកនាំ​ប្រទេស​អ៊ូសបេគីស្ថានដែល​មាន​អាយុ​៦០​ឆ្នាំ ​ចង់​ទាក់​ទាញ​ការ​វិនិយោគ​ទុន​របស់​ក្រុមហ៊ុន​អាមេរិកាំង​កាន់​តែ​ច្រើន​ឡើងចូលក្នុង​ប្រទេស​របស់​លោក​ដែល​មាន​ពលរដ្ឋ​៣២លាននាក់​ដែល​ភាគ​ច្រើន​ជា​អ្នកកាន់​សាសនា​ឥស្លាម។ មុន​ពេល​ជំនួប​របស់​លោក Mirziyoyev ជាមួយ​ប្រធានា​ធិបតី​ត្រាំ ពួកមន្ត្រី​សេតវិមាន​បាន​និយាយថា ​ពួក​មន្ត្រី​អ៊ូសបេគីស្ថាន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ចំនួន២០​ដែល​មាន​ទឹក​ប្រាក់​៤ពាន់​៨រយ​លាន​ដុល្លារ​ដែល​ល្មម​គ្រប់​គ្រាន់​ដើម្បី​បង្កើត​ការងារ​ជាង​១ម៉ឺន​នៅ​សហរដ្ឋ​អាមេរិក។

​ពួក​មន្ត្រី​ជាន់​ខ្ពស់​សេតវិមាន​បាន​និយាយថា ​ប្រទេស​អ៊ូសបេគីស្ថាន​ដែល​កាល​មុន​ជាអតីត​សាធារណរដ្ឋ​របស់​សហភាព​សូវៀត ​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​រយៈ​ពេលជា​ច្រើន​ឆ្នាំ​កន្លងមក​នេះ​នៅ​ក្នុងការ​ជួយគាំទ្រ​កិច្ច​ប្រតិបត្តិការ​ខាង​យោធា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ជា​ប្រទេស​ជិតខាង​ក៏ប៉ុន្តែ ​សហរដ្ឋ​អាមេរិក​មិន​ស្វែងរកធ្វើ​ជា​ទីតាំង​របស់​កងទ័ព​អាមេរិក​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន​ទេ៕

XS
SM
MD
LG