ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការគាំទ្រជាតិសាសន៍ Uyghur មួយដកខ្លួនចេញពីគណៈកម្មការស៊ើបអង្កេតការជ្រៀតជ្រែកពីបរទេសចំពោះការបោះឆ្នោតនៅកាណាដា


រូបឯកសារ៖ សកម្មជន​ជនជាតិ​ Uyghur ធ្វើបាតុកម្ម​ប្រឆាំងនឹង​ទង្វើរ​របស់​រដ្ឋាភិបាល​ចិន​លើ​ជនជាតិ Uyghur នៅ​ទីក្រុង Vancouver ប្រទេសកាណាដា កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ សកម្មជន​ជនជាតិ​ Uyghur ធ្វើបាតុកម្ម​ប្រឆាំងនឹង​ទង្វើរ​របស់​រដ្ឋាភិបាល​ចិន​លើ​ជនជាតិ Uyghur នៅ​ទីក្រុង Vancouver ប្រទេសកាណាដា កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩។

ស្រប​ពេល​ការ​ស៊ើបសួរ​ដំបូង​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ ទី ២ ខែ​កុម្ភៈ​ អង្គការ​គាំពារ​សិទ្ធិ​ជាតិសាសន៍ ​Uyghur​ ឈ្មោះ​ថា Uyghur Rights Advocacy Project បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​គណៈកម្មការ​ស៊ើបអង្កេត​ការ​ចោទប្រកាន់​ពី​ការ​ជ្រៀតជ្រែក​របស់​បរទេស​ក្នុង​ការ​បោះឆ្នោត​នៅ​កាណាដា។ អង្គការ​នេះ​និយាយ​ថា ការ​ដកខ្លួន​នេះ​គឺ ​ដោយសារ​ការ​ព្រួយបារម្ភ​ថា អ្នកនយោបាយ​ពីរ​រូប​ ដែល​មាន​ទំនោរ​បង្ហាញ​ភាព​យល់ស្រប​ទៅ​កាន់​ចិន​ ទទួល​បានសិទ្ធិ​ពេញលេញ​នៅ​ក្នុង​ជួរ​គណៈកម្មការ។

អង្គការ​ Uyghur Rights Advocacy Project ឬ URAP បាន​កំណត់​អ្នកនយោបាយ​ទាំង​ពីរ​រូប​រួមមានសមាជិក​សភា​ឯករាជ្យ​លោក Han Dong និង​អភិបាល​រង​ក្រុង Markham ខេត្ត Ontario លោក Michael Chan។ អ្នកទាំង​ពីរ​រូប​នេះ​បាន​បដិសេធ​ជា​បន្តបន្ទាប់​ចំពោះ​ការ​មាន​ទំនាក់ទំនង​ណា​មួយ​ជាមួយ​រដ្ឋាភិបាល​ចិន។

អ្នកស្រី Miri Teich ប្រធាន​ផ្នែក​គោលនយោបាយ​និង​គាំពារ​សិទ្ធិប្រចាំ​អង្គការ Uyghur Rights Advocacy Project​ ​ថា អ្នកនយោបាយ​ទាំង​ពីរ​រូប​នេះ​បង្ហាញ​ជា​ភាព​សម្រប​ខ្លាំង​តាមរយៈ​សេចក្តីអធិប្បាយ​ជា​សាធារណៈ​របស់​ខ្លួន​ទៅ​នឹង​គណបក្ស​កុម្មុយនីស្ត​ចិន។

អ្នកស្រី Teich ថ្លែងថា៖ «ពួកគេ​និយាយដូច​គ្នា​នឹង​គណបក្ស​កុម្មុយនីស្ត​ចិន​ដែល​បដិសេធ​អំពើ​ប្រល័យពូជសាសន៍លើ​ជាតិសាសន៍ ​Uyghur និង​ធ្វើ​អនុបវាទ​លើ​ការ​បោះឆ្នោត​ពាក់ព័ន្ធ​នឹង​ជាតិសាសន៍ ​Uyghur»។

អ្នកស្រី Teich បាន​បន្ត​ថា ​បើ​អ្នក​នយោបាយ​ទាំង​ពីរ​រូប​នេះនៅ​តែ​ជា​សមាជិក​គណៈកម្មការ​ នោះវានឹង​ផ្តល់​សិទ្ធិ​ដល់​ពួកគេ​ទទួលភស្តុតាងនិង​លទ្ធភាពក្នុង​ការ​ពិនិត្យ​និង​ចោទសួរ​លើ​សាក្សី​ជា​ជាតិសាសន៍ ​Uyghur ដែល​ពួកគេ​មិនចង់​ឱ្យ​កើតមាន។

អ្នកស្រី Teich ថ្លែងថា៖ «ផ្អែល​លើ​គោលការណ៍ យើង​មិន​ចង់​ចូលរួម​ស៊ើបសួរ​ដែលផ្តល់​អំណាច​ដល់​ក្រុម​បុគ្គល​ដូចនេះ​នោះ​ទេ ជាពិសេស​បើ​ពួកគេ​មាន​លទ្ធភាពពិនិត្យ​លើ​សាក្សី»។

ពួកគេក៏​បារម្ភ​ថា សមាជិក​ព្រឹទ្ធសភា​លោក Yuen Pau Woo ត្រូវ​បាន​ផ្តល់​តួនាទីជា​អ្នក​ជ្រៀតជ្រែក​ក្នុង​គណៈកម្មការ​ ដែល​អនុញ្ញាត​ឱ្យ​លោកអាចដាក់​ចេញសំណើ​ជា​សំណេរណា​មួយ ប៉ុន្តែ​មិនមាន​សិទ្ធិ​ពិនិត្យ​និង​ចោទសួរ​ដោយ​ស្វ័យ​ប្រវត្តិ​លើ​សាក្សី​ ឬពិនិត្យ​មើល​ភស្តុតាង​ជា​មុន​នោះ​ទេ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ សមាជិក​ព្រឹទ្ធសភា​លោក Woo បាន​ច្រានចោល​ការ​ចោទប្រកាន់​ទាំងនេះ។

លោក Woo៖ «លទ្ធភាព​និង​ឆន្ទៈ​របស់​អង្គការ​នេះ​នៅ​ក្នុង​ការ​ចោទប្រកាន់​ធ្ងន់ធ្ងរ​មក​លើ​រូប​ខ្ញុំ និង​អ្នកដទៃ​ ដោយ​មិន​មាន​ភ័ស្តុតាង​ជា ហានិភ័យ​មួយ​ដែល​ការស៊ើបអង្កេត​ពី​ការ​ជ្រៀតជ្រែក​ពី​បរទេស​ ដែល​មាន​ចរិត​លក្ខណៈ​ជ្រុលនិយម អាច​បណ្តាល​ឱ្យ​កើត​មាន»។

លោក Woo ថា ជាតិសាសន៍​ Uyghur​ មិនចង់​ឱ្យ​រូបលោក​ចូលរួម​នៅ​ក្នុង​គណៈកម្មការ ព្រោះ​ពួកគេ​មិនចូលចិត្ត​ទស្សនៈរបស់​លោក។ កាល​ពី​ពេល​មុន លោក Woo ​ថា កាណាដា​មិន​មាន​ជំហររិះគន់​ចិន ដោយសារ​តែ​ការ​ប្រព្រឹត្ត​ទៅលើ​សហគមន៍​ជនជាតិ​ដើម First Nations នោះ​ទេ។ លោក​ក៏​បាន​ប្រឆាំង​នឹង​កិច្ចប្រឹងប្រែងដែល​ប្រកាស​ថា​ស្ថានភាព​នៅ​ខេត្ត Xinjiang ​ជា «អំពើប្រល័យពូជសាសន៍»​ផង​ដែរ។

លោក Woo ថា លោក​សង្ឃឹម​ថា អង្គការ URAP នឹង​ពិចារណា និង​ចូលរួម​ក្នុង​គណៈកម្មការ​ឡើង​វិញ។ ហើយ​លោក​ក៏​សង្ឃឹម​ថា គណៈកម្មការ​នឹង​បញ្ឈប់​ការ​ពណ៌នាបែប​លាបពណ៌​ណា​មួយ​មក​លើបុគ្គលរង​ការចោទប្រកាន់​ខុស។

លោក Woo៖ «ការ​ចោទប្រកាន់​ទាំងនោះ​បាន​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ដែល​ខ្ញុំ​ត្រូវ​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​នេះ និង​ជូន​ដំណឹង​ដល់​គណៈកម្មការ និង​ទៅ​កាន់​ពលរដ្ឋ​កាណាដាពី​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ការ​កំណត់​លាបពណ៌​បែប​នេះ ដែល​ពួកគេ​បាន​ធ្វើ​ឡើង​មក​លើ​រូប​ខ្ញុំ និង​អតីត​អ្នកនយោបាយ​ដទៃ​ទៀត»។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​លោក Dong និង​លោក Chan ដើម្បី​សុំ​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្តីសម្រេច​របស់​អង្គការ URAP និង​ការ​ចោទប្រកាន់​ផ្សេងៗ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតបនោះ​ទេ។

អ្នក​នយោបាយ​ទាំង​ពីរ​រូប​បាន​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​ក្នុង​ទម្រង់​ណា​មួយ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG