ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

USAID ​ផ្តើម​គម្រោង​ថ្មី​មួយ​ដើម្បី​ការពារ​សិទ្ធិ​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ​LGBTI ​នៅ​កម្ពុជា


រូប​ឯកសារ៖ បាតុករ​ម្នាក់​នៅ​ឯ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា LGBT ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
រូប​ឯកសារ៖ បាតុករ​ម្នាក់​នៅ​ឯ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា LGBT ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ដោយសារ​ការ​មាក់ងាយ​និង​ការ​ភ័យខ្លាច​ ប្រហែល ​១​ភាគ៣ ​នៃ​ប្រជាជន​កម្ពុជា​ក្នុង​ក្រុម​ LGBTI ​មិន​ដែល​បើក​ចំហ​អំពី​ខ្លួន​គេ​ទេ​។

ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​សហរដ្ឋ​អាមេរិក ឬ​ហៅ​កាត់​ថា USAID​ បាន​ចាប់ផ្ដើម​គម្រោង​ថ្មី​មួយ​ ដើម្បី​ការពារ​និង​លើក​កម្ពស់​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ​អ្នក​ស្រឡាញ់​មនុស្ស​ទាំង​ពីរ​ភេទ​ អ្នក​កែ​ភេទ​ និង​អ្នក​មាន​លក្ខណៈ​ភេទ​មិន​ចំ​ជា​ប្រុស​ឬ​ស្រី​ (​LGBTI) នៅ​កម្ពុជា។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ។

គម្រោង​ដែល​គេ​ដាក់​ឈ្មោះថា ​«យើង​ដូច​គ្នា» ​(We are the Same) ​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ទីភ្នាក់ងារ USAID ក្នុង​បំណង​អប់រំ ​និងអភិវឌ្ឍន៍​ក្នុង​សកម្មភាព​ អនុវត្ត​ ហើយ​នឹង​ជួយ​ដល់​សកម្មភាព​តស៊ូ​មតិ​ សកម្មភាព​លើក​កម្ពស់​ការយល់​ដឹង​នានា​ និង​ពង្រឹង​សិទ្ធិ​របស់​ក្រុម​ LGBTI ​នៅ​កម្ពុជា។

លោកស្រី​ Julie Chung ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​មាន​ប្រសាសន៍​តាម​ខ្លឹមសារ​ដើម​ថា៖

«ខ្ញុំ​មាន​មោទនភាព​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គាំទ្រការ​ខិតខំ​ដើម្បី​ការពារ​សិទ្ធិ របស់​ក្រុម ​LGBTI ​នៅ​ក្នុង​ប្រទេស ​និង​នៅ​បរទេស។ ​គម្រោង​ដូចជា​គម្រោង ​“យើង​ដូច​គ្នា» នេះ ​ឆ្លុះបញ្ចាំង​ ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​លុប​បំបាត់​ឧបសគ្គ​ ចំពោះ​សមភាព​ ហើយ​ប្រឆាំង​នឹង​ការ​រើស​អើង​ និង​ហិង្សា​ ដោយសារ​ភេទ​ ដែល​គេ​ស្រឡាញ់ ​និង​អត្តសញ្ញាណ​យេនឌ័រ‍»។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ថា ​គម្រោង​នេះ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចំពោះ​សិទ្ធិ ​របស់​ក្រុម​ LGBTI​ ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​សិទ្ធិ​មនុស្ស​ទាំង​នៅ​កម្ពុជា​ ទាំង​នៅ​ទូទាំង​សាកលលោក។

ដោយសារ​ការ​មាក់ងាយ​និង​ការ​ភ័យខ្លាច​ ប្រហែល ​១​ភាគ៣ ​នៃ​ប្រជាជន​កម្ពុជា​ក្នុង​ក្រុម​ LGBTI ​មិន​ដែល​បើក​ចំហ​អំពី​ខ្លួន​គេ​ទេ​ ហើយ​ចំនួន​ជាង១​ ភាគ៥ ​ចង់​អោយ​ខ្លួន​គេ​ ក្លាយ​ជា​មនុស្ស​ស្រឡាញ់​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ដូច​ មនុស្ស​ធម្មតា។ នេះ​បើ​តាម​លទ្ធផល​នៃ​ការ​អង្កេត​ដែល​ចេញ​នៅ​ខែ​ធ្នូ ​ឆ្នាំ​ ២០១៥ ​ដោយ​អង្គការ​សហគមន៍ ឥន្ទធនូ​កម្ពុជា៕

XS
SM
MD
LG