ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ទីភ្នាក់ងារ USAID ថា សហរដ្ឋ​អាមេរិក​ចង់ឱ្យ​ដៃគូ​មាន​ឯករាជ្យភាព ជាជាង​ការ​ពឹង​ផ្អែក


នាយិកា​ទីភ្នាក់​ងារ ​USAID​ អ្នក​ស្រី​ Samantha Power ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
នាយិកា​ទីភ្នាក់​ងារ ​USAID​ អ្នក​ស្រី​ Samantha Power ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

នាយិកា​ទីភ្នាក់​ងារសហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍអន្តរជាតិ ហៅកាត់ថា​ USAID ​អ្នកស្រី​ Samantha Power​ បាន​បិទ​បញ្ចប់​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ​កាលពី​ថ្ងៃ​ពុធ​ ដោយ​បាន​ផ្តល់​ការ​កត់​សម្គាល់​លើ​វឌ្ឍន​ភាព​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ហើយ​ថា​ ទីភ្នាក់ងារ​ USAID ​ចង់​ឃើញ​ដៃគូ​របស់​ខ្លួន​មាន​ឯករាជ្យ​ភាព​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ជា​ជាង​ការ​ពឹង​ផ្អែក​ ក្រោយ​ទទួល​បាន​ជំនួយ​អភិវឌ្ឍ​ប្រទេស។​

នៅ​ឯ​សន្និសីទ​ព័ត៌មាន​រៀបចំ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ ​អ្នកស្រី​ Power​ បាន​ថ្លែង​ថា​ សហ​រដ្ឋ​អាមេរិក​បាន​ខិត​ខំ​ជួយ​ប្រទេស​កម្ពុជា​ ក្នុង​នាម​ជាដៃ​គូ​ តាម​រយៈ​ការ​ផ្តល់​ឱ្យ​នូវ​ជំនួយ​ឥត​សំណង​ ដែល​នឹង​មិន​ធ្វើ​ឱ្យ​កម្ពុជា​មាន​បំណុល ​ក្នុង​ពេល​មាន​សុខ​សន្តិ​ភាព។​

អ្នកស្រី​ថ្លែង​ថា៖​ «សារៈ​សំខាន់​នៃ​ការ​វិនិយោគ​ដែល​យើង​ធ្វើ​ គឺ​ពង្រឹង​មាគ៌ា​ឆ្ពោះ​ទៅ​រក​ភាព​មិន​ពឹង​ពាក់​គេ​ ជា​ជាង​ការ​ពឹង​ផ្អែក​ទោះ​ក្នុង​ទម្រង់​បែប​ណា​ក៏​ដោយ។​ ដូច្នេះ​ រឿង​មួយ​ក្នុង​ចំណោម​រឿង​ជា​ច្រើន​ដែល​លេច​ធ្លោ​នោះ​ គឺ​សម្រាប់​ខ្ញុំ​ ទាក់ទិន​គំរូ​នៃ​ការ​អភិវឌ្ឍ​របស់​អាមេរិក​ គឺ​ថា ​បើ​គិត​ឱ្យ​សព្វ​គ្រប់​ទៅ​ គឺ​យើង​ផ្តល់​ការ​គាំទ្រ​របស់​ពួក​យើង​តាម​រយៈ​ជំនួយ​ឥត​សំណង»។​

អ្នកស្រី​បន្ថែម​ថា៖​ «អ្វី​ដែល​យើង​មិន​ចង់​បាន​គឺ​ឱ្យ​កម្ពុជា ​ឬ​ប្រជាជន​កម្ពុជា​ជំពាក់​បំណុល​យើង​ដោយ​វិធី​ណាមួយ​ នៅ​ពេល​ដែល​មាន​សន្តិភាព»។​

អ្នកស្រី​បាន​ប្រៀប​ធៀប​ថា​ ជំនួយ​ឥត​សំណង​របស់​សហ​រដ្ឋ​អាមេរិក​ដែល​បាន​ផ្តល់​ជូន​ប្រទេស​មួយ​នឹង​មិន​ធ្វើ​ឱ្យ​ប្រជាជន​ប្រទេស​នោះ​មាន​បំណុល​ទៅ​ថ្ងៃ​ក្រោយ​ទេ បើ​ធៀប​នឹង​ប្រាក់​កម្ចី​ប្រទេស​ចិន​ដែល​ផ្តល់​ឱ្យ​ប្រទេស​ណាមួយ​ ដែល​អាច​ក្លាយ​ជា​បន្ទុក​អ្នក​ជំនាន់​ក្រោយ​របស់​ប្រទេស​នោះ​សង​ត្រឡប់​ទៅ​វិញ​ ក្នុង​អត្រា​ការ​ប្រាក់​ខ្ពស់។

បើ​តាម​អ្នកស្រី ​Power​ គោល​ដៅ​របស់​ទីភ្នាក់​ងារ​ USAID ​គឺ​ធ្វើ​ឱ្យ​កម្ពុជា​បោះ​ជំហាន​ពី​ប្រទេស​ពឹង​ផ្អែក​លើ​ជំនួយ​ទៅ​ជា​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ ព្រោះ​ពលរដ្ឋ​កម្ពុជា​ជា​ធនធាន​មាន​សមត្ថ​ភាព ​និង​មាន​ភាព​ធន់​នឹង​ការ​លំបាក​ច្រើន​ ខណៈ​អត្រា​កំណើន​សេដ្ឋ​កិច្ច​ប្រទេស​នេះ​ក៏​នៅ​បន្ត​កើត​ឡើង។

អ្នកស្រី​ថ្លែង​ថា៖​ «ប៉ុន្តែ​គោល​ដៅ​ចុង​ក្រោយ​បំផុត​គឺ​ធ្វើ​ឱ្យ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​ និង​អធិប​តេយ្យ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​ថា​ តើ​ត្រូវ​ចាត់​ចែង​ធនធាន​ខ្លួន​យ៉ាង​ដូច​ម្តេច​ ក្នុង​នោះ​គឺ​ធនធាន​មនុស្ស​ដ៏​សម្បើម​របស់​ខ្លួន»។​

អ្នក​ជំនាញ​ភូមិ​សាស្ត្រ​នយោបាយ​អន្តរជាតិ​លោក ​រ៉ូ វណ្ណៈ ​ប្រាប់​វីអូអេ​ថា​ ជំនួយ​របស់​អាមេរិក​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រជាជន​កម្ពុជា​ ដែល​នាំ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​សមាន​ចិត្ត​ច្រើន​លើ​អាមេរិក​ជាង​ការ​សហការ​ជាមួយ​ចិន។​

រូបឯកសារ៖ ពលរដ្ឋគ្រវីទង់ជាតិ​ខ្មែរ​និង​ចិន​ ខណៈ​នាវា​ហ្វឹកហ្វឺន Qijiguang របស់ចិនដែលត្រៀម​សំចត​នៅ​កំពង់ផែ​ព្រះសីហនុ នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ ពលរដ្ឋគ្រវីទង់ជាតិ​ខ្មែរ​និង​ចិន​ ខណៈ​នាវា​ហ្វឹកហ្វឺន Qijiguang របស់ចិនដែលត្រៀម​សំចត​នៅ​កំពង់ផែ​ព្រះសីហនុ នៅខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

បើ​តាម​អ្នក​ជំនាញ​រូប​នេះ​ ឥទ្ធិពល​ចិន​មាន​ច្រើន​ក្នុង​ចំណោម​វីរជន​នយោបាយ​គណបក្ស​កាន់​អំណាច​ ខណៈ​ឥទ្ធិពល​អាមេរិក​ជ្រួត​ជ្រាប​នៅ​ក្នុង​ស្រទាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «ជំនួយ​អភិវឌ្ឍន៍​របស់​សហ​រដ្ឋ​អាមេរិក​មក​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​មាន​ឥទ្ធិពល​មក​លើ​សមាន​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ មាន​ឥទ្ធិពល​មក​លើ​មតិ​សាធារណៈ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ បើ​ទោះ​បី​ជា​មិន​មាន​ឥទ្ធិពល​ធំ​ដុំ​ជាមួយ​អ្នក​កាន់​អំណាច​ឬ​ក៏​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​កាន់​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វ​ថ្ងៃ​ធំ​ដុំ​ក៏​ដោយ​ ក៏​ប៉ុន្តែ​មាន​ឥទ្ធិពល​ទៅ​លើ​រចនា​សម្ព័ន្ធ​សង្គម​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដែល​ខ្ញុំ​លើក​ឡើង​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សមាន​ចិត្ត​ល្អ​ជាមួយ​នឹង​សហ​រដ្ឋ​អាមេរិក​ជាង​ចិន»។

ការ​អត្ថាធិប្បាយ​របស់​អ្នកស្រី​នាយិកា ​Samantha Power ​អំពី​ការ​ខិតខំ​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ជួយ​ឱ្យ​កម្ពុជា​មាន​ម្ចាស់​ការ​ខ្លួន​ឯង​ និង​ការ​អត្ថាធិប្បាយ​របស់​អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​អំពី​ការ​ជឿ​ជាក់​របស់​អ្នក​កាន់​អំណាច​នៅ​ក្នុង​កម្ពុជា​លើ​ប្រទេស​ចិន​ កើត​ឡើង​ស្រប​ពេល​ដែល​ឯករាជ្យ​ភាព​របស់​កម្ពុជា​ ត្រូវ​បាន​អ្នក​នយោបាយ​ជំទាស់​មួយ​ចំនួន​អះអាង​ថា ​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ដោយ​ឥទ្ធិពល​របស់​ចិន​លើ​គណបក្ស​គ្រប់​គ្រង​ប្រទេស​នៅ​កម្ពុជា។​

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​កាសែត​ Asia Time​ អ្នក​ស្រី​ មូរ សុខហួរ​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក ​អះអាង​ថា​ ឯករាជ្យ​ភាព​របស់​កម្ពុជា​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង ​ដោយ​សារ​ការ​រីក​ធំ​នៃ​អំណាច​របស់​ចិន​ និង​ឥទ្ធិពល​លើ​គណបក្ស​គ្រប់គ្រង​ប្រទេស​កម្ពុជា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា។​ ​

អ្នកស្រី​ថ្លែង​ថា​ ឥទ្ធិពល​ចិន​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ព្រោះ​គេ​ឃើញ​ការ​កើន​ឡើង​វត្តមាន​យោធា​ចិន​ អំពើ​ឆបោក ​និង​ប្រតិបត្តិ​ការ​ជួញ​ដូរ​មនុស្ស​ចាត់ចែង​ដោយ​អង្គការ​ឧក្រិដ្ឋ​សម្ងាត់​ចិន​ និង​ការ​ផ្តល់​ប្រាក់​កម្ចី​ជាច្រើន​ តាម​គំនិត​ផ្តួច​ផ្តើម​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជ​កម្ម​ចិន​ (BRI) ​និង​រំហូរ​ចូល​នៃ​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ​របស់​ចិន​ ក៏​ដូច​ជា​ក្រុមហ៊ុន​សាងសង់​របស់​ចិន។​

អ្នកស្រី ​មូរ សុខហួរ​ ត្រូវ​បាន​កាសែត​ Asia Times​ ដក​ស្រង់​សម្តី​តាម​អត្ថន័យ​ដើម​ថា៖​ «ប្រទេស​កម្ពុជា​ជាប់​បំណុល​ប្រមាណ​ ១១​ពាន់​លាន​ដុល្លារ​ ហើយ​ ៤០​ភាគ​រយ​នៃ​បំណុល​ទាំង​នោះ​គឺ​ខ្ចីពី​ចិន។ ​នៅ​ពេល​យើង​និយាយ​អំពី​ BRI​ គឺ​លុយ​នោះ​មិន​មែន​ឱ្យ​មក​យើង​ទទេៗ​ទេ។ ​វា​ជា​ប្រាក់​កម្ចី​ ហើយ​វា​គ្មាន​លក្ខខណ្ឌ​ឱ្យ​គោរព​នីតិរដ្ឋ​ ប្រជា​ធិបតេយ្យ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​និង​តុលាការ​ឯករាជ្យ​នៅ​កម្ពុជា​ទេ»។​

អ្នកស្រី​បាន​បន្ថែម​ថា៖ ​«វា​ក៏​ជា​កម្ចី​ដើម្បី​ជំរុញ​ការ​អនុវត្ត​របៀប​វារៈ​របស់​ប្រធានាធិបតី​ចិន​លោក ​ស៊ី ជិនពីង ​ដើម្បី​បាន​ភាព​គ្រប​ដណ្តប់​មិន​ថា ​តែ​ក្នុង​ប្រទេស​មួយ ​ឬ​តំបន់​មួយ​ទេ​ ប៉ុន្តែ​ជា​ការ​គ្រប​ដណ្តប់​ទូទាំង​សាកល​លោក»។​

គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០២៣​ បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ដែល​រដ្ឋាភិបាល​កម្ពុជា​ជំពាក់​ដៃ​គូ​បរទេស​បាន​កើន​ឡើង​ប្រមាណ ​១ម៉ឺន ១ពាន់ ​១៩០​លាន​ដុល្លារ​អាមេរិក។ ​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដែក​ថែប​របស់​កម្ពុជា ​នៅ​តែ​ជា​ម្ចាស់​បំណុល​ធំជាង​គេ​នៃ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ដែល​មាន​ចំនួន​សរុប​ជាង​ ៤​ពាន់​លាន​ដុល្លារ​ ដែល​ស្មើ​នឹង​ ៣៧​ភាគរយ​នៃ​បំណុល​សរុប​ក្រៅ​ប្រទេស។​

ដោយ​ឡែក​ លោក​ សេង​ វណ្ណលី​ អ្នក​តាម​ដាន​ភូមិ​សាស្រ្ដ​នយោបាយ​ថា​ ​នៅ​ក្នុង​កិច្ច​សហ​ប្រតិ​បត្ដិការ​រវាង​កម្ពុជា​ និង​អាមេរិក​ កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​តិច​ជាង​ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ចិន​ ព្រោះ​អាមេរិក​ធ្វើ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​ភាគ​ច្រើន​ធ្វើ​ការ​ក្នុង​ការ​ពង្រឹង​ស្ថាប័ន​រដ្ឋ​ នីតិរដ្ឋ​ អភិបាល​កិច្ច​ល្អ​ គណនេយ្យ​ភាព​ តម្លា​ភាព​ ដែល​ធ្វើ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​ទទួល​បាន​ប្រយោជន៍​តិច​ ផ្ទុយ​ទៅ​វិញ​ស្ថាប័ន​រដ្ឋ ​និង​ប្រជា​ពលរដ្ឋ​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន។​

រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ចាប់ដៃគ្នាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត នៅក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ចាប់ដៃគ្នាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត នៅក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ក្នុង​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​ចិន​វិញ​លោក​វណ្ណលី​វាយ​តម្លៃ​ថា ​អ្នក​នយោបាយ​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​ប្រជា​ពលរដ្ឋ​ទាំង​ផ្នែក​សង្គម ​សេដ្ឋកិច្ច ​និង​នយោបាយ។​

លោក​ថ្លែង​ថា៖​ «អ្នក​នយោបាយ​ទទួល​បាន​ផល​ប្រយោជន៍​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ខ្លួន​ជា​មួយ​នឹង​ចិន។ ​វា​ធ្វើ​ឱ្យ​អ្នក​នយោបាយ​ទាំងអស់​ហ្នឹង​យក​ផល​ប្រយោជន៍​ដែល​កើត​ចេញ​ពី​ទំនាក់​ទំនង​ដ៏​ស្អិត​ល្មួត​រវាង​ខ្លួន​ហ្នឹង​យក​ទៅ​ដើម្បី​ពង្រឹង​អំណាច​បន្ថែម​ ហើយ​ធ្វើ​ឱ្យ​ស្ថាប័ន​សាធារណៈ​ខ្សោយ​ ជា​ហេតុ​ធ្វើ​ឱ្យ​ខ្លួន​ឯង​បន្ត​ក្ដោប​ក្ដាប់​អំណាច​បាន​យូរ​វែង​ ប៉ុន្តែ​ដោយ​ឡែក​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​អាមេរិក​ជាមួយ​កម្ពុជា​ហ្នឹង​គឺ​ភាគ​ច្រើន​ ​ច្រើន​តែ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​សិទ្ធិ​សេរី​ភាព​ ធ្វើ​ឱ្យ​ស្ថាប័ន​មាន​ប្រសិទ្ធ​ភាព​ធ្វើ​ការ​ដើម្បី​ផ្ដល់​សេវា​កម្ម​សាធារណៈ​ល្អ​ជាង​មុន»។​

លោក​បន្ថែម​ថា៖​ «អាហ្នឹង​ជា​ហេតុ​ដែល​យើង​មើល​ឃើញ​ថា​ ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិក​វា​រាង​ដើរ​ថយ​ក្រោយ​ ក៏​ប៉ុន្តែ​អាមេរិក​នៅ​តែ​មិន​បោះ​បង់​កម្ពុជា​នៅ​តែ​ជំរុញ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ថែម​ជា​ពិសេស​ក្នុង​វិស័យ​អភិបាល​កិច្ច ​នីតិ​រដ្ឋ ​គណនេយ្យ​ភាព​តម្លាភាព​ជា​ពិសេស​ការ​ធ្វើការ​ផ្ដល់​ជំនួយ​លើ​វិស័យ​វិមជ្ឈ​ការ​និង​វិសហ​មជ្ឈការ»។​

វីអូអេ​បានព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ប៉ែន​ បូណា​ ប៉ុន្តែ​ទាក់ទង​មិន​ទាន់​បាន​ទេ​នៅ​ថ្ងៃ​សុក្រ។​

ក្រៅ​ពី​ការ​បង្ហាញ​ការ​តាំង​ចិត្ត​ក្នុង​ការ​ជួយ​កម្ពុជា​ឱ្យ​មាន​ឯករាជ្យ​ភាព​លើ​ការ​ប្រើប្រាស់​ជម្រើស​របស់​ខ្លួន​ នាយិកា​ទីភ្នាក់់ងារ​ USAID ​អ្នកស្រី ​Samantha Power​ ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​ជាង ​៥០ ​លាន​ដុល្លារ​ ដែល​បាន​មក​ពី​គ្រប់​វិស័យ​ក្នុង​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ជូន​ដល់​ប្រទេស​កម្ពុជា។​

អ្នកស្រី​បាន​ផ្តល់​ការ​កត់​សម្គាល់​ពី​ការ​រីកចម្រើន​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​ ២​ ទសវត្សរ៍​កន្លង​មក​នេះ​ ដែល​ប្រជាជន​កម្ពុជា​បាន​សម្រេច​បាន​នូវ​ការ​រីក​ចម្រើន​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ ដើម្បី​ពង្រឹង​សុខ​ភាព​ ការ​អប់រំ ​និង​កំណើន​សេដ្ឋកិច្ច។ ​អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា ​ជាង​ ៣០ ​ឆ្នាំ​មក​នេះ​ រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់​ប្រាក់​ជាង​ ៣​ពាន់​លាន​ដុល្លារ​សម្រាប់​ជា​ជំនួយ​នៅ​កម្ពុជា៕​

រាយការណ៍​បន្ថែម​ដោយ​លោក​ អឹប ខេណែត។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG