ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា៖ «​ការ​បោះឆ្នោត​នេះ​មិន​ទាន់​ចប់​ទេ»


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃព្រហស្បតិ៍ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃព្រហស្បតិ៍ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ នឹង​ចាប់ផ្តើម​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ដើម្បី​តវ៉ា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅ​សប្តាហ៍​ក្រោយ​នេះ បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​នៅ​សហរដ្ឋ​អាមេរិក បាន​ព្យាករណ៍​ថា លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ឈ្នះ​ការ​បោះឆ្នោត​នេះ។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ លោក​ប្រធានាធិបតី Trump បាន​ថ្លែង​ថា៖ «ការ​បោះឆ្នោត​នេះ មិន​ទាប់​ចប់​ទេ។ យើង​ដឹង​ពី​មូលហេតុ​ដែល Joe Biden ប្រញាប់ប្រញាល់​ចង់​ក្លាយ​ជា​អ្នកឈ្នះ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលជា​សម្ព័ន្ធមិត្ត​របស់​លោក កំពុង​ព្យាយាម​ជួយ​លោក។ ពួកគេ​មិន​ចង់​ឲ្យ​ការពិតត្រូវ​បាន​លាត​ត្រដាង​នោះទេ»។

លោក​ Trump បាន​ថ្លែង​បន្ថែម​ថា៖ «ការពិត​ដ៏​សាមញ្ញ​គឺថា ការ​បោះឆ្នោត​នេះ​មិន​ទាន់​ចប់​ទេ»។

លោក​ប្រធានាធិបតី Donald Trump បាន​អះអាង​ជាបន្តបន្ទាប់​ដោយ​គ្មាន​ភស្តុតាង​ថា មាន​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត។

កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ លោក Biden ​ត្រូវបាន​ព្យាករណ៍​ថា​ឈ្នះ​នៅ​ក្នុងរដ្ឋ Pennsylvania និង​រដ្ឋ Nevada ដោយ​ទទួល​បានអង្គ​បោះឆ្នោត​ចំនួន ២៦ បន្ថែម​ទៀត ដែល​បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​អង្គ​បោះឆ្នោត​សរុប​ចំនួន ២៧៩ មក​ទល់​ពេល​នេះ ដែល​លើស​សំឡេង​អង្គបោះឆ្នោត​ចាំបាច់ចំនួន ២៧០ ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​រួច​ទៅ​ហើយ។

ការ​រាប់​សន្លឹក​ឆ្នោត​កំពុង​តែ​ធ្វើ​បន្ត​ទៀត នៅក្នុង​រដ្ឋ​សេសសល់​មួយ​ចំនួន​ ដូចជា ​រដ្ឋ Georgia រដ្ឋ Alaska រដ្ឋ​ Arizona និង​រដ្ឋ North Carolina។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​លោក​ប្រធានាធិបតី​ Trump មាន​បំណង​ធ្វើ​កិច្ចការ​អ្វី​ ក្រោយ​ពី​អាណត្តិ​របស់​លោក​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃទី ២០ ខែមករា​ ឆ្នាំ​២០២១ ​ខាង​មុខ​នេះ​ បើសិន​ជា​លោក Biden ពិត​ជា​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ថា ​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២០ នេះ​ប្រាកដ​មែន។ ​

លោក Mick Mulvaney អតីត​នាយក​ខុទ្ទកាល័យ​របស់​លោក Trump បាន​ថ្លែង​នៅក្នុង​បទសម្ភាសន៍មួយ​តាម​អ៊ីនធឺណិត​ជាមួយ​វិទ្យាស្ថាន​កិច្ចការ​អឺរ៉ុប​និង​អន្តរជាតិ (Institute of International and European Affairs) ថា៖ «ខ្ញុំ​រំពឹងថា​ លោក​ប្រធានាធិបតី​នឹង​នៅ​តែ​ប្រឡូក​ក្នុង​នយោបាយ។ ហើយ​ខ្ញុំ​គិតថា លោក​នឹង​ឈរ​ឈ្មោះ​ម្តង​ទៀត នៅ​ឆ្នាំ ២០២៤។ លោក​មិន​ចូលចិត្ត​ភាព​បរាជ័យ​នោះ​ទេ»។

លោក Trump បន្ត​បញ្ចេញ​មតិ​របស់​លោក​នៅ​លើ​បណ្តាញ​សង្គម Twitter ទៅ​កាន់​សារព័ត៌មាន Fox News និង​ក្រុម​អ្នក​គាំទ្រ​ដ៏​ស្មោះត្រង់​របស់​លោក ដែល​អាច​មិន​ទទួល​យក​ភាពបរាជ័យ​របស់​លោក​បាន។ លោក Trump បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​អះអាង​ថា វា​មិន​អាច​ទៅ​រួច​ទេ ដែល​លោក​អាច​ចាញ់​ការ​បោះឆ្នោត​ ដែល​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់​នោះ ហើយ​លោក​ថែម​ទាំង​បាន​ប្រកាស​ថា​ លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​ មុន​លទ្ធផល​ត្រូវបាន​ប្រកាស​ទៅ​ទៀត៕

XS
SM
MD
LG