វ៉ាស៊ីនតោនៈ ក្មេងស្រីនៅសហរដ្ឋអាមេរិក ទទួលបានការអប់រំច្រើន មានទំនាក់ទំនងនិងមានសិទ្ធិអំណាចខាងសង្គមច្រើន ប៉ុន្តែក្មេងស្រីជាច្រើន នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍វិញ កំពុងតស៊ូ ដើម្បីស្វែងរកឱកាសទៅសិក្សា ទទួលការព្យាបាលជម្ងឺពីវេជ្ជបណ្ឌិត ឬចូលរួមក្នុងសកម្មភាពក្នុងសហគមន៍។ Faiza Elmasry ប្រាប់អំពីយុទ្ធនាការមួយ ដើម្បីជួយឲ្យមានការផ្លាស់ប្តូរ គឺ យុទ្ធនាការ «ដើម្បីក្មេងស្រី ធ្វើឡើងដោយក្មេងស្រី»។ យុទ្ធនាការនេះគេឲ្យឈ្មោះថា ក្មេងស្រីក្រោកឈរឡើង ឬ Girl Up។
កញ្ញា Betsy Cribb ជាក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីជាង៣០០នាក់ ដែលបានធ្វើដំណើរមកកាន់ទីក្រុងញ៉ីវយ៉ក ដើម្បីចាប់ផ្តើមយុទ្ធនាការ Girl Up។
“នេះជាយុទ្ធនាការ «ដើម្បីក្មេងស្រី ធ្វើឡើងដោយក្មេងស្រី»។ យុទ្ធនាការនេះ ប្រើប្រាស់ប្រភពធនធាន និងឋាមពលរបស់ក្មេងស្រីអាមេរិកាំង ដើម្បីលើកកម្ពស់ការយល់ដឹងសម្រាប់ក្មេងស្រីនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងផ្តល់សម្លេងដល់ពួកគេ យ៉ាងពិតប្រាកដ។ ដោយសារតែ ពួកគេគ្មានឱកាសនិយាយដើម្បីខ្លួនឯងឡើយ”។
យុទ្ធនាការនេះបានទទួលការឧបត្ថម្ភ ពីមូលនិធិអង្គការសហប្រជាជាតិ (United Nation Foundation) ដែលជាអង្គការសប្បុរសធម៌មួយគាំទ្រដល់បុព្វហេតុរបស់អង្គការសហប្រជាជាតិ។ លោកស្រី Elizabeth Gore អ្នកនាំពាក្យរបស់អង្គការនេះ និយាយថា យុទ្ធនាការGirl Up ចាប់ផ្តើមចេញដំណើរប្រកបដោយភាពគួរឲ្យរំភើបរីករាយ។
“ខ្ញុំអាចពិពណ៌នាយុទ្ធនាការនេះថា ជាដំណើរឆ្ពោះទៅកាន់កន្លែងមួយពោរពេញទៅដោយ ក្មេងស្រីៗដែលមានទឹកចិត្តក្លៀវក្លាយ៉ាងច្រើន ដែលចេញមកពីគ្រួសារគ្រប់ឋានៈ និងគ្រប់ជាតិពន្ធុទាំងអស់ មកធ្វើការរួមគ្នា និងយល់ដឹងឲ្យបានច្បាស់លាស់ អំពីក្មេងស្រីនៅទូទាំងសកលលោក ដោយរាប់ចាប់តាំងប្រទេសម៉ាឡាវី រហូតដល់ប្រទេសអេត្យូពី ហ្គោតេម៉ាឡា និងលីប៊េរី ។ ពួកគេមិនគ្រាន់តែចង់ស្វែងយល់ឲ្យបានច្បាស់ពីស្ថិតិនានា ដែលមានដូចជា រឿងអកុសល របស់ក្មេងស្រីម្នាក់ក្នុងចំណោមបួននាក់ដែលជួបប្រទះនូវអំពើហិង្សា មុនពេលពួកគេមានអាយុ១៨ឆ្នាំ ឬរឿងរ៉ាវអំពីកុមារីម្នាក់ក្នុងចំណោម៧នាក់ ត្រូវរៀបការមុនអាយុ១៥ឆ្នាំ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ហើយនាំឱ្យពួកគេត្រូវចុះចាញ់ដោយសាររឿងទាំងនោះឡើយ។ ប៉ុន្តែ ពួកគេពិតជាចង់ដឹងរឿងរ៉ាវពីក្មេងស្រីទាំងអស់នេះណាស់។ ពួកគេចង់ស្វែងយល់ថាតើពួកគេមានស្ថានភាពដូចអ្នកទាំងនោះដែរឬទេ? តើអ្នកទាំងនោះចូលចិត្តក្មេងប្រុសៗដែរឬទេ? តើពួកគេបានចូលរៀនដែរឬទេ?”
ដោយពេលឥឡូវនេះបានត្រឡប់មកផ្ទះវិញហើយ ក្មេងស្រីដែលបានចូលរួមនៅក្នុងពេលបើកយុទ្ធនាការនោះ កំពុងផ្សព្វផ្សាយពាក្យពេចន៍អំពីយុទ្ធនាការនេះ។ កញ្ញាBetsy Cribb សិស្សថ្នាក់ទី១២នៅក្នុងសាលាសម្រាប់ក្មេងស្រី នៅCharleston ក្នុងរដ្ឋSouth Carolina កំពុងសរសេរនៅក្នុងគេហទំព័រផ្ទាល់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត ហើយធ្វើបទបង្ហាញផ្សេងៗ។
“អ្វីដែលខ្ញុំមានគម្រោងធ្វើ គឺត្រូវពាំនាំយកយុទ្ធនាការ Girl Up ទៅកាន់ថ្នាក់រៀន នៅទូទាំងតំបន់ Charleston ហើយលើកកម្ពស់ការយល់ដឹង និងរៃអង្គាសថវិការ។ តាមពិត ខ្ញុំនឹងនិយាយទៅកាន់ក្រុមយុវជននៅឯព្រះវិហាររបស់ខ្ញុំ អំពីយុទ្ធនាការ Girl Up នៅថ្ងៃអាទិត្យនេះ។ បន្ទាប់មក ខ្ញុំនឹងធ្វើដំណើរទៅកាន់អតីតសាលាអនុវិទ្យាល័យរបស់ខ្ញុំ ដើម្បីនិយាយទៅកាន់សិស្សនៅទីនោះ ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត”។
យុទ្ធនាការ Girl Up ក៏មានអ្នកតស៊ូមតិលំដាប់ពិភពលោកផងដែរ មានដូចជាព្រះអគ្គមហេសី រ៉ានៀ (Queen Rania) នៃប្រទេសហ្សកដង់ និងនាយិការប្រតិបត្តិរបស់ទូរទស្សន៍អឹមធីវី គឺលោកស្រី Judy McGrath និងអ្នកគាំទ្រជាតារាជាច្រើន ដោយរាប់បញ្ចូលទាំង អ្នកថតរូបបង្ហាញម៉ូដ Nigel Barker តារាសម្តែងវ័យក្មេង Victoria Justice, ហើយអ្នកចម្រៀងនិងអ្នកនិពន្ធបទចម្រៀង Crystal Bowersox ទៀតផង។
“យើងចង់លើកកម្ពស់ក្មេងៗស្រី និងផ្តល់ឱ្យពួកគេនូវធនធានដែលពួកគេត្រូវការ ដើម្បីរស់នៅយ៉ាងងាយស្រួល និងប្រកបដោយផលិតភាព”។
ក្នុងពេលកំពុងធ្វើដំណើរធ្វើយុទ្ធនាការនេះនៅទូទាំងប្រទេស នាងBowersox និយាយអំពីការផ្តល់ឱ្យក្មេងស្រីនៅប្រទេសកំពុងអភិវឌ្ឍន៍នូវការលើកម្រាមដៃប្រាំឡើង (High Five)។ នាងមិនកំពុងនិយាយអំពីការយកបាតដៃនិងបាតដៃទះគ្នាក្នុងពេលស្វាគមទេ។
“អ្វីដែលយើងកំពុងនិយាយនេះ គឺយើងត្រូវការពេលត្រឹមតែ៥នាទី ដើម្បីយល់ដឹងពីបញ្ហាទាំងឡាយ ដែលកំពុងប៉ះពាល់ដល់ក្មេងស្រីទាំងនោះ នៅក្នុងប្រទេសដែលយើងកំពុងផ្តោតការយកចិត្តទុកដាក់។ នៅពេលដែលអ្នកបានយល់ដឹងពីរឿងរ៉ាវទាំងនេះ និងអ្វីដែលក្មេងស្រីទាំងនេះឆ្លងកាត់ ជារៀងរាល់ថ្ងៃ អ្នកអាចចែករំលែកនូវអ្វីដែលអ្នកបានដឹង ជាមួយមិត្តភក្តិចំនួន៥នាក់។ នៅពេលដែលមិត្តភក្តិទាំង៥នាក់នេះ និយាយប្រាប់ទៅមិត្តភក្តិ៥នាក់ទៀត ពេលនោះ ចំនួនអាចកើនកាន់តែច្រើនឡើងៗ ហើយ ប្រសិនបើមនុស្សគ្រប់គ្នាដែលអ្នកបាននិយាយប្រាប់ បរិច្ចាគប្រាក់ចំនួន៥ដុល្លារ ប្រាក់នោះអាចផ្តល់ជាសម្ភារៈសិក្សា សម្រាប់ក្មេងស្រីជាង១០០នាក់ នៅក្នុងប្រទេសនានា មានដូចជាប្រទេសម៉ាឡាវី ជាដើម។ ប្រាក់នោះក៏អាចជួយផ្តល់ជាគ្រឿងសំណង់ ដើម្បីប្រែក្លាយគ្លីនិកថែរក្សាសុខភាពដែលមានតែមួយបន្ទប់ ទៅជាមណ្ឌលថែរក្សាសុខភាព ដែលអាចដំណើរការយ៉ាងពេញលេញតែម្តង។ ឬ ប្រាក់នោះអាចតម្លើងផ្ទាំងប៉ាណូអប់រំផ្សព្វផ្សាយ នៅប្រទេសម៉ាឡាវី ដែលនឹងអំពាវនាវសុំឲ្យបញ្ចប់ការចាប់កុមារតូចៗរៀបអាពាហ៍ពិពាហ៍”។
ខណៈដែលយុទ្ធនាការនេះធ្វើឡើងសំដៅផ្តល់ផលប្រយោជន៍ដល់ក្មេងស្រី នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ លោកស្រី Elizabeth Gore នៃមូលនិធិអង្គការសហប្រជាជាតិ មានប្រសាសន៍ថា យុទ្ធនាការនេះក៏អាចជួយក្មេងស្រីអាមេរិកាំងឲ្យស្វែងយល់ពីសក្តានុពលរបស់ពួកគេ និងក្លាយជាមេដឹកនាំទៀតផង។
“ខ្ញុំពិតជាជឿជាក់ថា អ្នកមិនចាំបាច់មានតំណែងជាប្រមុខរដ្ឋ ឬអ្នកការទូត ដើម្បីក្លាយខ្លួនជាមេដឹកនាំសកលលោកនោះឡើយ។ និយាយតាមត្រង់ទៅ អ្នកអាចក្លាយទៅជាមេដឹកនាំសកលលោក ក្នុងវ័យត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ។ យើងមានក្រុមប្រឹក្សាផ្តល់យោបល់មួយ ដែលមានក្មេងស្រីជំទង់ៗ ចំនួន១៨នាក់ មកពីទូទាំងប្រទេស។ ពួកគេពិតជាកំពុងប្រាប់យើង ថាតើត្រូវដំណើរការយុទ្ធនាការនេះយ៉ាងដូចម្តេច ហើយខ្ញុំជឿជាក់ថា ដោយសារតែមានពួកគេ យើងនឹងទទួលបានជោគជ័យជាក់ជាពុំខាន”។
លោកស្រីGore បានថ្លែងថា យុទ្ធនាការ Girl Up គឺជាឱកាសមួយ សម្រាប់ក្មេងស្រីអាមេរិកាំងទាំងឡាយ ក្នុងការបង្កើនការជួយសង្គ្រោះជីវិតមនុស្ស និងនាំឲ្យមានការផ្លាស់ប្តូរជាសកល។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហ័រទំព័រ www.girlup.org <http://www.girlup.org>៕