ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កូឡុំប៊ី​នឹង​ផ្តាច់​ចំណង​ការទូត​ជាមួយ​អ៊ីស្រាអែល


ប្រធានាធិបតីប្រទេសកូឡុំប៊ីលោក Gustavo Petro ថ្លែងនៅក្នុងក្បួន​ដង្ហែ​មួយ​នៅទីក្រុង Bogota ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។
ប្រធានាធិបតីប្រទេសកូឡុំប៊ីលោក Gustavo Petro ថ្លែងនៅក្នុងក្បួន​ដង្ហែ​មួយ​នៅទីក្រុង Bogota ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

ប្រធានាធិបតី​ប្រទេស​កូឡុំប៊ី​លោក Gustavo Petro ​បាននិយាយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​លោក​នឹងផ្តាច់​ទំនាក់​ទំនង​ការទូតជាមួយ​ប្រទេស​អ៊ីស្រាអែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជា​ការឆ្លើយតប​នឹង​សង្គ្រាមរវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ថ្លែង​នៅក្នុង​ការដើរ​ក្បួនមួយ​ក្នុង​រដ្ឋធានីបូហ្គោតា ​លោក Petro​ បាន​ពណ៌នា​ពួក​មេដឹកនាំអ៊ីស្រាអែល​ថា​ «ប្រល័យ​ពូជសាសន៍‍»។

អត្ថាធិប្បាយ​របស់​លោក​នាំ​ឱ្យ​មាន​ការ​ឆ្លើយ​តបឆាប់រហ័សពី​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក Israel Katz ដែល​ហៅ​សេចក្តីសម្រេចរបស់​លោក Petro ​ថា​ ជាកាដូ​មួយដល់​ក្រុមហាម៉ាស់។

នៅពេល​អ៊ីស្រាអែលប្រុង​ប្រៀប​ធ្វើប្រតិបត្តិការ​យោធា​មួយ​នៅ​ក្នុងក្រុង Rafah រដ្ឋមន្ត្រី​ការពារ​ជាតិសហរដ្ឋ​អាមេរិក​ លោក Lloyd Austin ​បាន​និយាយ​ទូរសព្ទ​កាលពី​ថ្ងៃពុធជាមួយរដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant។​

អ្នកនាំពាក្យម្នាក់​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិកបាន​និយាយថា​ លោក Austin បាន​«សង្កត់​ធ្ងន់​លើសេចក្តី​ត្រូវការ​សម្រាប់​កិច្ច​ប្រតិបត្តិការយោធា​អ៊ីស្រាអែល​នៅ​ Rafah ​ឱ្យមានរួម​ផែនការមួយ​គួរ​ជឿ​ទុកចិត្តបាន​ដើម្បី​ជម្លៀស​ក្រុម​ជនស៊ីវិល​ប៉ាឡេស្ទីននិងរក្សា​ឱ្យមាន​លំហូរ​ជំនួយ​មនុស្សធម៌‍​ផងដែរ»។

ការពិភាក្សា​គ្នា​នេះមាន​ឡើង​ក្រោយ​ទស្សនកិច្ចមួយ​ដោយរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ​នៅអ៊ីស្រាអែល​នៅពេល​មាន​ការប្រឹងប្រែង​ដោះស្រាយសេចក្តី​លម្អិតនៃ​កិច្ចព្រមព្រៀងឈប់បាញ់គ្នា​មួយ។

លោក Blinken បានជួប​ជា​មួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu​ និង​ពួកមន្ត្រី​អ៊ីស្រាអែល​ឯ​ទៀតៗ ព្រម​ទាំង​គ្រួសារ​នៃចំណាប់ខ្មាំង​ខ្លះដែលកំពុង​ជាប់​ឃុំឃាំង​ដោយ​ក្រុមហាម៉ាស់​ក្នុង​តំបន់ហ្កាហ្សា៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង​ AFP

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG