ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​យោធា​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់


រូបឯកសារ៖ នាវាយោធា USS McCampbell មកដល់មូលដ្ឋានទ័ពជើងទឹក នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៧។

នាវា​ចម្បាំង​របស់​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

ទីបញ្ជាការ​យោធា​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​នឹង​រូបថត​មួយ​សន្លឹក​បង្ហាញ​អំពី​នាវា​ពិឃាត USS McCampbell ដែល​អាច​បញ្ជា​មីស៊ីល​បាន ធ្វើ​ដំណើរ​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ចន្លោះ​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់។

ទីបញ្ជាការ​យោធា​ជើង​ទឹក​នេះ​បាន​បញ្ជាក់​ថា នាវា​ពិឃាត USS McCampbell នេះ ធ្វើ​ដំណើរ​កាត់​តាម​ច្រក​សមុទ្រ​នេះ​ជា «ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ជា​បន្ត​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​បញ្ជាក់​ថា នាវា​ពិឃាត​នេះ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​បេសកកម្ម​ជា​ប្រចាំ​របស់​ខ្លួន។ ប៉ុន្តែក្រសួង​នេះ​មិន​បាន​ផ្ដល់​ព័ត៌មាន​លំអិត​ណា​មួយ​បន្ថែម​នោះ​ទេ។

ភាព​តានតឹង​រវាង​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់​នៅតែ​ងំ​ជាប់​ជានិច្ច​ដែល​អាច​ផ្ទុះ​ឡើង​គ្រប់​ពេល​បាន​ទាំង​អស់។ ប្រទេស​ចិន​បាន​ចាត់ទុក​កោះ​តៃវ៉ាន់​ថា​ជា​ខេត្ត​បំបែក​ខ្លួន​មួយ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន។

ប្រទេស​ចិន​បាន​ធ្វើ​ការ​ហាត់​សម​តាម​ផ្លូវ​សមុទ្រ និង​ផ្លូវ​អាកាស​ជា​ច្រើន​លើក​ច្រើន​សារ នៅ​ជិត​កោះ​តៃវ៉ាន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ និង​បាន​ខឹង​សម្បារ​លើ​ការ​ហាត់​សម​របស់​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​នៅ​ជិត​កោះ​តៃវ៉ាន់ និង​ការ​គាំទ្រ​ដ៏​ខ្លាំង​ក្លា​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump ចំពោះ​រដ្ឋាភិបាល​តៃវ៉ាន់៕

XS
SM
MD
LG