ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ជា​ដៃ​គូ​ស.រ.អ.​និង​វៀតណាម​ជា​លទ្ធផល​កិច្ចការ​ជា​ច្រើន​កន្លង​មក​អំពី​កេរ​ដំណែល​សង្គ្រាម​ ហើយ​នៅ​មាន​ការងារ​ច្រើន​ទៀត


វាគ្មិន​កំពុង​ចែករំលែក​ក្នុង​កិច្ច​ពិភាក្សាវគ្គទីពីរ​នៃអង្គការ​Legacies of War នៅវិទ្យាស្ថានសន្តិភាព​សហរដ្ឋអាមេរិក។
វាគ្មិន​កំពុង​ចែករំលែក​ក្នុង​កិច្ច​ពិភាក្សាវគ្គទីពីរ​នៃអង្គការ​Legacies of War នៅវិទ្យាស្ថានសន្តិភាព​សហរដ្ឋអាមេរិក។

នៅ​ថ្ងៃ​ទីមួយ​នៃ​កិច្ច​ពិភាក្សា​រយៈពេល​ពី២​ថ្ងៃ​គឺ​ថ្ងៃ​ទី១៣-១៤​ខែ​កញ្ញា​អំពី​«កេរ​ដំណែល​សង្គ្រាម​ និង​សន្តិភាព​នៅ​វៀតណាម ​ឡាវ និង​កម្ពុជា» ​វាគ្មឹន​និង​អ្នក​ចូល​រួម​លើក​ឡើង​ថា​ ការ​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ និង ​ប្រទេស​វៀតណាម​ទៅ​ដល់​កម្រិត​«ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ‍» ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​ប្រឹង​ប្រែង​ផ្សះ​ផ្សា​ជាច្រើន​ឆ្នាំ​កន្លង​មក​រវាង​ពលរដ្ឋ ​និង​ពលរដ្ឋ​ ព្រម​ទាំង​កិច្ចការ​របស់​អង្គការ​ និង​ទីភ្នាក់ងារ​របស់​ស.រ.អ.​ដូច​ជា​វិទ្យាស្ថាន​សន្តិភាព​ និង​ទីភ្នាក់ងារ​ស.រ.អ.​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ ​ព្រម​ទាំង​អង្គការ​និង​ទីភ្នាក់​ជាច្រើន​ទៀត។​

ជំនួយ​ការ​ពិសេស​របស់​លោក​ប្រធានាធិបតី ​Joe Biden ​និង​ជា​នាយិកា​ជាន់ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សម្រាប់​តំបន់​អាស៊ី​បូព៌ា​ និង​អូសេអានី​ (Senior Director for East Asia and Oceania, National Security Council) ​ អ្នកស្រី​ Mira Rapp-Hooper ​ប្រាប់​សិក្ខា​សាលា​ថា ​ជំនួប​រវាង​លោក​ប្រធានាធិបតី​ Joe Biden​ ជា​មួយ​មេ​ដឹកនាំ​កំពូល​ទាំង​៤​រូប​របស់​វៀតណាម​បញ្ជាក់​ពី​លទ្ធផល​នៃ​ទស្សន​កិច្ច​របស់​លោក​ កាលពី​ថ្ងៃ​អាទិត្យ​ទី១០​ខែ​កញ្ញា​កន្លង​ទៅ។​

“ដូច្នេះ ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​យើង​ជាមួយ​វៀតណាម​ ដែល​លោក​ប្រធានាធិបតី​ Joe Biden​ និង​លោក ​Nguyễn Phú Trung ​ អគ្គ​លេខា​បក្ស​កុម្មុយនិស្ត​វៀតណាម​ បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ ​គឺ​ជា​លទ្ធផល​នៃ​ការងារ​ផ្សះផ្សា​អស់​ពេល​រាប់​សិប​ឆ្នាំ»។​

លោក​ស្រី​បន្ថែម​ប្រាប់​អ្នកចូលរួម​ប្រមាណ​ជាង​១០០​នាក់​ថា ​ទៅ​ថ្ងៃ​អានាគត​ដើម្បី​ពង្រឹង​ភាព​ជា​ដៃ​គូ​នេះ​ ចាំបាច់​ត្រូវ​មាន​ការ​វិនិយោគទុន​ខាង​បច្ចេកវិជ្ជា​នៅ​ប្រទេស​វៀតណាម​ ជាពិសេស​ការ​ផលិត​បន្ទះ​អេឡិចត្រូនិក​ និង​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​អាមេរិក​នៅ​ប្រទេស​វៀតណាម​បន្ថែម​លើ​កិច្ច​ប្រឹង​ប្រែង​ផ្សះផ្សា​កេរ​ដំណែល​សង្គ្រាម​កន្លង​មក។

«ហើយ​ជាពិសេស​ការ​វិនិយោគ​លើ​ការ​ប្រព័ន្ធ​អេកូផលិត​បន្ទះ​អេឡិចត្រូនិក​ semi-conductor នៅ​ប្រទេស​វៀតណាម​ តាមរយៈ​បំណង​ប្រាថ្នា​ដ៏មុតមាំ​របស់​សហ​រដ្ឋ​អាមេរិក​ចង់​ឃើញ​វៀតណាម​ជា​ដៃគូ​បច្ចេក​វិទ្យា​ឈាន​មុខ​គេ​ក្នុង​តំបន់​ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ និង​បង្កើន​តួនាទី​ជា​អ្នក​ឈាន​មុខ​ពិភព​លោក»។​

លោកស្រី​បន្ថែមថា ដើម្បី​សម្រេច​គោលដៅ​នេះ​ ស.រ.អ. ​ត្រូវ​ជួយ​វៀតណាម​កសាង​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះជាពិសេស​គឺ៖
«គំនិត​ផ្តួចផ្តើម​ជួយ​វៀតណាម​កសាង​កម្លាំង​ពលកម្ម​ដើម្បី​ទទួល​បាន​សក្តានុពល​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​សម្រាប់​ការ​វិនិយោគ​នេះ​ ដោយ​អប់រំ​ប្រជាជន​វ័យ​ក្មេង ​និង​សកម្ម ​ហើយ​នឹង​ជួយ​ក្នុង​កំណើន​សេដ្ឋកិច្ច»។​

លោកស្រី​ Hoang Thi Thanh Nga ​អនុប្រធាន​បេសក​កម្ម​នៃ​ស្ថានទូត​វៀតណាម​ប្រចាំ​ស.រ.អ.​ប្រាប់​កិច្ច​ពិភាក្សា​នេះ​ថា ​ការ​ផ្សះផ្សា​កេរ​ដំណែល​សង្គ្រាម​តាម​រយៈ​ជំនួយ​របស់​ស.រ.អ.​បោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​ការ​ជួយ​ជន​ពិការ​នៃ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​សង្គ្រាម​ ការ​រក​ឃើញ​ និង​ប្រគល់​អដ្ឋិធាតុ​យោធា​អាមេរិកាំង​គឺ​មាន​សារៈសំខាន់។​

អ្នកស្រី​ថ្លែង​ថា៖​ «យើង​ជឿ​ជាក់​ថា ​ការ​ដោះស្រាយ​កេរ​ដំណែល​សង្រ្គាម​ គឺ​ជា​គន្លឹះ​មួយ​ចំពោះ​ដំណើរ​ការ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​រវាង​វៀតណាម ​និង​សហ​រដ្ឋ​អាមេរិក​ ហើយ​ក៏​ជា​គន្លឹះ​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង​ដែរ»។​

អ្នកស្រី​ឱ្យ​ដឹង​ថា ​ទំនាក់​ទំនង​ជិត​ស្និទ​រវាង​អតីត​សត្រូវ​ក្នុង​សង្គ្រាម​នេះ​ផ្តើម​ចេញ​ពី​ទំនាក់​ទំនង​បុគ្គល​និង​បុគ្គល​ជាង​៣​ទសវត្សរ៍​ ជាពិសេស​អតីត​ទាហាន​ក្នុង​សង្គ្រាម​វៀតណាម​វិល​ត្រឡប់​ទៅ​ទស្សនា​កន្លែង​អនុស្សាវរីយ៍​ជូរចត់​របស់​ពួក​គេ។​

អ្នក​ស្រី​ពន្យល់​ថា៖​ «កិច្ច​សហ​ប្រតិបត្តិការ​ជិត​ស្និទ្ធ​រវាង​វៀតណាម ​និង​សហ​រដ្ឋ​អាមេរិក​ រវាង​រដ្ឋាភិបាល ​និង​រដ្ឋាភិបាល​ និង​ប្រជាជន ​និង​ប្រជាជន​ក្នុង​ផ្នែក​នេះ ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ទំនុក​ចិត្ត ​និង​ការ​យោគ​យល់​គ្នា​ ធ្វើ​ឱ្យ​អតីត​សត្រូវ​ក្លាយ​មិត្ត ​និងជា​ដៃគូនា​ពេល​បច្ចុប្បន្ន​នេះ»។​

លោក​ Bouthanongsack Chanthalath​ អនុប្រធាន​បេសក​កម្ម​នៃ​ស្ថានទូត​ឡាវ​ប្រចាំ​ស.រ.អ.​ប្រាប់​អ្នក​ចូល​រួម​ដោយ​សង្កត់​ធ្ងន់​ថា ​អ្វី​ដែល​ស.រ.អ.​ហៅ​ថា ​សង្គ្រាម​វៀតណាម​នេះ​តាម​ពិត​ជា​សង្គ្រាម​ស.រ.អ.​នៅ​ឥណ្ឌូចិន​ទាំងមូល​ ព្រោះ​សង្គ្រាម​នេះ​បាន​ហៀរ​ចូល​ដល់​ប្រទេស​ឡាវ ​និង​ប្រទេស​កម្ពុជា។​

«អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា ​សង្រ្គាម​វៀតណាម ​ឬ​សង្រ្គាម​សម្ងាត់​នៅ​ប្រទេស​ឡាវ​នោះ យើង​ជា​ប្រជាជន​ឡាវ​ រង​ឥទ្ធិពល​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​រយៈ​ពេល​ប្រាំបួន​ឆ្នាំ​ជាប់​គ្នា។​ចាប់ពី​ឆ្នាំ​១៩៦៤​ដល់​ឆ្នាំ​១៩៧៣​ ​គ្រាប់​បែក​ជាង​ ២​ លាន​តោន​ត្រូវ​បាន​ទម្លាក់»។​

ទោះជា​យ៉ាង​ណា​ លោក​អរគុណ​ស.រ.អ. ​និង​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ជួយ​បោស​សម្អាត​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បង្កគ្រោះថ្នាក់​នៅ​ប្រទេស​របស់​លោក​រហូត​ដល់​សព្វ​ថ្ងៃ។​

លោក​សុំ​ឱ្យ​ផល​ប្រយោជន៍​នៃ​កិច្ច​ព្រមព្រៀង​ភាព​ជាដៃគូ​រវាង​ស.រ.អ.​ និង​វៀតណាម​ហៀរ​ទៅ​ដល់​ប្រទេស​របស់​លោក​ដែរ​ ដូច​កាល​ដែល​សង្គ្រាម​វៀតណាម​ហៀរ​ដល់​ប្រទេស​របស់​លោក។

លោក​បង្ហាញ​ភាព​រីករាយ​ដែល​គណៈ​កម្មាធិការ​វិភាជ​ថវិកាសភា​ស.រ.អ.​តាំង​ចិត្ត​ផ្តល់​ប្រាក់​៨០​លាន​ដុល្លារ​សម្រាប់​បោះ​សម្អាត​យុទ្ធភណ្ឌ​ សំណល់​ពី​សង្គ្រាម​នៅ​វៀតណាម ​ឡាវ​ និង​កម្ពុជា។​

«ដូច្នេះ​យើង​សង្ឃឹម​ថា​នឹង​ឃើញ​ការ​ប្ដេជ្ញា​ចិត្ត​នេះរួម​ចំណែក​ដល់​កិច្ច​ប្រឹង​ប្រែង​បោស​សម្អាត​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ប្រទេស​របស់​យើង»។​

ពេល​ចប់​កិច្ច​ពិភាក្សា​កាលពី​ថ្ងៃ​ពុធ ​អ្នកស្រី ​Ann Marie Yasticshock ​អតីត​នាយិកា​បេសក​កម្ម​របស់​ទីភ្នាក់ងារ​ស.រ.អ.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ប្រចាំ​ប្រទេស​វៀតណាម​ និង​ជា​វាគ្មឹន​កាលពី​ថ្ងៃពុធ​បាន​ប្រាប់​វីអូអេ​ថា ​ទីភ្នាក់ងារ​ស.រ.អ.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ​(USAID) ​នៅ​ប្រទេស​វៀតណាម​កន្លង​មក​រួម​ចំណែក​ដល់​ភាព​ជា​ដៃ​គូ​រវាង​ស.រ.អ.​និង​វៀតណាម​ដែលលោក​ប្រធានាធិបតី​ Joe Biden​ ​និង​មេ​ដឹកនាំ​វៀតណាម​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ។ ​លោកស្រី​ថា ​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​អំពី​ជំនួយ​តាម​រយៈ​ទីភ្នាក់ងារ​ស.រ.អ.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​អាច​និយាយ​បាន​ថា​ជា​ការ​ទទួល​ស្គាល់​ស្នាដៃ​របស់​ទីភ្នាក់ងារ​នេះ​កន្លង​មក។​

«ចា៎ ​យើង​ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ​ហើយ​លោក​ប្រធានាធិបតី​បាន​ប្រកាស​ផ្តល់​ជំនួយ ​១០០​ លាន​ដុល្លារ​តាម​រយៈ​ទីភ្នាក់ងារ​ស.រ.អ.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​នៅ​ពេល​លោក​នៅ​ទីនោះ»។​

អ្នកស្រី Sera Koulabdara នៃអង្គការ Legacies of War
អ្នកស្រី Sera Koulabdara នៃអង្គការ Legacies of War

អ្នកស្រី ​Sera Koulabdara ​អ្នក​ចូលរួម​ពី​អង្គការ​កេរ​ដំណែល​សង្គ្រាម​ ប្រចាំ​នៅ​ស.រ.អ.​ចង់​ឱ្យ​ផ្តោត​អាទិភាព​លើ​ការ​បោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម ​ព្រោះ​ប្អូន​ជីដូន​មួយ​របស់​អ្នកស្រី​ស្លាប់​ដោយសារ​មីន ​ហើយ​មិត្ត​ភក្តិ​ម្នាក់​ត្រូវ​កាត់​ជើង​ដោយ​ឪពុក​របស់​នាង​ដើម្បី​រក្សា​ជីវិត។​

«ចា៎ បទ​ពិសោធ​មើល​ឪពុក​ខ្ញុំ ​អ្នក​ដឹង​ទេ​ថា​ គ្រួសារ​ខ្ញុំ​ត្រូវ​លះ​បង់​អំឡុង​ពេល​សង្គ្រាម។ ​សហ​រដ្ឋ​អាមេរិក​មិន​បាន​ប្រកាស​សង្គ្រាម​នៅ​ឡាវ​ជា​ផ្លូវ​ការ​ទេ ​ប៉ុន្តែ​វា​ប៉ះពាល់​ដល់​គ្រួសារ​ខ្ញុំ​ និង​ខ្លួន​ខ្ញុំ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​ដែល​ជា​មូលហេតុ​ដែល​ខ្ញុំ​មក​ទី​នេះ»៕

XS
SM
MD
LG