ដោយថ្លែងពេលចាប់ផ្តើមកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកប្តេជ្ញាចិត្តចំពោះតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី Harris ថ្លែងថា៖ «សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តយូរអង្វែងចំពោះតំបន់អាស៊ីអាគ្នេយ៍និងទូលំទូលាយជាងនេះទៀត ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
លោកស្រី Harris និយាយថា សហរដ្ឋអាមេរិកនឹងបន្តជំរុញមេដឹកនាំយោធាមីយ៉ាន់ម៉ាឱ្យបញ្ឈប់«អំពើហិង្សាដ៏គួរឱ្យរន្ធត់» ដែលបានផ្ទុះឡើងតាំងពីរដ្ឋប្រហារយោធានៅឆ្នាំ២០២១។ លោកស្រីថា អាមេរិកនឹងបន្តដាក់សម្ពាធលើមីយ៉ាន់ម៉ាដែលហែកហួរដោយសារជម្លោះ ឱ្យលើកកម្ពស់មាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
មន្ត្រីសេតវិមានបាននិយាយមុននេះថា លោកស្រី Harris នឹង «គូសបញ្ជាក់ពីផលប្រយោជន៍រួមរបស់សហរដ្ឋអាមេរិកនិងអាស៊ានក្នុងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ រួមទាំងនៅក្នុងសមុទ្រចិនខាងត្បូងផង ក្នុងពេលមានការទាមទារដែនសមុទ្រដោយខុសច្បាប់និងសកម្មភាពបង្កហេតុរបស់ចិន»។
លោកស្រី Harris ក៏បានប្រកាសអំពីការបង្កើតមជ្ឈមណ្ឌលសហរដ្ឋអាមេរិក-អាស៊ានថ្មីមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ៕