ទីក្រុងហូជីមិញ ប្រទេសវៀតណាម — តាមលំដាប់ថ្នាក់ទំនាក់ទំនងការទូតរបស់វៀតណាម «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាទំនាក់ទំនងការទូតកម្រិតខ្ពស់ជាងគេទី២ បន្ទាប់ពីចំណាត់ថ្នាក់ខ្ពស់បំផុត ដែលនោះគឺ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
សេតវិមានបានបញ្ជាក់កាលពីថ្ងៃចន្ទ ទី ២៨ ខែសីហា ថា លោកប្រធានធិបតី Joe Biden នឹងធ្វើដំណើរទៅរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាមនៅថ្ងៃទី ១០ ខែកញ្ញា ដើម្បីជួបជាមួយលោក Nguyen Phu Trong អគ្គលេខាធិការគណបក្សកុម្មុយនីស្ត ដែលជាមេដឹកនាំកំពូលរបស់ប្រទេសនេះ ក៏ដូចជាជួបជាមួយថ្នាក់ដឹកនាំវៀតណាមដទៃទៀត ដើម្បីស្វែងរកមធ្យោបាយពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
ខណៈដែលអ្នកជំនាញថា វាស្ទើរតែប្រាកដថានឹងមានការបង្កើនកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរប្រសិនបើលោក Biden នឹងទៅវៀតណាមដូចការគ្រោងទុកមែននោះ ក៏ពួកគេថា សម្រាប់ថ្នាក់ដឹកនាំវៀតណាម ការណ៍នេះជាការពង្រីកទំនាក់ទំនងទូលំទូលាយជាងមុនជាទូទៅតែប៉ុណ្ណោះ ដើម្បីទប់ទល់នឹងភាពគឃ្លើនកាន់តែខ្លាំងរបស់ចិននៅក្នុងតំបន់។
លោក Gregory Poling នាយកនៃកម្មវិធីគំនិតផ្តួចផ្តើមតម្លាភាពលំហសមុទ្រអាស៊ីនៅស្ថាប័នវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ CSIS (Center for Strategic and International Studies) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្លែងថា៖ «នេះមិនមែនវៀតណាមងាកទៅរណបអាមេរិកទេ។ នេះជាការណ៍ដែលវៀតណាមរក្សាគន្លងដើរឯករាជ្យរបស់ខ្លួន រក្សាគម្លាតរបស់ខ្លួនពីចិន»។
លោកបន្ថែមថា៖ «[អាមេរិកនិងវៀតណាម] មានបញ្ហាជាច្រើនដែលអាចធ្វើសហប្រតិបត្តិការជាមួយគ្នាបានជាក់ស្តែង និងជាផលប្រយោជន៍រួម ប៉ុន្តែវៀតណាមនឹងមិនងាកមកចូលខាងក្រុមយើងទេ»។
បណ្តាញនៃភាពជាដៃគូ
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ វៀតណាមមមាញឹកខាងការទូត ដោយស្វះស្វែងបង្កើនទំនាក់ទំនងជាមួយប្រទេសជាច្រើននៅក្នុងតំបន់។
កាលពីខែធ្នូ វៀតណាមបានលើកកម្ពស់ទំនាក់ទំនងការទូតរបស់ខ្លួនជាមួយកូរ៉េខាងត្បូងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតតាមលំដាប់ថ្នាក់ទំនាក់ទំនងការទូតរបស់វៀតណាម។ វៀតណាមក៏មានទំនាក់ទំនងការទូតកម្រិតខ្ពស់បំផុតនេះជាមួយចិន រុស្ស៊ី និងឥណ្ឌាដែរ។
ប្រទេសវៀតណាមក៏ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអូស្ត្រាលីនៅក្នុងឆ្នាំនេះ ដែលត្រូវបានប្រកាសក្រោយពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជាមួយសមភាគីលោក គឺរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong នៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី ២២ ខែសីហា។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ក៏បានធ្វើទស្សនកិច្ចនៅវៀតណាមដែរកាលពីថ្ងៃទី ២៧ ខែសីហា។ នៅទីនោះលោកបានជួបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ហើយអ្នកទាំងពីរបានពិភាក្សាអំពីការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក Alexander Vuving សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការសិក្សាអំពីសន្តិសុខនៅទីក្រុង Honolulu កោះហាវ៉ៃ និយាយថា កិច្ចប្រឹងប្រែងព្រមៗគ្នានេះរបស់រដ្ឋាភិបាលក្រុងហាណូយ គឺក្នុងបំណងបង្កើតជារបាំងទប់ទល់នឹងរដ្ឋាភិបាលក្រុងប៉េកាំង។
លោក Vuving ថ្លែងថា វៀតណាម«ត្រូវតែលើកតម្កើងកម្រិតទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសទាំងនេះ ដែលអាចជួយវៀតណាមក្នុងគ្រាមានអាសន្ន និងសូម្បីតែជួយបង្កើតភាពរឹងប៉ឹងរបស់វៀតណាមទប់ទល់នឹងការទន្ទ្រានរបស់ចិន»។ លោកបន្ថែមថា៖ «បើអ្នកពិនិត្យមើលបណ្តាញនៃភាពជាដៃគូជាមួយប្រទេសមានអំណាចក្នុងតំបន់ទាំងនេះ អ្នកអាចមានអារម្មណ៍សុវត្ថិភាពជាងមុន។ នេះជាយុទ្ធសាស្ត្រជារួមរបស់វៀតណាម គឺភូមិសាស្ត្រនយោបាយមិនរើសមុខ»។
ការគំរាមកំហែងចំពោះអធិបតេយ្យភាពទឹកដីវៀតណាម ជាញឹកញាប់ស្តែងឡើងនៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថា សមុទ្រខាងកើត។ តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមលាតសន្ធឹងដល់ចម្ងាយ ២០០ម៉ៃល៍សមុទ្រពីឆ្នេរសមុទ្រវៀតណាម។ ប្រទេសចិនទាមទារដែនសមុទ្រស្ទើរតែទាំងអស់ដែលស្ថិតនៅក្នុងរង្វង់ខែ្សបន្ទាត់៩ចំណុច ឬ nine-dash line ដែលជាផែនទីមានវិវាទមួយ ប្រើប្រាស់ដោយចិនដើម្បីកំណត់ដែនទាមទាររបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង។
លោក Vuving ថ្លែងថា ចិន«មាននាវាឆ្នាំសមុទ្រនិងកងនាវាជីវពល ដែលមករករឿងនិងរំខានដល់ការស្រាវជ្រាវរុករកប្រេងកាតរបស់វៀតណាមជារៀងរាល់ថ្ងៃ។ ពួកគេកំពុងរុញអ្នកនេសាទវៀតណាមចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេផ្ទាល់»។
លោក Ray Powell ដែលដឹកនាំកម្មវិធី Myoushu អំពីសមុទ្រចិនខាងត្បូងនៅសាកលវិទ្យាល័យ Standford នៅសហរដ្ឋអាមេរិក និយាយថា ការធ្វើទុក្ខបុកម្នេញឥតឈប់ឈររបស់ចិនចំពោះប្រតិបត្តិការរបស់វៀតណាមនៅសមុទ្រនេះ ជាមូលហេតុចម្បងដែលវៀតណាមបង្កើនទំនាក់ទំនងការទូតរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនិងដៃគូដទៃទៀត។
លោក Powell ថ្លែងថា៖ «ការដាក់សម្ពាធរបស់ចិនលើវៀតណាម ពីគ្រប់ទិសទី បានជំរុញឱ្យវៀតណាម ប្រាថ្នាចង់បន្តបង្កើនកម្រិតភាពជាដៃគូទាំងនេះ។ បើមើលឱ្យចំទៅ គឺ[សកម្មភាពរបស់វៀតណាម]នេះជាការធ្វើឱ្យមានតុល្យភាពអំណាចជាមួយចិន ច្រើនជាងដើម្បីចងសម្ព័ន្ធជាមួយអាមេរិក»។
សកម្មភាពប្រយ័ត្នប្រយែង
ឆ្នាំនេះគ្រប់រយៈពេល ១០ ឆ្នាំ ចាប់តំាងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងហាណូយ បានបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ ទោះបីអ្នកជំនាញថា លោកប្រធានាធិបតី Biden ចង់លើកផ្លោះទំនាក់ទំនងជាមួយវៀតណាមម្តងឱ្យបានពីរកម្រិត ក៏ថ្នាក់ដឹកនាំវៀតណាមត្រូវប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំឱ្យចិនខឹងសម្បា ខណៈដែលវៀតណាមព្យាយាមទប់ទល់នឹងអំណាចកាន់តែខ្លាំងរបស់ចិនក៏ដោយ។
វៀតណាមនិងសហរដ្ឋអាមេរិកបានធ្វើប្រក្រតីភាពទំនាក់ទំនងរបស់ពួកគេឡើងវិញ នៅឆ្នាំ ១៩៩៥ និងលើកតម្កើងទំនាក់ទំនងនេះដល់កម្រិតភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៅឆ្នាំ ២០១៣។ ភាពជាដៃគូនេះជាការចាត់ថ្នាក់ផ្លូវការខាងគោលនយោបាយការបរទេសរបស់វៀតណាម ដែលដាក់ទំនាក់ទំនងបច្ចុប្បន្នរបស់អាមេរិកក្នុងកម្រិតទី ៣ ក្នុងចំណោមប្រទេសជាដៃគូការទូតនានារបស់វៀតណាម។
លោក Nguyen Khac Giang អ្នកស្រាវជ្រាវគោចរនៅវិទ្យាស្ថាន ISEAS-Yusof Ishak Institute ក្នុងប្រទេសសិង្ហបុរី ថ្លែងថា ការបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រទំនងជាលទ្ធផលដែលនឹងកើតចេញពីទស្សនកិច្ចរបស់លោក Biden ខណៈរដ្ឋាភិបាលក្រុងហាណូយ ត្រូវដើរដោយប្រយ័ត្នប្រយែងដើម្បីរក្សាសន្តិភាពជាមួយចិន។
លោកថ្លែងថា៖ «វៀតណាមប្រយ័ត្នប្រយែងក្នុងការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចទាំងពីរនេះ»។
យ៉ាងនេះក្តី លោកថាភាពជាដៃគូយុទ្ធសាស្ត្រនេះនឹងជាជំហានសំខាន់មួយសម្រាប់វៀតណាម ដើម្បី«ពង្រឹង»សមត្ថភាពនៅដែនសមុទ្ររបស់ខ្លួន បង្កើតលទ្ធភាពទិញអាវុធ និងផ្ញើសារទៅរដ្ឋាភិបាលក្រុងប៉េកាំង។
លោក Giang ថ្លែងថា៖ «នេះជាសារដ៏ខ្លាំងមួយ ដែលនឹងឆ្លើយតបទៅការដាក់សម្ពាធពីចិន ថាបើអ្នករុញខ្ញុំទៅឆ្ងាយពេក ខ្ញុំនឹងទៅបង្កើតភាពជាដៃគូជាមួយអាមេរិក យ៉ាងហោចណាស់ដើម្បីជួយការពារប្រយោជន៍ជាតិរបស់ខ្ញុំ»៕
ប្រែសម្រួលដោយ សឹង សុផាត