អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានធ្វើទស្សនកិច្ចមិនបានគ្រោងទុក ទៅកាន់វិមានសភាសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយបានថ្លែងអំណរគុណកងកម្លាំង ដែលយាមកន្លែងនេះ។
លោក Pence បាននិយាយជាមួយទាហានជាច្រើននាក់ និងបានថ្លែងអំណរគុណពួកគេជាក្រុមចំពោះ «ការប្តូរផ្តាច់ផ្តល់សន្តិសុខនៅវិមានសភាប្រទេសយើងក្នុងកាលៈទេសៈដ៏សំខាន់សម្រាប់ជីវិតរបស់ជាតិយើង»។ លោកបានប្រាប់ទាហានថា វាជាកិត្តិយសដ៏អស្ចារ្យរបស់លោក ដែលបានធ្វើជាអនុប្រធានាធិបតីរបស់ពួកគេ។
កងទ័ពឆ្មាំជាតិរាប់ពាន់នាក់បានឈរជើងនៅឯវិមានសភា ចាប់តាំងពីអ្នកគាំទ្រប្រធានាធិបតីអាមេរិក លោក Donald Trump បានវាយលុកអគារនេះនៅថ្ងៃទី៦ ខែមករា ដែលទំនងជាកិច្ចប្រឹងប្រែងដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោតអង្គបោះឆ្នោត ដែលបញ្ជាក់ពីជ័យជម្នះរបស់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden ។
លោកអនុប្រធានាធិបតី Pence បាននិយាយថា លោករំពឹងថា យ៉ាងហោចណាស់កងទាហានសរុបចំនួន ២ម៉ឺននាក់ នឹងយាមវិមានសភា រួមជាមួយទីភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធផ្សេងទៀត នៅពេលដែលលោក Biden ស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា។
លោកបានប្រាប់សមាជិកឆ្មាំជាតិកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងនឹងធានាជូនដល់ប្រជាជនអាមេរិកនូវពិធីសម្ពោធស្បថចូលកាន់តំណែងប្រធានាធិបតីថ្មី អនុប្រធានាធិបតីថ្មី ប្រព្រឹត្តទៅដោយសុវត្ថិភាព។ យើងនឹងធ្វើឱ្យប្រទេសយើងដើរទៅមុខ»។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Pence ទៅវិមានសភាចាប់តាំងពីមានកុប្បកម្ម។ លោក Pence បានធ្វើជាអធិបតីក្នុងដំណើរការរាប់សន្លឹកឆ្នោតអង្គបោះឆ្នោតនៅព្រឹទ្ធសភា នៅពេលមានការឡោមព័ទ្ធ ហើយត្រូវបានបង្ខំឱ្យផ្លាស់ទៅទីតាំងដែលមានសុវត្ថិភាព ដោយមិនអាចចាកចេញពីវិមានសភា រហូតដល់ពេលមានសុវត្ថិភាព៕