ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​បង្កើន​ការការពារ​នៅ​ជុំវិញ​វិមាន​សភា​អាមេរិក នៅមុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ Biden នៅ​សប្តាហ៍​ក្រោយ


ក្នុងរូបដែលបានថត​នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បង្ហាញ​អំពី​សមាជិក​នៃ​ទ័ព​ឆ្មាំការពារ​ជាតិ ឈរ​នៅ​ក្បែរ​វិមាន​សភា​កាពីតូល នៅក្នុង​ការរៀបចំ​សម្រាប់​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ស.រ.អ គឺមួយ​សប្តាហ៍​ក្រោយពី​ក្រុមមនុស្ស​គាំទ្រ​លោក Trump បាន​សម្រុក​ចូល​វិមាន​សភាកាពីតូល។
ក្នុងរូបដែលបានថត​នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បង្ហាញ​អំពី​សមាជិក​នៃ​ទ័ព​ឆ្មាំការពារ​ជាតិ ឈរ​នៅ​ក្បែរ​វិមាន​សភា​កាពីតូល នៅក្នុង​ការរៀបចំ​សម្រាប់​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ស.រ.អ គឺមួយ​សប្តាហ៍​ក្រោយពី​ក្រុមមនុស្ស​គាំទ្រ​លោក Trump បាន​សម្រុក​ចូល​វិមាន​សភាកាពីតូល។

មិន​ដល់​មួយ​សប្តាហ៍​ផង​មុន​ពេល​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ក្រុម​មន្ត្រី​កំពុង​រឹត​បន្តឹង​សន្តិសុខ​នៅរដ្ឋធានី​វ៉ាស៊ីនតោន​ ចំពោះ​អ្វី​ដែល​ត្រូវ​គេ​រំពឹង​ថា​ ជា​ពិធី​ស្ងប់ស្ងៀមមួយ​ ដែល​ជា​ធម្មតា​មាន​ឥស្សរជន​ល្បីៗ​ជាច្រើនចូលរួម នេះ​បន្ទាប់ពី​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​កាលពី​សប្តាហ៍​មុន​ លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ដោយ​អ្នក​គាំទ្រ​របស់​លោក​ប្រធានាធិបតី Donald Trump។

អាជ្ញាធរ​ពង្រឹង​ច្បាប់​និយាយ​ថា ពួកគេ​មាន​ទំនុកចិត្ត​ក្នុង​ការ​រក្សា​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​នៃ​ពិធី​នេះ ថ្វី​បើ​មាន​ការ​ព្រមាន​អំពី​ហិង្សា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និង​តំបន់​ផ្សេង​ទៀត​ក៏ដោយ។

ការិយាល័យទ័ព​ឆ្មាំការពារ​ជាតិ (National Guard) បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ឆ្មាំ​ការពារ​ជិត​៧.០០០នាក់​ បាន​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​រួចហើយ ហើយ​ឆ្មាំ​ការពារ​បន្ថែម​ទៀត​កំពុង​ធ្វើ​ដំណើរ​មក​ដោយ​មាន​ការ​ដាក់​ពង្រាយ​ទៅ​តាម​ផែនការ​ចំនួន​២១.០០០​នាក់។

កង​ទ័ពទាំង​នេះ​ នឹង​ត្រូវ​គាំទ្រ​ដោយ​ភ្នាក់ងារ​សហព័ន្ធ​និង​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​រាប់រយ​នាក់។ កាល​ពី​៤​ឆ្នាំ​មុន ទាហាន​ប្រហែល​ត្រឹម៨.០០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​សម្រាប់​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Trump។​

លោក James Murray នាយក​កង​ការពារ​សម្ងាត់ (Secret Service) បាន​ប្រាប់​លោក​អនុប្រធានាធិបតី Mike Pence ថា៖ «យើង​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀបចំផែនការ​សន្តិសុខ​របស់​យើង ក៏ប៉ុន្តែ​យើង​ជានិច្ចកាល​មាន​ការ​ប្រុងប្រយ័ត្ន​និង​ពិនិត្យ​មើល​មេរៀន​ដែល​មាន​កន្លង​មក»។

លោក​អនុ​ប្រធានាធិបតី Pence មាន​គម្រោង​ចូលរួម​ការស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden ក៏​ប៉ុន្តែ​លោក Trump នឹង​មិន​ចូល​រួមពិធី​នេះ​ទេ ដូចអតីត​ប្រធានាធិបតី​អាមេរិកាំង​មួយ​ចំនួន​ដែល​មិន​ចូល​រួម​ដែរ៕

XS
SM
MD
LG