ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​អាមេរិក​ស្នើ​ឲ្យ​ផ្អាក​ការ​​ចាក់​វ៉ាក់សាំង​​កូវីដ​១៩ ​ដែល​ចាក់​តែ​​មួយ​ដូស​របស់​ក្រុម​ហ៊ុន Johnson & Johnson


ប្រអប់​វ៉ាក់សាំង Johnson & Johnson សម្រាប់​​បង្ការ​ជំងឺ​កូវីដ១៩។
ប្រអប់​វ៉ាក់សាំង Johnson & Johnson សម្រាប់​​បង្ការ​ជំងឺ​កូវីដ១៩។

មន្ត្រី​សុខាភិបាល​សហព័ន្ធ​អាមេរិក​ បានស្នើឲ្យមាន​ការ​ផ្អាកការ​ប្រើ​ប្រាស់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩​របស់​ក្រុម​ហ៊ុនឱសថ Johnson & Johnson បន្ទាប់​ពី​មានរបាយ​ការណ៍​ស្តី​ពី​ការ​មាន​គ្រោះ​ថ្នាក់​ខ្ពស់នៃ​បញ្ហា​ឈាម​កក​ក្នុង​សរសៃ​មក។

មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​ការពារ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក​ និង​ទី​ភ្នាក់​ងារ​ត្រួតពិនិត្យ​ឱសថ​និងស្បៀង​អាហារ​អាមេរិក​ បាន​ចេញ​ផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញដោយ​ប្រ កាស​ថា​ ទី​ភ្នាក់​ងាររបស់​អាមេរិក​ កំពុង​ស៊ើប​អង្កេត​លើ​ករណីចំនួន​៦ «ជុំវិញ​បញ្ហា​កំណក​ឈាម​ក្នុង​សរសៃដ៏ធ្ងន់ធ្ងរ​និងកម្រ​មួយ» ដែល​បាន​កើត​ឡើង​លើ​ស្ត្រីដែល​មាន​អាយុ​រ​វាង​ពី​១៨ឆ្នាំ​ទៅ​៤៨​ឆ្នាំ​ ​ក្នុង​រយៈ​ពេល​ពី​៦​ទៅ​១៣​ថ្ងៃ​ បន្ទាប់​ពី​ពួក​គេ​ទទួល​បានវ៉ាក់សាំង​ដែល​ចាក់​តែ​មួយ​ដូស​នេះ​រួច​មក។

សេចក្តី​ថ្លែងការណ៍​រួម​គ្នានេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន Johnson & Johnson ចំនួន​៦លាន​៨សែន​ដូស​ ត្រូវ​បាន​ប្រើ​ប្រាស់រួច​ហើយ នៅ​ក្នុង​សហរដ្ឋអាមេរិក។​

កាសែតThe New York Times បាន​រាយការណ៍​ថា ស្ត្រី​ម្នាក់​ បាន​ស្លាប់​ហើយ​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​ នៅក្នុង​រដ្ឋ​ Nebraska ដែល​ស្ថិត​នៅភាគ​ខាង​លិចសហរដ្ឋ​អាមេរិក​ កំពុង​ទទួល​ការ​ព្យាបាលក្នុង​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

មជ្ឈមណ្ឌល CDC​របស់​អាមេរិក​ បាន​លើក​ឡើង​ថា​ ខ្លួននឹងធ្វើ​ការ​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​នៃ​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​របស់​ខ្លួ​ន​ ស្តី​ពីការ​អនុវត្ត​ទៅ​លើ​ភាព​ស៊ាំរបស់​វ៉ាក់សាំង នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​ត្រួត​ពិនិត្យ​បន្ថែម​ទៀតទៅ​លើ​ករណី​ទាំង​នេះ​ និងធ្វើ​ការ​វាយ​តម្លៃ​នូវ​សារៈសំខាន់របស់​វា។

វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩​របស់​ក្រុម​ហ៊ុន Johnson & Johnson ជា​វ៉ាក់សាំង​ទី​ពីរ​ហើយ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​ឈាម​កក​ក្នុង​សរសៃ បន្ទាប់​ពី​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន AstraZeneca ​របស់​ចក្រភពអង់គ្លេស​នោះ៕

XS
SM
MD
LG