ក្រុមហ៊ុនផលិតឱសថ Johnson & Johnson បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងស្នើសុំការអនុញ្ញាតឲ្យប្រើវ៉ាក់សំាងកូវីដ១៩ ពីទីភ្នាក់ងារស្បៀងអាហារនិងឱសថ (FDA) របស់សហរដ្ឋអាមេរិក។ វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Johnson & Johnson នេះ តម្រូវឲ្យចាក់តែមួយដូសតែប៉ុណ្ណោះ។
ទីភ្នាក់ងារ FDA បានឲ្យដឹងថា ខ្លួនបានកំណត់យកថ្ងៃទី ២៦ ខែកុម្ភ: ជាថ្ងៃប្រជុំគណៈកម្មាធិការប្រឹក្សាវ៉ាក់សាំង និងផលិតផលជីវសាស្ត្រ ដើម្បីពិភាក្សាអំពីការអនុញ្ញាតឲ្យប្រើវ៉ាក់សាំងនេះក្នុងគ្រាអាសន្ន។
កាលពីខែមករា ក្រុមហ៊ុន Johnson & Johnson បានបញ្ចេញរបាយការណ៍មួយ ដែលបានឲ្យដឹងថា វ៉ាក់សំាងរបស់ខ្លួនមានប្រសិទ្ធភាព ៦៦% ក្នុងការបង្ការការឆ្លងជំងឺកូវីដ១៩ ក្រោយពីបានធ្វើតេស្តទ្រង់ទ្រាយធំជាសកលរួចមក។
ប៉ុន្តែ បើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីពាក់ព័ន្ធ វ៉ាក់សំាងដែលត្រូវបានគេរកឃើញនេះ មិនមែនសម្រាប់ការពារ ឬប្រឆាំងនឹងជំងឺកូវីដ១៩ វិវត្តន៍ថ្មីមកពីប្រទេសអាហ្រ្វិកខាងត្បូង ដែលមានអត្រាឆ្លងខ្ពស់ និងកំពុងឆ្លងរាលដាលពាសពេញពិភពលោកនោះទេ។
កាលពីលើកមុន ក្រោយការប្រជុំគណ:កម្មាធិការ FDA របៀបនេះ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna ទទួលបានការអនុញ្ញាតឲ្យប្រើក្នុងថ្ងៃដដែល៕