កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានប្រកាសដាក់កំហិតថ្មីលើការនាំចេញដែលមានបំណងសំដៅលើសមត្ថភាពរបស់ចិនក្នុងការផលិតអង្គធាតុពាក់កណ្ដាលចម្លង (semiconductor) ទំនើបដែលប្រើនៅក្នុងប្រព័ន្ធអាវុធនិងបច្ចេកវិទ្យា AI ស្របពេលដែលការប្រកួតប្រជែងកាន់តែមានភាពខ្លាំងក្លាឡើងរវាងប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរនៅលើពិភពលោកនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកបានចាត់វិធានការសំខាន់នានាដើម្បីការពារបច្ចេកវិទ្យារបស់យើងមិនឱ្យសត្រូវប្រើនៅក្នុងវិធីដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់យើង»។
លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូនានាដើម្បី «ការពារជាមុនឱ្យបានខ្លាំងក្លានូវបច្ចេកវិទ្យាជឿនលឿនបំផុតនៅលើពិភពលោករបស់យើងនិងរបៀប [នៃការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ]»។
វិធានការថ្មីចុងក្រោយបង្អស់នេះរួមមានទាំងការដាក់កំហិតលើការនាំចេញទៅកាន់ក្រុមហ៊ុនចំនួន ១៤០ ដែលរួមទាំងក្រុមហ៊ុនបន្ទះឈីប Piotech និងក្រុមហ៊ុន SiCarrier Technology របស់ចិនផងដែរ។
កាលពីថ្ងៃចន្ទ ចិនបានថ្កោលទោសការដាក់កំហិតថ្មីរបស់សហរដ្ឋអាមេរិកលើការនាំចេញនេះ ដោយប្ដេជ្ញាការពារ «ផលប្រយោជន៍» របស់ខ្លួននៅក្នុងការឆ្លើយតបទៅនឹងការដាក់កំហិតនេះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា៖ «សហរដ្ឋអាមេរិកនិយាយស្ដាំធ្វើឆ្វេង ...រំលោភលើវិធានការគ្រប់គ្រងការនាំចេញ និងអនុវត្តឥរិយាបថសម្លុតធ្វើបាបគេដោយឯកតោភាគី។ ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ»៕
វេទិកាបញ្ចេញមតិ