អត្រាមនុស្សគ្មានការងារធ្វើក្នុងស.រ.អា.បានចុះថយដល់កម្រិតទាបបំផុតក្នុងរយៈពេល៧ឆ្នាំកន្លះក្នុងខែសីហាដោយមានចំនួន៥.១ភាគរយ។
តួលេខនេះជាការចុះថយ២ភាគ១០នៃមួយភាគរយពីតួលេខកាលពីខែមុន។ របាយការណ៍កាលពីថ្ងៃសុក្រនៃក្រសួងការងារស.រ.អា.ក៏បាននិយាយដែរថា សេដ្ឋកិច្ចបានបង្កើតការងារថ្មីចំនួន១៧៣.០០០ដែលជាចំនួនតិចជាងការទស្សន៍ទាយរបស់ក្រុមសេដ្ឋវិទូភាគច្រើន។
សេចក្តីរាយការណ៍នេះបាននិយាយថា វិស័យថែរក្សាសុខភាព និងផ្នែកសេវាកម្មហិរញ្ញវត្ថុមានការងារច្រើនជាងមុន ចំណែកឯវិស័យរុករករ៉ែ និងផ្នែកផលិតប្រដាប់ប្រដាប្រើប្រាស់បានបាត់បង់ការងារ។
របាយការណ៍នេះជាផ្នែកសំខាន់មួយនៃទិន្នន័យដែលក្រុមមេដឹកនាំធនាគារកណ្តាលស.រ.អា.នឹងពិចារណា នៅពេលពួកគេសម្រេចថាតើនៅពេលណានឹងបង្កើនអត្រាការប្រាក់ហើយនិងបង្កើនប៉ុន្មានភាគរយ។ អត្រាការប្រាក់នេះមានកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៨មកនៅក្នុងការខិតខំប្រឹងប្រែងមួយដើម្បី បង្កើនការលូតលាស់សេដ្ឋកិច្ចនៅក្រោយមានវិបត្តិហិរញ្ញវត្ថុ។
ធនាគារកណ្តាលស.រ.អា.ខិតខំព្យាយាមចាត់ចែងសេដ្ឋកិច្ចដើម្បីឱ្យបានសម្រេច
ការមានការងារធ្វើពេញលេញ និងធ្វើឱ្យតម្លៃទំនិញមានស្ថិរភាពផងដែរ។
គេអាចឃើញថាការចុះថយនៃអត្រាមនុស្សគ្មានការងារធ្វើជាភស្តុតាងដែលថាសេដ្ឋកិច្ចកំពុងងើបឡើង ហើយលែងត្រូវការការជួយគាំទ្រពីអត្រាការប្រាក់ទាបទៀតហើយ ក៏ប៉ុន្តែតួលេខនៃការបង្កើតការងារដែលនាំឱ្យមានការស្រងាកចិត្តប្រហែលគាំទ្រទឡ្ហីករណ៍ដែលមិនចង់ឱ្យមានការតម្លើងអត្រាការប្រាក់មួយរយៈពេលសិន៕