សេដ្ឋកិច្ចស.រ.អា.បានបង្កើតការងារ២សែន២ម៉ឺន៣ពាន់បន្ថែមទៀត ហើយអាត្រាអ្នកអត់ការងារធ្វើបានចុះមកនៅត្រឹម៥កណ្តក់សញ្ញា៣ភាគរយ ដែលជាអាត្រាទាបបំផុត តាំងពីឆ្នាំ២០០៨ មកទល់នឹងពេលនេះ។ ក៏ប៉ុន្តែ ក្រុមមន្ត្រីនិយាយថា អាត្រានេះធ្លាក់ចុះមួយផ្នែកគឺដោយសារមនុស្សជាង៤សែននាក់បានបោះបង់ចោលការស្វែងរកការងារធ្វើ ហេតុដូច្នេះមិនត្រូវគេរាប់បញ្ចូលក្នុងចំណោមអ្នកអត់ការងារធ្វើទៀតហើយ។
របាយការណ៍របស់ក្រសូងការងារស.រ.អា.ដែលចេញផ្សាយនៅថ្ងៃព្រហស្សតិ៍នេះ និយាយថាការកើនចំនួនការងារនេះមាននៅក្នុងសេវាពាណិជ្ជកម្មថែទាំសុខភាព ហើយនិងហាងលក់រាយ។ វិស័យរុករករ៉ែ ដែលរួមមានឧស្សាហកម្មប្រេងឥន្ទនៈផងនោះមានការធ្លាក់ចុះដោយសារការចុះថ្លៃប្រេង។
ចំនួនពលរដ្ឋអាមេរិកាំងដែលអត់ការងារធ្វើធ្លាក់មកត្រឹម៨លាន៣សែននាក់ដែលតួលេខនេះបានបង្ហាញថា វាចុះថយអស់៣សែន៧ម៉ឺន៥ពាន់ នេះបើតាមតួលេខក្រសួងការងារ។
មន្ត្រីសេតវិមាននិយាយថាសេដ្ឋកិច្ចស.រ.អា.បង្កើតបានការងារ សរុបទាំងអស់ចំនួន២លាន៩សែន កាលពីឆ្នាំទៅ និងចំនួន ១២លាន៨សែន ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ៕