សហរដ្ឋអាមេរិកបានរារាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ដែលអំពាវនាវឱ្យមានការស៊ើបអង្កេតទៅលើការបាញ់គ្រាប់កាំភ្លើងពិតដោយទាហានអ៊ីស្រាអែល បាញ់ទៅលើជនជាតិប៉ាឡេស្ទីន ដែលចូលរួមបាតុកម្មទ្រង់ទ្រាយធំនៅ Gaza Strip។ នេះបើយោងតាមអ្នកការទូតរបស់ក្រុមប្រឹក្សាសន្តិសុខ។
កាលពីថ្ងៃសៅរ៍បុរសប៉ាឡេស្ទីន២នាក់ត្រូវបានទាហានអ៊ីស្រាអែលបាញ់ចំជើង បន្ទាប់ពីពួកគេដើរជិតរបងព្រំដែន Gaza Strip ដែលជាព្រំដែនអ៊ីស្រាអែលប៉ាឡេស្ទីន។ ក្នុងហេតុការណ៍មួយទៀត ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ត្រូវបានគេបាញ់ជើងទាំងពីរ នៅពេលក្មេងនេះនិងក្មេងប្រុសដទៃទៀតយកចំពាមបាញ់ដំថ្មទៅលើរបងព្រំដែននេះ។ ក្មេងប្រុសនេះត្រូវបានគេដឹកទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យ ហើយជើងម្ខាងរុំដោយក្រណាត់រំរបួសនិងម្ខាងទៀតមានអបដែក។
អាជ្ញាធរប៉ាឡេស្ទីននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១៥ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ហើយជាង៧៥០នាក់រងរបួសដោយគ្រាប់កាំភ្លើងពិត។
ប្រជាជនប៉ាឡេស្ទីនបានបញ្ចុះសាកសពរបស់អ្នកស្លាប់នៅថ្ងៃបុណ្យជាតិ កាលពីថ្ងៃសៅរ៍ ហើយពួកអ្នកចូលរួមក៏បានអំពាវនាវឱ្យមាន «ការសងសឹក» ។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានសរសើរកងកម្លាំងអ៊ីស្រាអែលដែលបានបាញ់ជនជាតិប៉ាឡេស្ទីននោះ។ កងយោធាអ៊ីស្រាអែលបាននិយាយនៅយប់ថ្ងៃសៅរ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស១០នាក់ក្នុងចំណោមជនប៉ាឡេស្ទីន ដែលបានស្លាប់នោះ ត្រូវបានគេរាយការណ៍មកថា មានប្រវត្តិជាភេរវជនក្នុងក្រុម Hamas និងក្រុមដទៃទៀត ហើយត្រូវបានសម្លាប់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពភេវរកម្ម។ ខាងអ៊ីស្រាអែលមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយ៕