បណ្តាញទូរទស្សន៍ជាតិជាច្រើនរបស់សហរដ្ឋអាមេរិក ដូចជា ABC, CBS, NBCនិង CNN បានបដិសេធពុំព្រមផ្សាយការឃោសនារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលសរសើរពីសមិទ្ធិផលនៃការកាន់តំណែងរយៈពេល១០០ថ្ងៃដំបូងរបស់លោក។
ការឃោសនាបង់ប្រាក់បានបង្ហាញអ្នកផ្សាយព័ត៌មានទូរទស្សន៍ល្បីៗទូទាំងប្រទេសដោយមានដាក់ពាក្យថា «ព័ត៌មានមិនពិត»នៅពីលើមុខរបស់ពួកគេទៀតផង។
ប្រធានាធិបតី ត្រាំ បានប្រើប្រាស់ពាក្យ«ព័ត៌មានមិនពិត»ចំពោះសេចក្តីរាយការណ៍ណាដែលបានរិះគន់លោកនិងរដ្ឋបាលរបស់លោក។
បណ្តាញទូរទស្សន៍ទាំងនោះបានពោលអះអាងថា ការឃោសនានេះជាការមិនត្រឹមត្រូវ។ បណ្តាញទូរទស្សន៍ CNN និង NBC បានប្រាប់ឲ្យដឹងថា ពួកគេនឹងផ្សព្វផ្សាយការឃោសនានេះ ប្រសិនបើពាក្យ«ព័ត៌មានមិនពិត»នោះត្រូវបានដកចេញ។
ទូរទស្សន៍ខ្សែកាប CNN បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «បណ្តាញផ្សាយព័ត៌មាន មិនមែនផ្សាយព័ត៌មានមិនពិតទេ តែការឃោសនានោះទេជាព័ត៌មានមិនពិត»។
លោកស្រី LaraTrump ដែលជាកូនប្រសាររបស់ប្រធានាធិបតី ត្រាំ និងជាអ្នកពិគ្រោះយោបល់ខាងឃោសនានោះបាននិយាយថា៖ «ដោយប្រឈមនឹងការឃោសនាដែលមិនសម ការធ្វើអត្ថាធិប្បាយលម្អៀងរបស់ពួកគេ បណ្តាញទូរទស្សន៍ CNN, ABC, CBS និង NBC ឥឡូវនេះ បានជ្រើសរើសយកការរារាំងការឃោសនារបស់យើង។ នេះជាសកម្មភាពនៃការត្រួតពិនិត្យដែលមិនធ្លាប់មានកាលពីពេលមុននៅក្នុងប្រទេសអាមេរិក ដែលធ្វើឲ្យមានការព្រួយកង្វល់ដល់ពលរដ្ឋដែលស្រលាញ់សេរីភាពព័ត៌មាន»៕