សភាអាមេរិកបានអនុម័តទៅលើសំណើច្បាប់មួយរបស់គណបក្សសាធារណរដ្ឋដែលនឹងលុបចោលច្បាប់ថែទាំសុខភាពនៅក្នុងប្រទេស ដែលនេះគឺជាជ័យជម្នះផ្នែកច្បាប់ធំបំផុតដំបូងបង្អស់របស់លោកប្រធានាធិបតី Donald Trump។
ច្បាប់ថែទាំសុខភាពត្រូវបានគេអនុម័តកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងសំឡេងឆ្នោត២១៧ទល់នឹង២១៣ ដែលនេះជាជំហានដំបូងបង្អស់ឆ្ពោះទៅកាន់ការសន្យារបស់គណបកុ្សសាធារណរដ្ឋអស់រយៈពេល៧ឆ្នាំ ដែលថានឹងជំនួសច្បាប់ថែទាំសុខភាពនេះ។ ច្បាប់ថែទាំសុខភាពគឺជាស្នាដៃសម្រេចបានរបស់លោកអតីតប្រធានាធិបតី Barack Obama។
លោកប្រធានាធិបតី Donald Trump បានបង្ហោះសារមួយលើបណ្តាញសង្គម Tweeter ថា «សមាជិកគណបក្សសាធារណរដ្ឋនឹងរៀបចំសន្និសីទកាសែតធំមួយ» នៅសេតវិមាន ក្រោយពីការបោះឆ្នោតនេះ។
ឥឡូវនេះ សំណើច្បាប់នេះត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា ដែលវាសនារបស់ច្បាប់នេះគឺនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ។
សំណើច្បាប់នេះត្រូវបានអនុម័ត បន្ទាប់ពីត្រូវបានគេធ្វើវិសោធនកម្មកាលពីថ្ងៃពុធ ដើម្បីបន្ថែមថវិកាចំនួន៨ពាន់លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជំងឺមុនពេលប្រើប្រាស់ប័ណ្ណធានារ៉ាប់រងសុខភាព។ បន្ទាប់ពីចរចាពាក្យពេចន៍វិសោធនកម្មជាមួយនឹងលោកប្រធានាធិបតី Trump នៅសេតវិមាន សមាជិកគណបក្សសាធារណរដ្ឋសំខាន់២រូប គឺលោក Fred Upton និងលោក Billy Long បានផ្លាស់ប្ដូរការសម្រេចចិត្តរបស់ខ្លួន និងបានគាំទ្រសំណើច្បាប់ថែទាំសុខភាពរបស់គណបក្សសាធារណរដ្ឋរបស់ពួកគេជំនួសវិញ៕