ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden​ និង​លោក ​Erdogan​​ ព្រម​ព្រៀង​គ្នា​រឿង​សន្តិសុខ​នៅ​អាហ្វហ្គានីស្ថាន​ប៉ុន្តែ​បញ្ហា​ប្រព័ន្ធ​មីស៊ីល​រុស្ស៊ី​មិន​ទាន់​ដោះស្រាយ​


ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan និង​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​Joe Biden​ ជួប​គ្នា​នៅ​ក្រោយ​កិច្ចប្រជុំ​កំពូល​អង្គការ​អូតង់ នៅ​ទី​ក្រុង​ប្រ៊ុចសែល​ប្រទេស​​ប៊ែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១។

លោក​ Jake Sullivan ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ Joe Biden ​និង​ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan​ បានព្រម​ព្រៀង​គ្នា​ក្នុង​កិច្ច​ប្រជុំនៅ​សប្ដាហ៍​នេះ​ថា​ប្រទេស​តួកគី​នឹង​កាន់​តួនាទី​ដឹក​នាំ​ការពារ​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន​រដ្ឋធានី​កាប៊ុល​ខណៈ​សហ​រដ្ឋ​អាមេរិក​ដក​កង​ទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះ​បើយោង​តាម​ទី​ភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters។​

យ៉ាង​ណា​ក៏​ដោយ​មេដឹក​នាំ​ទំាង​ពីរ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​យូរ​មក​ហើយ​ដែល​ប្រទេស​តួកគី​ទិញ​ប្រ​ព័ន្ធ​មីស៊ីលធុន ​S-400​ ពី​ប្រទេស​រ៉ុស្ស៊ី​ដែល​លោក ​Sullivan​ និយាយ​ថា​ជា​ជម្លោះ​ដ៏​ជូរចត់​ដែល​ធ្វើឲ្យ​ទំនាក់​ទំនង​រវាង​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ទាំងពីរ​នេះ​មាន​ភាព​ល្អក់កករ។​លោក​បន្ថែម​ថាកិច្ច​ពិភាក្សា​អំពី​បញ្ហា​នេះ​នឹង​ត្រូវ​បន្ត។

លោក​ Sullivan ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​លោក ​Biden​ និង​លោក ​Erdogan ​បាន​ពិភាក្សា​អំពី​បញ្ហា​ប្រទេស​អាហ្វហ្គានីស្ថាន។​លោក​ថា ​លោក ​Erdogan​ ស្វែងរក​ការ​គាំទ្រ​មួយ​ចំនួន​ពី​អាមេរិក​ដើម្បី​រក្សា​សុវត្ថិភាព​អាកាសដ្ឋានក្នុង​រដ្ឋធានី​កាប៊ុល​ហើយ​លោក​ Biden​បាន​បេ្ដជ្ញា​ថា​នឹង​ផ្ដល់ការ​គាំទ្រ​នោះ។​

ប្រទេស​តួកគី​និង​សហ​រដ្ឋ​អាមេរិក​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ជា​ច្រើន​ដែល​រួម​មាន​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ទិញ​អាវុធ​ពី​ប្រទេស​រុស្ស៊ីនិង​ភាព​ខុស​គ្នា​នៃ​គោល​នយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​តំបន់​មេឌីទែរ៉ាណេ​ខាង​កើតហើយ​ជំនួប​ផ្ទាល់​ជា​លើក​ដំបូង​រវាង​លោកទាំង​ពីរផ្តល់​ក្តីសង្ឃឹម​តិចតួច​ណាស់។​

កិច្ច​សហ​ប្រតិបត្តិការ​ដែល​មាន​សក្តានុពល​មួយ​គឺរដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​បាន​ផ្តល់​ការ​ការពារ​និង​ធ្វើ​ប្រតិបត្តិការ​អាកាសយានដ្ឋាន​រដ្ឋធានី​កាប៊ុល​បន្ទាប់​ពី​កង​កម្លាំងសហ​រដ្ឋ​អាមេរិក​និង​អូតង់​ដក​ខ្លួន​ចេញ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។​

សុវត្ថិភាព​នៃ​អាកាស​យានដ្ឋាន​នេះ​សំខាន់​ណាស់​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​បេសក​កម្ម​ការ​ទូតនៅ​ប្រទេស​អាហ្វហ្គានីស្ថាន ​ស្រប​ពេល​កងទ័ព​លោក​ខាង​ត្រូវ​បាន​ដក​ចេញ។​

កាល​ពី​សប្ដាហ៍​មុន​អ្នក​នាំពាក្យ​ក្រុម​តាលីបង់​បាន​និយាយ​ថា​ប្រទេស​តួកគីគួរ​តែ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ក្រោម​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០២០​សម្រាប់​ការ​ដក​កង​ទ័ព​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG