រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកប្រធានាធិបតី Donald Trump នឹង «ពេញចិត្តជាទីបំផុត» នៅក្នុងការយកពន្ធគយលើទំនិញបន្ថែមទៀតដែលនាំចូលពីប្រទេសចិន ប្រសិនបើលោកមិនអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping។
ប្រធានាធិបតីនៃប្រទេសទាំងពីរគ្រោងនឹងជួបចរចាគ្នានៅចុងខែនេះនៅឯកិច្ចប្រជុំនៃក្រុមប្រទេស G20 នៅក្នុងប្រទេសជប៉ុន។
លោក Mnuchin បានប្រាប់ទូរទស្សន៍ CNBC ដូច្នេះថា៖ «យើងសម្រេចបានដំណើរវិវឌ្ឍទៅមុខជាច្រើនបំផុត។ ខ្ញុំគិតថា យើងមាននូវកិច្ចព្រមព្រៀងមួយដែលស្ទើរតែសម្រេចបាន ៩០ ភាគរយរួចទៅហើយ។ រដ្ឋាភិបាលចិនមិនយល់ស្របចំពោះចំណុចមួយចំនួន»។
លោកបានបន្ថែមថា៖ «យើងបានឈប់ចរចាគ្នា»។ ជំហានបន្ទាន់នៃកិច្ចព្រមព្រៀងនេះគឺអាស្រ័យលើការប្រជុំរវាងលោក Trump និងលោក Xi Jinping នៅក្នុងទីក្រុង Osaka ប្រទេសជប៉ុន នៅឯកិច្ចប្រជុំនៃក្រុមមេដឹកនាំនៃបណ្ដាប្រទេសសេដ្ឋកិច្ចធំៗនៅលើពិភពលោកដែលហៅថាក្រុមប្រទេស G20 ពីថ្ងៃទី ២៨ ដល់ទី ២៩ ខែមិថុនាខាងមុខនេះ។
លោក Mnuchin បានបញ្ជាក់បន្ថែមដូច្នេះថា៖ «លោកប្រធានាធិបតី Trump នឹងសម្រេចចិត្តលើរឿងយកពន្ធគយលើទំនិញចិន បន្ទាប់ពីការប្រជុំនៅពេលខាងមុខនេះ។ ខ្ញុំជឿថា ប្រសិនបើរដ្ឋាភិបាលចិនមានឆន្ទៈនៅក្នុងការបន្តទៅមុខនូវលក្ខខណ្ឌដែលយើងបានពិភាក្សាកន្លងមក នោះយើងប្រាកដជាសម្រេចបាននូវកិច្ចព្រមព្រៀង។ ប៉ុន្តែប្រសិនបើពួកគេមិនយល់ស្របចំពោះរឿងនេះ នោះយើងនឹងបន្តយកពន្ធគយបន្ថែមទៀត»។
លោក Trump បានដំឡើងពន្ធគយលើទំនិញចិនដែលមានទឹកប្រាក់ ២០០ ពាន់លានដុល្លាររួចមកហើយ ហើយឥឡូវនេះ លោកកំពុងពិចារណាអំពីការយកពន្ធគយលើទំនិញចិនដែលមានទឹកប្រាក់ ៣២៥ ពាន់លានដុល្លារបន្ថែមទៀត៕