នៅថ្ងៃអាទិត្យនេះ លោក Yi Gang អភិបាលធនាគារកណ្ដាលប្រទេសចិន មានបំណងចង់បន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមរូបិយវត្ថុដែលកំពុងតែពុះកញ្ជ្រោលឡើងជាមួយនឹងសហរដ្ឋអាមេរិក ដោយបានអំពាវនាវឲ្យរក «ដំណោះស្រាយមានប្រយោជន៍» សម្រាប់បញ្ហានេះ នៅចំពេលដែលជម្លោះនេះគំរាមប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
ដោយថ្លែងនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី លោក Yi Gang បានព្រមានថា ស្ថានការណ៍នេះអាចកាន់តែយ៉ាប់យ៉ឺនជាងនេះ។ លោកបានបន្ថែមផងដែរថា ជម្លោះរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរនេះនៅលើពិភពលោកគឺជាស្ថានការណ៍ «ចាញ់ទាំងសងខាង»។
លោក Yi Gang បានបញ្ជាក់នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីមន្ត្រីធនាគារកំពូលៗផ្សេងទៀតនេះថា៖ «ភាពតានតឹងផ្នែកពាណិជ្ជកម្មបណ្ដាលឲ្យមានក្ដីរំពឹងទុកអវិជ្ជមាន ក្ដីរំពឹងទុកស្រពេចស្រពិល»។
លោកបន្ថែមថា៖ «ពិភពលោកទាំងមូលគួរតែធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយដ៏មានប្រយោជន៍ចំពោះបញ្ហានេះ»។
លោកបានសន្យាថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងប្រឹងប្រែងដោយដាក់កំហិតតឹងតែងជាងមុនលើអ្នករំលោភកម្មសិទ្ធិបញ្ញាក្នុងប្រទេស និងបើកចំហនូវវិស័យសេវាហិរញ្ញវត្ថុ។
ការលើកឡើងរបស់លោក Yi Gang ដូចនេះ បានធ្វើឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីអង្គការ IMF ព្រមានថា «ឱកាសបើកចំហ» ដើម្បីរក្សាការរីកចម្រើននៅលើសាកលលោកឲ្យមានដំណើរការល្អធម្មតា ឥឡូវនេះបានរួមតូចទៅៗ ដោយសារតែជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន៕