អង្គការការពារសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃចន្ទនេះ បានជំរុញឲ្យមន្ត្រីការទូតជាន់ខ្ពស់អាមេរិកគឺអ្នកស្រី Wendy Sherman ដែលនឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអង្គារសប្តាហ៍នេះ ឲ្យស្តារសិទ្ធិនយោបាយនិងសិទ្ធិពលរដ្ឋនៅកម្ពុជាឡើងវិញ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១ខែឧសភាថា៖
«អ្នកស្រី Sherman គួរតែទាមទារឲ្យកម្ពុជាបញ្ចប់ដំណើរការជំនុំជម្រះក្លែងក្លាយប្រឆាំងនឹងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដោះលែងអ្នកទោសនយោបាយរាប់សិបនាក់ និងទម្លាក់ចោលបទចោទប្រកាន់ដ៏គួរឲ្យអស់សំណើចទៅលើមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា»។
នៅមុនដំណើរទស្សនកិច្ចនេះ តំណាងរាស្ត្រសហរដ្ឋអាមេរិកពីររូប គឺលោក Alan Lowenthal និងលោក Steve Chabot ក៏បានស្នើក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី៣០ ខែឧសភា ឲ្យមន្រ្តីការបរទេសអាមេរិករូបនេះ ជំរុញឲ្យកម្ពុជាដាក់ដំណើរការគណបក្សសង្រ្គោះជាតិឡើងវិញ ដើម្បីអាចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ២០២២។
អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក គ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ក្នុងអំឡុងពេលលោកស្រីបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ នៅថ្ងៃអង្គារ សប្តាហ៍នេះ។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់អ្នកស្រីទៅកាន់ទ្វីបអឺរ៉ុបនិងមកកាន់តំបន់អាស៊ីអាគ្នេយ៍មួយចំនួនរួមទាំងកម្ពុជាផងដែរ ការបំពេញទស្សនកិច្ចនៅកម្ពុជារបស់លោកស្រី កើតឡើងចំពេលដែលស្ថានភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានក្រុមឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តាំងពីចុងឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបង្ក្រាបក្រុមប្រឆាំង អង្គការសង្គមស៊ីវិលនិងសារព័ត៌មានឯករាជ្យដែលនៅសេសសល់តែបន្តិចបន្តួចក្នុងប្រទេស មុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងប្រាប់វីអូអេនៅថ្ងៃចន្ទថាជំនួបរវាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងកម្ពុជានេះនឹងមិនមានការដាក់សម្ពាធអ្វីមកលើកម្ពុជានោះទេ៕