អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក អ្នកស្រី Wendy Sherman នៅរសៀលថ្ងៃអង្គារនេះ បានមកដល់រាជធានីភ្នំពេញ ដែលជាដំណើរទស្សនកិច្ចខ្លីមួយ ដែលត្រូវបានមើលឃើញថាដើម្បីពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ ដែលនៅបន្តមានការខ្វែងគំនិតគ្នា។
ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិក ដែលគេដឹងថាជាមន្រ្តីលំដាប់លេខ២នៅក្រសួងការបរទេសអាមេរិក ធ្វើឡើងស្របពេលដែលបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានរិះគន់ថាធ្លាក់ចុះយ៉ាងខ្លាំង។
នៅលើប្រព័ន្ធ Twitter អ្នកស្រី Wendy Sherman ដែលជាមន្រ្តីលំដាប់លេខ២នៃក្រសួងការបរទេសអាមេរិក បានសរសេរថាអ្នកស្រីបានមកដល់រាជធានីភ្នំពេញ ហើយបានជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy និងក្រុមការងារនៅទីនេះ។
អ្នកស្រីបញ្ជាក់ថាអ្នកស្រីត្រូវបានជំរុញចិត្ត ចំពោះអ្វីដែលក្រុមការងារនៅស្ថានទូតបានធ្វើជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងចំណងទាក់ទងរវាងប្រជាជនអាមេរិកនិងប្រជាជនកម្ពុជា។
អ្នកស្រី Wendy Sherman ក៏បានជួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។
នេះជាដំណើរទស្សនកិច្ចរបស់អ្នកស្រីរយៈពេល១០ថ្ងៃ ទៅកាន់ទ្វីបអឺរ៉ុបនិងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីការបរទេសរូបនេះ ក៏ត្រូវបានក្រុមសិទ្ធិមនុស្សនិងអ្នកនយោបាយខាងគណបក្សប្រឆាំងនៅកម្ពុជា ជំរុញឲ្យលើកឡើងអំពីការស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សផងដែរ៕