ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បារម្ភ​ពី​វត្តមានយោធា​ចិន​នៅ​កម្ពុជា​និង​ជំរុញ​ឲ្យ​បើកទូលាយ​ការបោះឆ្នោតខាងមុខ


អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ពី​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា ​និង​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​រក្សា​ជំហរ​ឯករាជ្យ​ដើម្បី​ផលប្រយោជន៍​ពលរដ្ឋ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

លោកស្រី​ Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ពី​ក្តី​ព្រួយ​បារម្ភ​នេះ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ។

សេចក្តី​ប្រកាស​ព័ត៌មានដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​បាន​បញ្ជាក់​ថា៖​

«លោកស្រី ​Sherman អនុរដ្ឋ​មន្ត្រី​ការបរទេស​ បាន​សម្តែង​ក្តី​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​អំពី​វត្តមាន​យោធា​និង​ការសាងសង់​អគារ​របស់​ចិន​នៅ​ក្នុង​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ដែល​នៅ​ក្នុង​ឈូងសមុទ្រ​ថៃ»។

លោកស្រី​ Sherman ​ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា​ពន្យល់​ពី​ការវាយ​ចោល​អគារ​ចំនួន​២​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​សាងសង់​ក្នុង​មូលដ្ឋាន​កងទ័ព​ជើងទឹករាម​ ដោយ​ចាត់​ទុកថា​ទង្វើ​នេះនឹង​ធ្វើ​ឲ្យ​ខូចខាត​អធិបតេយ្យ​ភាព​កម្ពុជា​ គំរាមកំហែង​ដល់​សន្តិសុខ​តំបន់​ និងមាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ទំនាក់​ទំនង​អាមេរិក​និង​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ទៀត​ថា៖ «លោកស្រី​អនុរដ្ឋ​មន្ត្រី​បាន​ទទូច​ឲ្យ​ថ្នាក់​ដឹកនាំ​កម្ពុជា​រក្សា​គោលនយោបាយ​ការបរទេស​ឯករាជ្យ​ និង​រក្សា​តុល្យភាព​ ដើម្បីផលប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​ពលរដ្ឋ​កម្ពុជា»។ ​

ប្រតិភូ​ជាន់ខ្ពស់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ ដោយ​លោកស្រី ​Sherman បាន​ទៅដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃចន្ទ។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ស្របពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដោយ​មាន​ការចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​លើ​សកម្មជន​សហជីព​ និង​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​ក្នុង​នោះ​មានលោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​បាន​បង្ខំ​ឲ្យ​ថ្នាក់​ដឹកនាំ​ដទៃទៀត​នៃ​គណបក្សរស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស។ ​

ក្នុងជំនួប​ជាមួយ​នឹង​លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន​សែន ​លោកស្រី ​Sherman ក៏​បាន​សង្កត់​ធ្ងន់​លើ សារៈសំខាន់​នៃ​សិទ្ធិមនុស្ស​និង​ការការពារ​សេរីភាព​ជា​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ថា៖

«លោកស្រី​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការប្តេជ្ញា​ចិត្ត​ចំពោះ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​និង​អន្តរជាតិ​និង​ធានា​ដល់​ការការពារ​សិទ្ធិ​កម្មករ។ លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​អ្នកនយោបាយ​ប្រឆាំង អ្នកសារព័ត៌មាន​និង​សកម្មជន​នានា»។

លោកស្រី ​Sherman ​ក៏​បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បើកចំហរ​លំហ​នយោបាយ​និង​សង្គម​ស៊ីវិល​នៅ​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​និង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣។ ​

លោកស្រី​ Sherman ​ក៏បាន​ជួប​នឹង​តំណាង​អង្គការ​សង្គម​ស៊ីវិល ​និង​លោក​ កឹម សុខា​ ផងដែរ​ដោយផ្តោត​លើ​អនាគត​ប្រទេស​កម្ពុជា​ប្រកប​ដោយ​សន្តិភាព​ ចម្រុងចម្រើន​ អធិបតេយ្យ​និង​ប្រជាធិបតេយ្យ។

លោកស្រី​អនុរដ្ឋមន្ត្រី​ក៏​បាន​ធានា​ដល់​លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​ពី​ចេតនា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការធ្វើការ​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​ផង​ដែរ៕

XS
SM
MD
LG