ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

TosFUND ពង្រឹង​ការ​ប្រមូល​មូលនិធិតាម​អ៊ីនធឺណិត​គាំទ្រ​គម្រោង​អភិវឌ្ឍ​សង្គម

  • ហ៊ាន សុជាតា

គេហទំព័រ​តោះហ្វាន់​ (Tos Fund) ជា​វេទិការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ជួយ​ប្រមូល​មូលនិធិ​ពី​សាធារណជន​ដើម្បី​ជួយ​គាំទ្រ​គម្រោង​អភិវឌ្ឍសង្គម ក្នុងរាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ​២០១៦។

កម្មវិធី​ TosFUND https://www.tosfund.com/ ​ដែល​​ជា​ផ្នែក​មួយ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​Action IEC ​​ក្រោម​​ជំនួយ​ឧបត្ថម្ភ​​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចការ​អភិវឌ្ឍន៍​អន្តរជាតិ​ USAID ​នេះ​ ធ្វើ​ការ​ដាក់​សម្ពោធ​កម្មវិធី​របស់​ខ្លួន​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

វេទិកា​អនឡាញ​ជួយ​ប្រមូលមូលនិធិ​ពី​សាធារណជន ​ហៅថា ​TosFUND​ ត្រូវ​បាន​ដាក់សម្ពោធជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។ ​ក្នុង​រយៈពេល​ជាង​២​ខែ​នៃ​ការ​អនុវត្ត​គម្រោង​ខ្លួន​ TosFUND ទទួល​បាន​ប្រាក់​រៃ​អង្គាស​ប្រមាណ​៥​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ហើយ​ដើម្បី​ជួយ​គាំទ្រ​គម្រោង​អភិវឌ្ឍ​សង្គម​ចំនួន​១៦​គម្រោង។​

TosFUND ​គឺ​ជា​វេទិកា​សាធារណៈ​តាម​អ៊ីនធឺណិតក្នុង​ការ​ប្រមូលមូលនិធិ​ពី​សាធារណជន​ ដើម្បី​គាំទ្រ​គម្រោង​ដោះស្រាយ​បញ្ហា​សង្គម​នានា។​

កម្មវិធី​ TosFUND ​ដែលជា​ផ្នែក​មួយ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​Action IEC ក្រោមជំនួយ​ឧបត្ថម្ភពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចការ​អភិវឌ្ឍន៍​អន្តរជាតិ​ USAID ​នេះ​ ធ្វើ​ការ​ដាក់​សម្ពោធ​កម្មវិធី​របស់​ខ្លួន​ជា​ផ្លូវ​ការនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ ផាន់ វុទ្ធី​ ប្រធាន​គ្រប់គ្រង​កម្មវិធី​ TosFUND ​លើកឡើង​ថា​ កម្មវិធី​ ​TosFUND ​នេះ​គឺ​ជា​យន្តការ​ថ្មី​មួយ​នៅ​កម្ពុជា​ ដើម្បីជួយ​សម្រួល​ដល់​ការ​រៃ​អង្គាស​ប្រាក់​ជំនួយ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សង្គម។​

«យើង​ឃើញ​ប្រជាជន​ខ្មែរ​យើង ​អ្នក​ខ្លះ​គាត់​មាន​លទ្ធភាព​ចង់​បរិច្ចាគ​ទៅ​អ្នក​ដទៃ​ តែ​ការ​បរិច្ចាគ​នេះ​ ពេល​ខ្លះ​គាត់​មាន​ចិត្ត​ដែរ ​តែ​អត់​មាន​មធ្យោបាយ។ ​ TosFUND ​គឺ​ជា​សិល្បៈ​នៃ​ការ​ចែក​រំលែក​ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​តាម​អ៊ីនធឺណិត​ សម្រាប់​ជួយ​ដល់​គម្រោង​មួយ​ចំនួន​ដែលគាត់​ធ្វើ​ការងារ​ជួយ​សង្គម ​ដោយ​ស្មោះត្រង់ ​និង​ផ្តល់​ប្រយោជន៍​ដោយ​ផ្ទាល់»។​

លោក​ ផាន់ វុទ្ធី​ ពន្យល់​ប្រាប់​អំពី​ដំណើរ​ការ​ស្នើសុំ​ការ​ជួយ​ស្វែង​រក​ថវិកា​ឧបត្ថម្ភ​គម្រោង​តាម​រយៈ​កម្មវិធី​ TosFUND ​នេះ​យ៉ាង​ដូច្នេះ៖​

«ទី១​មួយ​ ម្ចាស់ខ្លួន​ត្រូវ​ដឹង​ថា​ គម្រោង​គាត់ជា​គម្រោង​ស្មោះត្រង់ ​មាន​ប្រយោជន៍​ដល់​សង្គម​ពិត​ប្រាកដ។ ​ទី២​ ចូល​ទៅ​ក្នុង​ website​ (គេហទំព័រ)​ បំពេញ​បែប​បទ​ក្នុង​ហ្នឹង។ ​គាត់​ត្រូវ​មាន​វីដេអូ​រយៈពេល​ខ្លី​មួយ​ពន្យល់​អំពី​គោល​បំណង​របស់​គាត់​ អំពី​ថវិកា​ប្រើប្រាស់​ដើម្បី​អ្វី ​លទ្ធផល​រំពឹង​ទុក​ហ្នឹង​បែប​ណា?​ បន្ទាប់​មក​យើង​យក​មក​ឆ្លង​គណៈកម្មការ​ថា​ ​ត្រឹម​ត្រូវ​ហើយ​ យើង​យក​មក​ដាក់​លើ​វេទិកា»។​

មក​ទល់​ពេល​នេះ​ កម្មវិធី​ TosFUND ​បាន​ចូលរួម​ប្រមូល​មូលនិធិ​គាំទ្រ​គម្រោង​បាន​ចំនួន​១៦​ហើយ​ទាក់ទង​នឹង​ការ​ដោះស្រាយ​បញ្ហា​សង្គម​ មាន​ទាំង​ការ​អប់រំ​ វប្បធម៌​ ​សុខភាព ​និង​បរិស្ថាន​ជា​ដើម។

ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​បេសកកម្ម​ខ្លួន​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៦​មក TosFUND ​ទទួល​បាន​មូលនិធិ​គាំទ្រ​ប្រមាណ​៥ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ហើយ។​ គម្រោង​ដែល​ទទួល​បាន​ថវិកា​គាំទ្រ​ទាំង​នោះ​មាន​ជា​អាថ៌​ គម្រោង​សេវា​ព្យាបាល​ជម្ងឺ​អសមត្ថភាព​ផ្នែក​និយាយ ទទួល​បាន​១២០០$ គម្រោង​១០០០​ថ្ងៃ​សម្រាប់​សុខុមាលភាព​ម្តាយ​ និង​ទារក​ទទួល​បាន​ជិត​៧៥០$ ​និង​គម្រោង​រ៉ឺម៉ក់​កង់​៣​របស់​អង្គការ​តម្លាភាព​កម្ពុជា​ប្រឆាំង​អំពើ​ពុករលួយទទួល​បាន​ជិត​៤០០​$ជា​ដើម។​

លោក​ ផាន់ វុទ្ធី​ ឲ្យ​ដឹង​ទៀត​ថា​ ថវិកា​ដែល​មហាជន​ធ្វើការ​បរិច្ចាគ​ទៅ​កាន់​គម្រោងណា​មួយ​តាម​រយៈ​ TosFUND​ គឺឆ្លង​កាត់​តាម​ប្រព័ន្ធ​ធនាគារ​ ហើយ​ផ្ទេរ​ទៅ​ឲ្យគម្រោង​នីមួយៗ​ដោយ​ផ្ទាល់។​ ហើយ​ម្ចាស់​គម្រោង​នីមួយៗ​ត្រូវ​ផ្តល់​ជា​របាយ​ការណ៍​នៅ​លើ​វេទិកា​ TosFUND​ ដើម្បី​បង្ហាញ​ថា​ ការ​ប្រើប្រាស់​ថវិកា​គឺ​ចំ​គោលដៅ។​ ​លោក​ថា​ យន្តការ​នេះ​អាច​ធានា​បាន​នូវ​តម្លាភាព​នៃ​ថវិកា។​

«អញ្ចឹង Tos​FUND ​សហការ​ជាមួយ​ដៃគូ​ចំនួន​៣។​ អ្នក​ចង់​បរិច្ចាគ​អាចធ្វើតាម ​Cellcard គឺ​គាត់អាច​ផ្ញើ​ម្តង​៥០​សេន។​ ​យើង​បាន​សហការ​គ្នា​តាម​ធនាគារ​អេស៊ីលីដា​ គាត់​អាច​បរិច្ចាគ​បាន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក។​ ​ហើយ​យើង​ក៏​បាន​សហការ​ជាមួយ​វីង​ គាត់​អាច​វេរលុយ​ជំនួយ​តាម​ប្រព័ន្ធ​វីង​បាន»។​

លោក​ប៉ិច ពិសី​ ជា​នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ដែល​ធ្លាប់​សហការ​ជាមួយ​ TosFUND​ ដើម្បី​ស្វែង​រក​ថវិកា​គាំ​ទ្រ​គម្រោង​រ៉ឺម៉ក់​កង់​៣​ប្រឆាំង​អំពើ​ពុករលួយ។​ លោក​គាំទ្រ​កម្មវិធី​រៃ​អង្គាស​ប្រាស់​ពី​សាធារណជន​បែប​នេះ​ ដោយសារ​តែ​កម្មវិធី​បែប​នេះ​អាចជួយ​ឲ្យ​គម្រោង​អភិវឌ្ឍន៍​សង្គម​មាន​លទ្ធភាព​កើត​ឡើង​កាន់​តែ​ច្រើន។​

«កម្មវិធី​ TosFUND ​នេះ​ជា​គម្រោង​ផ្តួច​ផ្តើម​ថ្មី​មួយ​ដែល​បង្ក​លក្ខណៈ ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ចូល​រួម​ចំណែក​សង្គម​តាម​រយៈ​ការ​បរិច្ចាគ​ថវិកាផ្ទាល់​ខ្លួន​ តិច​ក្តី​ ច្រើន​ក្តី។​ ​គាត់​អាច​ចូលរួម​ដោយ​ងាយ​ស្រួល​ ​ហើយ​មានលទ្ធផល​វិជ្ជមាន​ដល់​សង្គម​ច្រើន»។

សម្រាប់​លោក​ ប៉ិច ពិសី​ កម្មវិធី​រៃ​អង្គាស​ពី​សាធារណជន​ ដូច​ជា​ TosFUND ​នេះ​ ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​ណែនាំ​ឲ្យ​មហាជន​ស្គាល់​ពី​អត្ថ​ប្រយោជន៍​របស់កម្មវិធី​ ​ព្រម​ទាំង​ការ​បង្កើន​ជំនឿ​ចិត្ត​ពលរដ្ឋ​ក្នុង​ការ​បរិច្ចាគ​ថវិកា ​ដើម្បីធានា​ថា​ ថវិកានោះពិតជា​ចំណាយ​ទៅលើ​ការជួយ​កម្មវិធី​អភិវឌ្ឍន៍សង្គម​មែន៕

XS
SM
MD
LG