ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​បឋមសិក្សា​មាន​បង្រៀន​មុខវិជ្ជា​វិទ្យាសាស្រ្ត​ពិត​ជាក់​ស្តែង


កូន​សិស្ស​ដែល​ចូល​រួមវគ្គ​អំណាន​រដូវកាល​ក្តៅ​នៅ​សាលា​បឋម​សិក្សា​ Buchanan កំពុង​អនុវត្ត​កិច្ចការ​នៅ​បន្ទប់​អនុវត្តន៍​កុំព្យូទ័រ​ នៅ​សាលា​រៀនមួយ​ក្នុង​ទីក្រុង​ Oklahoma ថ្ងៃ​ទី២១ ខែ​កក្កដា​ ឆ្នាំ​២០១៤។​ (រូបភាព​ឯកសារ)
កូន​សិស្ស​ដែល​ចូល​រួមវគ្គ​អំណាន​រដូវកាល​ក្តៅ​នៅ​សាលា​បឋម​សិក្សា​ Buchanan កំពុង​អនុវត្ត​កិច្ចការ​នៅ​បន្ទប់​អនុវត្តន៍​កុំព្យូទ័រ​ នៅ​សាលា​រៀនមួយ​ក្នុង​ទីក្រុង​ Oklahoma ថ្ងៃ​ទី២១ ខែ​កក្កដា​ ឆ្នាំ​២០១៤។​ (រូបភាព​ឯកសារ)

ពិន្ទុ​សូន្យ​មិនមែន​ជា​ពិន្ទុ​ល្អ​ក្នុង​ពេល​ប្រឡង​នៅ​សាលារៀន​ឡើយ​ ប៉ុន្តែ​សាលា​បឋមសិក្សា​មួយ​ឈ្មោះ​ថា​ Discovery ​បែរ​ជា​មាន​មោទន​ភាព​ចំពោះ​ការ​មាន"​សំណល់​​ពិន្ទុ​សូន្យ"​របស់​ខ្លួន​ទៅវិញ។​ សំណល់​ពិន្ទុ​សូន្យ​សម្រាប់​អគារ​សាលារៀន​ មានន័យ​ថា​ សាលារៀន​នោះ​អាច​ផលិត​បរិមាណ​ថាមពល​ដែល​អាច​កកើត​ឡើង​វិញ​នៅ​នឹង​កន្លែង​ ស្មើ​នឹង​បរិមាណ​ថាមពល​ដែល​សាលារៀន​​នោះ​ប្រើប្រាស់។​ សាលា​បឋមសិក្សា​ Discovery គឺ​សាលា​បឋម​សិក្សា​ដែល​មាន​"សំណល់​ពិន្ទុ​សូន្យ"​ដំបូង​នៅរដ្ឋ​ Virginia ​និង​ ជា​សាលា​បឋមសិក្សា​ធំ​បំផុត​នៅ​តំបន់​មជ្ឈិម​អាត្លង់ទិក។​ លោកស្រី​ Faiza Elmasry រៀបរាប់​ថា​ ទិដ្ឋភាព​​ច្នៃ​បង្កើត​ថ្មី​នៅ​អគារ​សាលា​រៀន​នេះ​ នឹង​ប្រែ​ក្លាយ​សាលា​​ទៅ​ជា​ឧបករណ៍​បង្រៀន​ ឬ​ជា​មន្ទីរ​ពិសោធន៍​បើកទូលាយ​ដែល​កូន​សិស្ស​ត្រូវ​តែ​​រៀន​សូត្រ​ពី​វិទ្យាសាស្រ្ត​ និង​និរន្តរភាព។

សាលា​បឋម​សិក្សា​ Discovery ពិត​ជា​ស័ក្តិ​សមទៅ​នឹង​ឈ្មោះ​របស់​វា។​ សាលា​នេះ​មាន​រាប់​ចាប់​ពី​អាហារ​ដ្ឋាន​ដែល​កូន​សិស្សប្រើ​ជញ្ជីង​វាស់​លើ​បរិមាណ​កាក​សំណល់អាហារ រហូត​ដល់​ប្រតិទិន​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ដែល​ភ្ជាប់​នឹង​សាលា​ ដែល​អាច​ប្រាប់​កូន​សិស្ស​ពី​ពេល​វេលា​ និង​ការ​សម្គាល់​នៃ​ការ​ប្រែ​ប្រួល​រដូវកាល។​

លោក​ Greg Rusk​ អ្នក​សម្រប​សម្រួល​បច្ចេក​វិទ្យា​សម្រាប់​បង្ហាត់​បង្រៀន​របស់​សាលា​បឋម​សិក្សា​ Discovery​ នេះ​ និយាយ​ថា​ បន្ទះ​សូឡា​ប្រហែល​១.៧០០​បន្ទះ​នៅ​លើ​ដំបូល​អគារ​សាលា​រៀន​ បាន​ផលិត​ថាម​ពល​គ្រប់​គ្រាន់​សម្រាប់​ដំណើរ​ការ​សាលា​រៀន​ទាំងមូល។​

«ថាមពល​ទាំងនោះ​ ត្រូវ​បាន​បំប្លែង​ទៅ​ជាចរន្ត​អគ្គិសនី​ផ្សេង​ទៀត​ ហើយ​ចរន្ត​នេះ​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​ស្តុក​និង​ផ្គត់​ផ្គង់​អគ្គិសនី​រួម​ បន្ទាប់​មក​យើង​នឹង​ទាញ​យក​អគ្គិសនី​នោះ​ទៅ​ប្រើ​ពេល​ត្រូវការ​ប្រើប្រាស់។​ គោលដៅ​ដែល​យើង​ចង់​បាន​ គឺ​សំណល់​ពិន្ទុ​សូន្យ​ មាន​ន័យថា​យើងផលិត​ថាមពល​អគ្គិសនី​តែ​ក្នុង​បរិមាណមួយ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ប្រើប្រាស់​ប៉ុណ្ណោះ។​ ប៉ុន្តែ​ ក្រុម​ស្ថាបត្យករ​ និយាយ​ថា​ ពួកគេ​រចនា​អគារ​បែបនេះ​ គឺ​ដើម្បី​បង្កើត​សំណល់​លេខ​វិជ្ជមាន​ ដែល​យើង​សង្ឃឹម​ថា​នឹង​អាច​ឲ្យ​យើង​ផលិត​ថាមពល​អគ្គិសនី​កាន់តែ​ច្រើន»។

លោក​ Rusk ​និយាយថា​ ជញ្ជាំង​អគារ​ជាង​មួយ​ភាគ​បី​ធ្វើពី​កញ្ចក់​ គឺ​ដើម្បី​អាច​ប្រើប្រាស់​ពន្លឺ​ព្រះអាទិត្យ​ឲ្យ​បាន​ក្នុង​កម្រិត​អតិបរមា​ និង​មាន​បង្កប់​បំពង់ពន្លឺ​ព្រះអាទិត្យ​នៅ​លើ​ពិដាន​ ដែលបញ្ជូន​ពន្លឺ​ទៅ​ផ្នែក​សំខាន់ៗ​នៃ​អគារ។​ អំពូល​ពន្លឺ LED ​ដែល​អាច​ភ្លឺ​បាន​ល្អ​ ​ត្រូវ​បាន​ដាក់​នៅ​ទី​ដែល​ពន្លឺ​ព្រះអាទិត្យ​មិន​អាច​ទៅដល់។​ ពិដាន​នេះមាន​បន្ទះ​ស្រូប​សំឡេង​ គឺ​ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ដោយ​សំឡេង»។

«សាលារៀន​នេះ​ ​ស្ថិត​នៅ​កណ្តាល​វាល​ ​ដែល​អាច​បង្កើត​ឲ្យមាន​ការឡង​សំឡេង​ជា​ច្រើន។​ ដូច្នេះ​ដើម្បី​បង្ការ ​គេ​ត្រូវ​ដាក់​បន្ទះ​ជាច្រើន​នៅ​ពិដាន​ដើម្បី​អាច​ស្រូប​សំឡេង​បានខ្លះ​ និង​អាចឲ្យ​កូនសិស្ស​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើការ​រៀនសូត្រ»។

ថ្នាក់​រៀន​នីមួយៗ​ មាន​តុគ្រូ​ និង​តុ​សិស្ស​ដែល​មាន​សណ្ឋាន​ប្លែកៗ​ពី​គ្នា ហើយ​ការ​រៀបចំ​កៅអី​មានរបៀប​ផ្សេងៗ​គ្នា។​

«ថ្នាក់រៀន​មួយ​ចំនួន​មាន​កៅ​អី​ចល័ត​ ហើយ​ថ្នាក់​រៀន​ខ្លះទៀត​មាន​កៅអី​រ៉ឺស័រ។​ របៀប​រៀប​កៅអី​គឺ​ទៅ​តាម​ជម្រើស​របស់​កូនសិស្ស​ ឬ​តាម​ជម្រើស​គ្រូប​ង្រៀន។​ ខ្ញុំគិត​ថា ​របៀប​រៀប​បែប​នេះ​ នឹង​ជំរុញ​ទឹកចិត្ត​គ្រូ​បង្រៀន​ និង​កូនសិស្ស​ប្រើប្រាស់​បរិវេណ​ផ្ទាល់​ខ្លួន​សម្រាប់​ការរៀន​សូត្រ​»។

បន្ថែម​លើ​ការ​រចនា​ដែល​មិន​ធ្វើ​តាម​បែប​ប្រពៃណី​នេះ សាលា​បឋម​សិក្សា​ Discovery​ ក៏​មាន​ឧបករណ៍​សម្រាប់​រំអិល​ខ្លួន​ចុះ​ដែល​កូន​សិស្ស​អាច​ប្រើ​ដើម្បី​សម្រូត​ចុះ​ទៅ​ជាន់​ក្រោម​ ជំនួស​ឲ្យការ​ប្រើ​ជណ្តើរ។​

«ការ​រចនា​អគារ​បែប​នេះ​ ជាការ​រៀបចំ​ដែល​មាន​លក្ខណៈ​តាម​លំដាប់​ខ្សែ​បណ្តោយ​ ហើយ​កូន​សិស្ស​តែងតែ​និយាយ​អំពី​រឿង​នេះ​នៅ​ពេល​ពួកគេនៅ​ក្រៅ​សាលារៀន។​ វាជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​លក្ខណៈ​ពិសេស​របស់​សាលារៀន​នេះ​ផ្ទាល់»។

ការ​រចនា​អគារ​បែប​នេះ​ មិន​គ្រាន់​តែ​ជួយ​សន្សំ​សំចៃ​ថាមពល​ទេ វា​ថែម​ទាំង​ផ្តល់​នូវ​ទស្សនវិជ្ជា​បែប​អប់រំ​ផង​ដែរ។​

«អគារ​បើក​ទូលាយ​បែបនេះ​ នឹង​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​កូន​សិស្ស​ធ្វើការ​ជាមួយគ្នា។​ ប្រសិន​បើ​អ្នក​ដក​បច្ចេក​វិទ្យាទាំង​អស់​នោះ​ចេញ​ ពួក​គេ​នៅតែ​ធ្វើការ​រួមគ្នា​ ហើយ​នោះ​គឺ​ជា​គន្លឹះ​សម្រាប់​ភាព​ជោគ​ជ័យ​សកល។​ ខ្ញុំ​គិតថា​ យើង​ត្រូវ​តែ​បន្ត​ការ​ធ្វើបែប​នេះ​ និង​ចាត់​ទុក​វា​ជា​គោល​បំណង​សម្រាប់​អប់រំ​មួយ»។

អ្នក​ស្រី​ Erin Russo ​នាយក​សាលា​បឋម​សិក្សា​ Discovery ក៏​បានយល់​ស្រប​បែប​នេះ​ដែរ។ អ្នក​ស្រី​និយាយ​ថា៖​

«សាលា​បឋម​សិក្សា​នេះ​ មិន​មែន​គ្រាន់តែ​ជាអគារ​សិក្សា​ដែល​កូន​សិស្ស​មក​រៀន​រាល់ថ្ងៃ​ទេ​ វាក៏​ជា​អគារ​ដែល​កូន​សិស្ស​អាច​សិក្សា​ស្វែង​យល់​ពីវា​ជារៀង​រាល់​ថ្ងៃ​ផងដែរ។​ គ្រប់​ជ្រុង​ គ្រប់​ច្រកផ្លូវ​ សុទ្ធតែ​ជា​ឱកាស​សម្រាប់​ការរៀនសូត្រ។​ ជាក់ស្តែង ​ក្រុម​កូន​សិស្ស​រៀន​ថ្នាក់​ទី៥​ របស់​យើង​ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ទិដ្ឋភាព​មួយ​នៃ​និរន្តរភាព​របស់​អគារ​នេះ​ ហើយ​ខ្ញុំជឿជាក់​ថា​ ប្រសិន​បើអ្នក​សាក​សួរ​កូនសិស្ស​ទាំងនោះ​ នោះអ្នក​នឹងឃើញ​ថា​ នេះ​គឺជា​ចំណុច​លេច​ធ្លោ​នៃការ​សិក្សារបស់​ពួក​គេ​ក្នុង​ឆ្នាំ​នេះ»។

កុមារី​អាយុ​១០ឆ្នាំ​ម្នាក់​ឈ្មោះ​ Anna Sprinker ​បាន​សិក្សា​អង្កេត​លើអណ្តូង​ផ្តល់​កំដៅ​ក្រោម​ដី​ ដែល​ស្ថិត​នៅ​ខាង​ក្រោម​ទីធ្លា​ក្មេង​លេង​ ដែល​អណ្តូង​នេះ​ស្រូប​ថាមពល​ពី​ខាង​ក្រោម​ស្រទាប់​ខាង​ក្រៅ​នៃ​ផែនដី។​

«ខ្ញុំ​បាន​ដឹង​ពី​ទីតាំង​របស់​អណ្តូង​ទាំងនោះ​ ដឹង​ពីជម្រៅ​របស់​វា​ ដឹង​ពី​របៀប​ដែល​អណ្តូង​ទាំង​នោះ​ជួយឲ្យ​មាន​ការ​ប្រើប្រាស់​ថាមពល​ដល់​កម្រិត​សូន្យ​ និងដឹង​ពី​របៀប​ដែល​អណ្ដូង​ទាំង​នោះ​ចូល​រួម​ការពារ​បរិស្ថាន។​ ប្រសិន​បើ​អ្នក​អាន​សៀវភៅ​វិទ្យាសាស្រ្ត​ អ្នក​នឹង​មើល​ឃើញ​រូបភាព​ជា​ឧទាហរណ៍​តែ​ប៉ុណ្ណោះ​ ប៉ុន្តែវារឹត​តែ​ប្រសើរ​ថែម​ទៀតនៅ​ពេល​យើង​មើល​ឃើញ​វិទ្យាសាស្ត្រ​នោះ​ពិត​ជាក់​ស្តែង»។​

ឧទាហរណ៍​ទាំង​អម្បាល​ម៉ាន​ដែល​លោកគ្រូអ្នក​គ្រូ​បាន​និយាយ​នេះ​ ធ្វើ​ឲ្យ​សាលា​បឋម​សិក្សា​ Discovery ​នេះ​ផ្ទាល់​ក្លាយ​ជាកិច្ច​តែង​ការ​សម្រាប់​ការ​បង្រៀន។​

«យើង​ទើប​តែ​ចាប់​ផ្តើមរៀន​អំពី​អគារ​នេះ​ និង​សិក្សា​លើ​របៀប​ដែល​អគារ​នេះ​អាច​លើក​កម្ពស់​ការ​សិក្សា​របស់​កូន​សិស្ស។​ យើង​តែង​និយាយ​ថា​ យើង​ធ្វើ​ការងារ​ដែល​កំពុង​តែ​មាន​ដំណើការ»។

ហើយ​ពួក​យើង​កំពុង​រៀន​សូត្រពី​បទពិសោធន៍​មួយដ៏​គួរ​ជាទី​រំភើប​សម្រាប់​ទាំង​កូន​សិស្ស​ និង​គ្រូ​បង្រៀន៕​

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG