ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ញវន្ត៖ ការ​សិក្សា​កម្រិត​​ឧត្តម​សិក្សា​នៅ​កម្ពុជា​ខ្វះ​ការ​ស្រាវជ្រាវ


សិស្ស​វិទ្យាល័យ​ចាក​ចេញ​ពី​មណ្ឌល​ប្រលង​វិទ្យាល័យ​សន្ធរ​ម៉ុក​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៥។​ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ ដែល​ការប្រលង​មធ្យម​សិក្សា​ទុតិយ​ភូមិ ​​ដែល​ក្រសួង​អប់រំ​បាន​រឹតបន្តឹង​លើ​ការប្រលង។ (ប៉ាង​ ចំណាន/VOA)
សិស្ស​វិទ្យាល័យ​ចាក​ចេញ​ពី​មណ្ឌល​ប្រលង​វិទ្យាល័យ​សន្ធរ​ម៉ុក​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៥។​ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ ដែល​ការប្រលង​មធ្យម​សិក្សា​ទុតិយ​ភូមិ ​​ដែល​ក្រសួង​អប់រំ​បាន​រឹតបន្តឹង​លើ​ការប្រលង។ (ប៉ាង​ ចំណាន/VOA)

នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ ​សាស្ត្រាចារ្យ​​តម្រូវ​ឲ្យ​​ធ្វើការ​​ស្រាវជ្រាវ​ដើម្បី​ទទួល​បាន​ការ​ឡើង​តំណែង​ និង​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​ ហើយ​គោល​ការណ៍​លើក​ទឹកចិត្ត​បែប​នេះ​មិន​ទាន់​បាន​អនុវត្ត​នៅ​កម្ពុជា​នោះ​ទេ។

កង្វះការស្រាវជ្រាវ​ក្នុង​ចំណោម​សាស្ត្រាចារ្យ មហាវិទ្យាល័យ​គឺ​ជា​មូលហេតុ​ចម្បងមួយ ​ដែល​ធ្វើ​ឲ្យ​ការ​រីក​ចម្រើន​វិស័យ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ទាបនៅ​ឡើយ​ បើ​ធៀប​នឹង​ប្រទេស​អភិវឌ្ឍ។ ​ កង្វះ​ខាត​ថវិកា​គាំទ្រ​ លទ្ធភាព​តិចតួច​ក្នុង​ការ​ចុះ​ផ្សាយ​អត្ថបទ​ស្រាវ​ជ្រាវ ​និង​កង្វះ​យន្ត​ការ​ជាក់លាក់​ដើម្បី​ធានា​ដល់​ការ​ស្រាវជ្រាវ​គឺ​ជា​បញ្ហា​ប្រឈម​ចម្បង​ៗ​របស់​អ្នក​ស្រាវ​ជ្រាវ​នៅ​កម្ពុជា។​

បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ​ចំនួន​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ដល់១៦២គ្រឹះ​ស្ថាន​ទូទាំង​ប្រទេស​យ៉ាង​ណា​ក្តី​ ក៏​ការ​រីក​ចម្រើន​ខាង​វិស័យ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ​ បើ​ធៀប​នឹង​ប្រទេស​អភិវឌ្ឍ។​ ជា​ពិសេស​គឺ​កង្វះការស្រាវជ្រាវ​ក្នុង​ចំណោម​សាស្ត្រាចារ្យ​ឧត្តម​សិក្សា។​ នេះ​បើ​តាម​ការ​លើក​ឡើងដោយ​បញ្ញវន្ត​ និង​អ្នក​ស្រាវ​ជ្រាវ​នៅ​កម្ពុជា។

លោក​រស់ វុទ្ធ​ថា​ វ័យ​២៧ឆ្នាំ​ជា​សាស្ត្រាចារ្យ​ និង​ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​បរិញ្ញាបត្រ​នៃ​វិទ្យាស្ថាន​ភាសា​បរទេសនៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ តួនាទី​របស់​សាស្ត្រាចារ្យ​មហា​វិទ្យាល័យ​មាន​៣​សំខាន់​គឺ​ការ​បង្រៀន​ ការ​ផ្តល់សេវា​កម្ម​អប់រំ និង​ការ​ធ្វើការស្រាវជ្រាវ។​ ក៏​ប៉ុន្តែ​ ការ​ស្រាវ​ជ្រាវ​នា​ពេល​នេះ​នៅ​មិន​ទាន់​ជា​អាទិភាព​នៅ​ឡើយ​នោះ​ទេ។​

«សាលា​យើង​ភាគ​ច្រើ​ន​យើង​មិន​ទាន់​ចាត់​ទុកថា ​ជា​ Research University ​(សាកល​វិទ្យាល័យ​ស្រាវជ្រាវ) ​នោះ​ទេ។​ Requirement ​(តម្រូវការ) ​យើង​សំខាន់​ជាង​គេ​គឺ​បង្រៀន។​ ចំណូល​របស់​សាលា​ធំ​គឺ​បាន​មក​ពី​បង្រៀន អញ្ចឹង​សេវា​កម្ម​ដែល​យើង​ផ្តល់​ឲ្យ​គឺ​បង្រៀន​សិស្ស។ ​តែ​មិន​មែន​ថា​ អត់​មាន ​Research​ (ស្រាវជ្រាវ)សោះ​ទេ.​ ​យើង​មាន​ដែរ​ តែ​វា​តូចៗ»។

បើ​តាម​លោក​រស់ វុទ្ធ​ថា​ បញ្ហា​ប្រឈម​សំខាន់ៗ​ចំពោះ​ការ​ស្រាវ​ជ្រាវ​រួម​មាន​ កង្វះ​ខាត​ថវិកា​គាំទ្រ​ និង​លទ្ធភាព​ចុះ​ផ្សាយ​អត្ថបទ​ស្រាវ​ជ្រាវ​ទាំង​នោះ។​ ជា​ទូទៅ​អ្នក​ស្រាវ​ជ្រាវ​ខ្មែរ​ត្រូវ​ស្រាវជ្រាវ​រួម​គ្នា​ជា​មួយ​បរទេស​ដើម្បី​បានចុះ​ផ្សាយ​អត្ថបទ​ស្រាវ​ជ្រាវ​ទាំង​នោះ។

«អ្នក​ណា​ក៏​គិត​ថា​ វា​សំខាន់ ​ហើយ​ផ្ដល់​តម្លៃ​ឲ្យ​វា​ដែរ។ ​តែ​សួរ​ថា​ យើង​អាច​ធ្វើ​បាន​ដល់​កម្រិត​ណា​ ​គឺជា​រឿង​ដែល​យើង​ត្រូវ​គិត»។​

លោក​បណ្ឌិត ដេត​ សុខឧត្ដម​ ជា​អ្នក​ស្រាវជ្រាវ​ និង​ជាសកលវិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​កម្ពុជា បាន​ទទួល​ស្គាល់​បញ្ហា​ខ្វះ​ខាត​មូលនិធិ​ស្រាវជ្រាវ ក៏​ប៉ុន្តែ​លោក​ថា​ អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​ក៏​អាច​ស្វែង​រក​មូលនិធិ​គាំទ្រ​ការស្រាវ​ជ្រាវ​ពី​ស្ថាប័ន​ ឬ​អង្គការ​អន្តរជាតិ​នានា​ដែល​ធ្វើការ​ទៅលើ​ប្រធាន​បទ​ស្រដៀង​គ្នា​នោះ​ដែរ។​

លោកនិយាយ​ថា​ នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ ​សាស្ត្រាចារ្យតម្រូវ​ឲ្យធ្វើការស្រាវជ្រាវ​ដើម្បី​ទទួល​បាន​ការ​ឡើង​តំណែង​ និង​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​ ហើយ​គោល​ការណ៍​លើក​ទឹកចិត្ត​បែប​នេះ​មិន​ទាន់​បាន​អនុវត្ត​នៅ​កម្ពុជា​នោះ​ទេ។​

លោក​ដេត សុខឧត្ដម​បញ្ជាក់​ប្រាប់​ VOA ​ថា​ ការ​ស្រាវ​ជ្រាវ​របស់​សាស្ត្រាចារ្យ​ជា​រឿង​សំខាន់មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន ​និង​ដើម្បី​តាម​ឲ្យ​ទាន់​ស្ថានភាពសង្គម​ និង​ពិភព​លោក​ដែល​មាន​ការ​វិវឌ្ឍយ៉ាង​ឆាប់​រហ័ស​នោះ។​

«អ្វី​ដែល​យើង​ចែក​រំលែក​ទៅ​សិស្ស​គឺ​ត្រូវ​តែ​ថ្មី​ ត្រូវ​តែ​មាន​ទំនើប​កម្ម​ទៅ​នឹង​អ្វី​ដែល​គេ​រក​ឃើញ​ថ្មី។​ កាល​ណា​តែ​យើង​ជា​សាស្ត្រាចារ្យ​ ជា​បញ្ញវន្ត​ហើយ​ យើង​មិន​អាច​ដក​ខ្លួន​ចេញ​ពី​ការស្រាវជ្រាវ​បាន​ទេ ​ព្រោះ​វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង។ តែ​យើង​ដក​ខ្លួន​ចេញ ​ចំណេះ​ដឹង​ដែល​យើង​មាន​ទាំង​ប៉ុន្មាន​ទៅជា​ចាស់។​

ឧទាហរណ៍​ថា​ យើង​បង្រៀន​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​៤ឆ្នាំ​មុន​ យើង​និយាយ​រឿង al-Qaida​ មក​ដល់​លើក​នេះ ​យើង​ត្រូវ​តែ​និយាយ​រឿង​ ISIS»។​

របាយ​ការណ៍​របស់​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការ​ និង​សន្តិភាព ​CICP ចំណង​ជើង​ថា «ការ​ស្រាវ​ជ្រាវ​នៅ​កម្ពុជា​បង្កើត​គំរូ​ដើម្បី​កសាង​សមត្ថភាព»​ បាន​លើក​ឡើង​ថា​ ចំនួន​អ្នក​ចាប់​អារម្មណ៍​ទៅលើ​ការស្រាវ​ជ្រាវ​មាន​ការ​កើន​ឡើង។​ ប៉ុន្តែ​ឆន្ទៈ​របស់​ពួក​គេ​ត្រូវ​រង​សម្ពាធ​ហិរញ្ញ​វត្ថុ​ និងទំហំ​ការងារ​ច្រើន​ពេក​ដែល​ធ្វើ​ឲ្យ​សាស្ត្រាចារ្យ​ទាំង​នោះ​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ស្រាវជ្រាវ។​

របាយ​ការណ៍​នេះ​ដែល​ចេញ​ផ្សាយកាល​ពី​ខែ​មិនា​ឆ្នាំ​២០១៦​ ​បាន​លើក​ឡើង​ថា ជា​ទូទៅ​ហិរញ្ញ​វត្ថុ​ ដែល​គាំទ្រ​ការ​ស្រាវជ្រាវ​របស់​កម្មវិធី​ ឬ​អង្គការ​អន្តរជាតិ​ តែងតែ​ទាម​ទារ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​សម្រប​ខ្លឹម​សារ​ស្រាវ​ជ្រាវ​របស់​ខ្លួនទៅ​តាម​លក្ខខណ្ឌ​ ឬ​តម្រូវ​ការ​របស់​កម្មវិធី​ទាំង​នេះ។​

លោក​ពូ ​សុវចនា​ ជា​នាយក​រង​នៃវិទ្យាស្ថាន ​CICP បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​មាន​គោល​នយោបាយជំរុញ​ការ​ស្រាវ​ជ្រាវ​ខ្លះ​ដែរ​ ក៏​ប៉ុន្តែ​នៅខ្វះ​ការ​អនុវត្ត​ជាក់​ស្តែង​ ពោល​គឺ​ខ្វះ​យន្ត​ការ​វាយ​តម្លៃ​គុណភាព​អប់រំ​ជាក់លាក់​ពី​ក្រសួង​អប់រំ​ និង​គ្រឹះស្ថាន​អប់រំ​ផ្ទាល់​តែ​ម្តង។​

«Vision​ របស់​ក្រសួង​អប់រំ​ឆ្នាំ​២០៣០​បាន​លើកឡើងថា ​យើង​ត្រូវ​តែ​វាយ​តម្លៃ ​និង​ធ្វើ​ឲ្យ​ការ​ស្រាវ​ជ្រាវ​ហ្នឹង​ក្លាយ​ជា​អាទិភាព​ដើម្បី​កសាង​ជាតិ។​ ប៉ុន្តែ​ភាព​ជាក់​ស្តែង​មិន​មែន​អញ្ចឹង​ទេ។​ វា​មាន​គម្លាត​នៃ​ការ​សរសេរ​ និង​ភាព​ជាក់​ស្តែង។ ​ប្រទេស​ណា​ក៏​ដោយ​ បើ​អត់​មាន​ការ​ស្រាវ​ជ្រាវ​ស៊ីជម្រៅ​ទេ ​ប្រទេស​នោះ​ក៏​អត់​មាន​ការ​រីក​ចម្រើន​គង់វង្ស​ដែរ លុះ​ត្រា​តែ​យើង​យក​ការ​ស្រាវ​ជ្រាវ​ជា​អាទិភាព»។​

កាល​ពី​ឆ្នាំ​២០១៤​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ស្តី​ពី​ចក្ខុ​វិស័យ​ឧត្តម​សិក្សា​ឆ្នាំ​២០៣០ ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​ទាំង​ការ​សិក្សា​ ការ​បង្រៀន និង​ការ​ស្រាវ​ជ្រាវ។​

លោក​រស់ ​សាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ការ​ស្រាវ​ជ្រាវ​របស់​សាស្ត្រាចារ្យ​មហា​វិទ្យាល័យ។ ​ក៏​ប៉ុន្តែ​លោកថា​ ​ប្រទេស​កំពុង​អភិវឌ្ឍ​ រួម​ទាំង​កម្ពុជា​ផង​នោះ​ មិន​សូវ​មាន​ទម្លាប់​សកម្ម​ក្នុង​ការ​ស្រាវ​ជ្រាវដូច​ប្រទេស​អភិវឌ្ឍ​នោះ​ទេ។

«សាស្ត្រាចារ្យ​ដែល​បង្រៀន​ទាម​ទារ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ ព្រោះ​នៅ​ក្នុង​បរិបទ​នៃ ការ​អប់​រំ​ថ្នាក់​ឧត្ដម​សិក្សា​នេះ ​គឺ​ពី​មួយ​ឆ្នាំ​ទៅ​ឆ្នាំ​ មុខ​វិជ្ជាដែល​គាត់​បង្រៀន​មាន​ការ​ប្រែ​ប្រួល ​ឬ​មាន​ការ​រក​ឃើញ​ និង ​Case Study ​ថ្មីៗ​ ដើម្បី​ភ្ជាប់​ជា​អំណះអំណាង​ទៅ​នឹង​ទ្រឹស្ដី​ដែល​គាត់​បង្រៀន។​ ជា​រួម​ ចក្ខុវិស័យ​នេះ​ ហាក់​ដូច​ជា​ត្រី​វិស័យ ​ដែល​ឲ្យ​គ្រឹះស្ថាន​អប់រំទាំង​អស់​នោះ​អភិវឌ្ឍ​ខ្លួន​តាម​ទិសដៅ​មួយ​ជា​វិជ្ជ​មាន​ដើម្បី​បង្កើន​គុណភាព​សេវា​អប់រំ​ និងបង្កើន​សមត្ថភាព​និស្សិត​ផង»។​

កត្តា​សំខាន់​មួយ​ទៀត​ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​លូត​លាស់​នៃ​ការ​ស្រាវ​ជ្រាវ​នៅ​កម្ពុជា​គឺ​ការ​រឹតត្បិត​ចំពោះ​ការ​ស្រាវ​ជ្រាវ​ទាក់​ទង​នឹង​ប្រធាន​បទ​ចម្រូង​ចម្រាស ជា​អាទិ​បញ្ហា​ដី​ធ្លី អំពើ​ពុក​រលួយ​ អយុត្តិធម៌​សង្គម​ បញ្ហា​ព្រំដែន​ និង​នយោបាយ​ជា​ដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG