ខណៈពេលដែលសហរដ្ឋអាមេរិក អបអរសាទរប្រធានាធិបតីហ្វីលីពីនដែលទើបជាប់ឆ្នោតថ្មី លោក Ferdinand "Bongbong" Marcos Jr ដែលឈ្នះការបោះឆ្នោតដើម្បីក្លាយជាមេដឹកនាំថ្មីក្នុងប្រទេសហ្វីលីពីននោះ ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងពង្រឹងសម្ពន្ធភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរនិងបន្តលើកកម្ពស់ការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋ។
សេតវិមានបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅទូរសព្ទស្វាគមន៍ទៅកាន់លោក Ferdinand Marcos Jr. ចំពោះជ័យជម្នះរបស់លោក។
នៅថ្ងៃពុធម្សិលមិញនេះឧបការីរងក្រសួងការបរទេសអាមេរិកលោកស្រី Jung Pak បានផ្តល់បទសម្ភាសន៍មួយជាមួយប្រធានអ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំក្រសួងការបរទេសអាមេរិកអ្នកស្រី Nike Ching ដើម្បីឆ្លុះបញ្ចាំងពីកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានដែលនឹងធ្វើឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនៅថ្ងៃនេះ។
មេដឹកនាំទាំង១០ប្រទេសនៃប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានមានគម្រោងនឹងចូលរួមក្នុងជំនួបកំពូលពិសេសនេះ លើកលែងតែប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលត្រូវចេញពីតំណែងនិងមេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing។
លោកស្រី Pak បានថ្លែងប្រាប់វីអូអេថា សហរដ្ឋអាមេរិកនឹងបន្ត«ចាត់វិធានការ»ដើម្បីដាក់សម្ពាធលើរបបសឹកយោធាក្នុងប្រទេសមីយ៉ាន់ម៉ាតាមវិធីផ្សេងៗដើម្បីឱ្យប្រទេសនេះវិលត្រឡប់ទៅរកមាគ៌ាលទ្ធិប្រជាធិបតេយ្យឡើងវិញបន្ទាប់ពីក្រុមយោធានៅក្នុងប្រទេសនេះបានធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលចេញពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។
នៅពេលសួរអំពីសេចក្តីរាយការណ៍ព័ត៌មានដែលថា ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីក្នុងប្រទេសហ្វីលីពីនលោក Marcos នឹងទុកមួយអន្លើនូវសេចក្តីសម្រេចកាលពីឆ្នាំ២០១៦របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ក្នុងទីក្រុងឡាអេរ៍នៃប្រទេសហូឡង់ដែលបានប្រឆាំងជំទាស់ទៅនឹងការទាមទារអធិបតេយ្យភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងជាមួយហ្វីលីពីននោះ លោកស្រី Pak បាននិយាយថា លោកស្រីមិនអាចធ្វើការវាយតម្លៃជាមុនអំពីរបៀបវារៈដឹកនាំរបស់លោក Marcos នោះទេ៕