កូនប្រុសអតីតមេដឹកនាំផ្តាច់ការហ្វីលីពីនលោក Ferdinand Marcos ទទួលបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីននៅថ្ងៃអង្គារនេះស្របពេលដែលមានការព្រមានថា ការវិលត្រឡប់មកកាន់អំណាចជាថ្មីវិញនៃវង្សត្រកូលជនផ្តាច់ការរូបនេះអាចធ្វើឱ្យមានអំពើពុករលួយខ្លាំងនិងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យចុះខ្សោយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌ មាន AFP។
ដោយការរាប់សន្លឹកឆ្នោតជិតរួចរាល់ហើយនោះ លោក Ferdinand "Bongbong" Marcos ទទួលបានសំឡេងគាំទ្រជាង៥៦ភាគរយនៃចំនួនសន្លឹកឆ្នោតសរុបគឺច្រើនជាងពាក់កណ្តាលនៃគូប្រជែងរបស់លោក គឺលោកស្រី Leni Robredo ដែកជាបេក្ខជនសេរីនិយមនោះ។
ជោគជ័យរបស់លោកMarcos ជាសមិទ្ធផលដ៏ធំមួយរបស់ប្រជាពលរដ្ឋហ្វីលីពីនរាប់លាននាក់ដែលចង់ធ្វើការផ្លាស់ប្តូរការដឹកនាំនៅក្នុងប្រទេសនេះបន្ទាប់ពីប្រធានាធិបតីដែលត្រូវចេញពីអំណាចគឺលោកRodrigo Duterte បានដឹកនាំប្រទេសអស់រយៈពេល៦ឆ្នាំដោយការបង្ហូរឈាមនិងការកើនឡើងនៃការគ្រប់គ្រងតាមបែបផ្តាច់ការ។
ដោយឡែកកូនស្រីរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះគឺលោកស្រី Sara Duterte ត្រូវបានប្រជា ពលរដ្ឋហ្វីលីពីនបោះឆ្នោតឱ្យជាប់ធ្វើជាអនុប្រធានាធិបតីហ្វីលីពីនក្នុងសំឡេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីផងដែរ។
កាលពីឆ្នាំ១៩៨៦អតីតប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos និងភរិយារបស់លោកគឺលោកស្រី Imelda Marcosត្រូវបានពលរដ្ឋហ្វីលីពីនផ្តួលរលំនៅក្នុងបដិវត្តអំណាចប្រជាជនឬ "People Power" revolution ដែលបានបណ្តេញប្រធានាធិបតីនិងភរិយារូបនេះឱ្យធ្វើនិរទេសខ្លួនទៅរស់នៅក្រៅប្រទេស។
ដោយការចងចាំនៃរបបផ្តាច់ការបានរសាត់ទៅតាមពេលវេលានិងការបង្ហោះសារដែលធ្វើឱ្យមានការភ័ន្តច្រឡំរាប់មិនអស់នៅបណ្តាញហ្វេសប៊ុកនោះ ពលរដ្ឋហ្វីលីពីនបានសម្រេចចិត្តបោះឆ្នោតឱ្យលោក Marcosដែលជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីនរូបនេះដើម្បីនាំត្រឡប់មក វិញនូវសម័យកាលដ៏រុងរឿងមួយដែលពួកគេធ្លាប់ទទួលបាននិងស្រមៃដល់កាលពីអតីតកាលកន្លងទៅ។
លោក Anthony Sola ដែលជាអ្នកគាំទ្រលោកMarcos និងជាមន្ត្រីប៉ូលិសចូលនិវត្តមួយរូបបានឱ្យដឹងថា «លោកប្រធានាធិបតីថ្មីនឹងជួយហ្វីលីពីនឱ្យចាកផុតពីភាពក្រីក្រដែលកំពុងកើតមាននៅពេលនេះ»។
អ្នកគាំទ្ររូបនេះបានច្រានចោលការចោទប្រកាន់ដែលថា គ្រួសាររបស់លោកMarcos បានលួចលុយជាតិចំនួន១០ពាន់លានដុល្លារនៅក្នុងអំឡុងពេលនៃការកាន់អំណាចកាលពីអតីតកាលនោះ។លោកបន្ថែមទៀតថា «ខ្ញុំមិនជឿថា គ្រួសារមួយនេះលួចលុយនោះទេ ពីព្រោះបើពួកគេលួចមែននោះ ពួកគេប្រហែលជាជាប់ក្នុងពន្ធនាគារបាត់ទៅហើយ»៕