សហរដ្ឋអាមេរិក កំពុងត្រៀមប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបចំពោះសកម្មភាពរបស់រុស្ស៊ីនៅក្នុងការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងការលួចចូលក្នុងប្រព័ន្ធកំព្យូទ័ររបស់ទីភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិក។
ប្រភពដែលបានដឹងអំពីបញ្ហានេះបាននិយាយថា ការប្រកាសនេះអាចនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ និងថា វិធានការនេះត្រូវគេរំពឹងថានឹងរួមបញ្ចូលផងដែរនូវការដាក់ទណ្ឌកម្មហិរញ្ញវត្ថុនិងការបណ្តេញមន្ត្រីរុស្ស៊ីមួយចំនួនចេញពីសហរដ្ឋអាមេរិក។
ទីភ្នាក់ងារផ្នែកស៊ើបការណ៍សម្ងាត់និងផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រទ្រង់ទ្រាយធំដែលត្រូវបានរកឃើញកាលពីឆ្នាំមុនពាក់ព័ន្ធនឹងក្រុមហ៊ុន SolarWinds ដែលជាក្រុមហ៊ុនគ្រប់គ្រងកម្មវិធី software កំព្យូទ័រ នៅរដ្ឋ Texas គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងប្រមូលព័ត៌មានសម្ងាត់ណាដែលទំនងជាធ្វើឡើងដោយរុស្ស៊ី។
ការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រនេះបានធ្វើឲ្យអ្នកលួចចូលមានលទ្ធភាពអាចចូលទៅប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រុមហ៊ុនចំនួនរាប់ពាន់និងទីភ្នាក់ងារសហព័ន្ធជាច្រើនទៀត ដែលក្នុងនោះរួមមានទាំងក្រសួងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងថាមពល និងក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកផងដែរ។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតី Joe Biden បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin តាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិក «នឹងអនុវត្តដោយតឹងរ៉ឹងនៅក្នុងការការពារផលប្រយោជន៍ជាតិរបស់ខ្លួនដើម្បីឆ្លើយតបចំពោះសកម្មភាពនានារបស់រុស្ស៊ី ដូចជាការលួចចូលក្នុងប្រព័ន្ធកំព្យូទ័រ និងការជ្រៀតជ្រែកក្នុងការបោះឆ្នោតជាដើម»៕