ក្រុមមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ពួកគេឯកភាពជាមួយនឹងលោកប្រធានាធិបតី Donald Trump ក្នុងការធ្វើឲ្យក្លាយទៅជាច្បាប់ចំពោះការការពារជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមដែលចូលមកក្នុងសហរដ្ឋអាមេរិកតាំងពីកុមារ។ ក្រុមមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យទាំងនោះក៏ធ្វើការផងដែរលើវិធានការសន្តិសុខព្រំដែននានា ដោយមិនរួមបញ្ចូលនូវជញ្ជាំងព្រំដែននៅតាមបណ្ដោយព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិកនោះទេ។
មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាលោកស្រី Nancy Pelosi និងមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាលោក Chuck Schumer បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយថា ការឯកភាពគ្នានេះបានធ្វើឡើងនៅក្នុងការប្រជុំមួយដែលផ្ដោតលើកម្មវិធីសកម្មភាពពន្យារពេលបញ្ជូនជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមដែលចូលមកក្នុងសហរដ្ឋអាមេរិកតាំងពីកុមារចេញពីប្រទេស ដែលហៅកាត់ថា DACA។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders បានធ្វើការវាយតម្លៃផ្សេងពីនេះអំពីសេចក្ដីសន្និដ្ឋានដែលសម្រេចបាននៅក្នុងការប្រជុំនោះ។
លោកស្រីបានសរសេរនៅលើប្រព័ន្ធ Twitter ថា៖ «ទោះបីជាកម្មវិធី DACA និងសន្តិសុខព្រំដែនត្រូវបានពិភាក្សានៅក្នុងការប្រជុំនោះក៏ដោយ ក៏គ្មានការឯកភាពគ្នាចំពោះការមិនរាប់បញ្ចូលនូវជញ្ជាំងព្រំដែននោះដែរ»។
លោក Donald Trump បានលុបចោលនូវកម្មវិធី DACA នេះកាលពីសប្ដាហ៍មុន ដោយទុករយៈពេល ៦ ខែ ឲ្យសភាធ្វើការស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះបញ្ហានេះ៕