កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនានេះ សហរដ្ឋអាមេរិកបានឆ្លើយតបនឹងការលើកឡើងកាលពីដើមសប្តាហ៍របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថា សម្ព័ន្ធសន្តិសុខត្រីភាគីរវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកមិនមែនជាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យរីកសាយអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ។
កាលពីថ្ងៃចន្ទ ទី៥ ខែមិថុនា លោក ហ៊ុន សែន បាននិយាយថា សម្ព័ន្ធសន្តិសុខត្រីភាគី អូស្ត្រាលី-អង់គ្លេស-អាមេរិក ដែលគេហៅកាត់ថា AUKUS គឺជា «ចំណុចចាប់ផ្តើមនៃការរត់ប្រណាំងសព្វាវុធដ៏មានគ្រោះថ្នាក់» ខណៈដែលលោកជំទាស់នឹងការនាំចូលនៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។
សម្ព័ន្ធមិត្តទាំងបីប្រទេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែមីនា ដើម្បីពង្រឹងវត្តមានរបស់ពួកគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនៅទីនោះប្រទេសចិនកំពុងពង្រីកជំហរយោធារបស់ខ្លួន។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យអូស្ត្រាលីទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៣គ្រឿងពីសហរដ្ឋអាមេរិក។
ក្នុងសារអ៊ីមែលឆ្លើយតបនឹងសំណើសុំការបកស្រាយរបស់ VOA អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា៖ «សម្ព័ន្ធសន្តិសុខអូស្ត្រាលី-អង់គ្លេស-អាមេរិក (AUKUS) មានគោលបំណងបង្កើនសន្តិភាព វិបុលភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ។ តាមរយៈ AUKUS យើងនឹងគាំទ្រអូស្ត្រាលីក្នុងការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលជាបច្ចេកវិទ្យាធ្លាប់បានប្រើប្រាស់យូរអង្វែងនិងមានសុវត្ថិភាព»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយនៅពិធីចែកសញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន គឺជា«តំបន់គ្មានអាវុធនុយក្លេអ៊ែរ» ដែលជាប្លុកក្នុងតំបន់មួយ ដែលប្រឆាំងនឹងការរីកសាយនៃអាវុធនុយក្លេអ៊ែរ។ លោកបាននិយាយថា សម្ព័ន្ធសន្តិសុខ AUKUS គឺជា «ចំណុចចាប់ផ្តើមនៃការរត់ប្រណាំងសព្វាវុធដ៏មានគ្រោះថ្នាក់»។
លោក ហ៊ុន សែន អះអាងថា៖ «សម្ព័ន្ធភាពខ្នាតតូចទាក់ទិននឹងការប្រើប្រាស់នាវាមុជទឹកដើរដោយនុយក្លេអ៊ែររវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី ក៏កំពុងក្លាយជាកង្វល់របស់អាស៊ាន និងបណ្តាប្រទេសនៅក្នុងតំបន់ ព្រោះថាអាស៊ានមានចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយយើងប្រឆាំងនឹងការរីកសាយនៃអាវុធនុយក្លេអ៊ែរ»។
ប្រទេសចិន ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ខណៈពេលដែលកំពុងមានជម្លោះជាមួយប្រទេសសមាជិកអាស៊ានជុំវិញការទាមទារដែនទឹកសមុទ្រចិនខាងត្បូងនោះ បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ស្តីអំពីសម្ព័ន្ធសន្តិសុខ AUKUS និងស្តីអំពីតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានអាវុធនុយក្លេអ៊ែរ។
សមាជិកអាស៊ានចំនួន ៥ ប្រទេសប្រឆាំងការទាមទាររបស់ចិន
សមាជិកអាស៊ានមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ប្រទេស ចំនួន ៥ រួមមាន ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមប្រឆាំងនឹងការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូង ដែលជាដែនទឹកសម្បូរទៅដោយធនធានធម្មជាតិ និងដែលចិនបានពង្រីកវត្តមានរបស់ខ្លួនយ៉ាងខ្លាំងក្លា ដោយបានកសាងកោះនានាសម្រាប់ការប្រើប្រាស់ផ្នែកយោធា និងទេសចរណ៍។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃអង្គារថា «យោងតាមការប៉ាន់ប្រមាណរបស់អ្នកជំនាញគ្រប់គ្រងអាវុធអន្តរជាតិ បរិមាណនៃសម្ភារៈនុយក្លេអ៊ែរកម្រិតសព្វាវុធ ដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងផ្តល់ឱ្យអូស្ត្រាលីអាចត្រូវបានប្រើប្រាស់សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរហូតដល់ចំនួនពី ៦៤ ទៅ ៨០»។
លោក Wang បានបន្ថែមថា ការលើកឡើងរបស់ លោក ហ៊ុន សែន និយាយអំពីការព្រួយបារម្ភរួមទូទៅរបស់ប្រទេសក្នុងតំបន់ រួមទាំងបណ្តាប្រទេសអាស៊ានផងដែរ។ នេះបើយោងតាមការផ្សាយរបស់ Xinhua ទីភ្នាក់ងារព័ត៌មានរដ្ឋចិន។
លោក Wang និយាយថា៖ «ប្រសិនបើប្រទេសទាំងបីនឹងជំរុញកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែររបស់ពួកគេ ចៀសមិនផុតទេ វានឹងធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដែលមិនអាចត្រឡប់ក្រោយបាន ចំពោះសុចរិតភាព ប្រសិទ្ធភាព និងសិទ្ធិអំណាចនៃប្រព័ន្ធមិនរីកសាយអាវុធនុយក្លេអ៊ែរអន្តរជាតិ និងបង្កឱ្យបណ្តាប្រទេសផ្សេងទៀត ដែលមិនមានអាវុធនុយក្លេអ៊ែរ ប្រព្រឹត្តស្រដៀងគ្នា ហើយនឹងប្រែក្លាយតំបន់នេះទៅជាសង្វៀននៃការប្រណាំងសព្វាវុធ»។
«ការប្តេជ្ញាចិត្តចំពោះការមិនរីកសាយអាវុធនុយក្លេអ៊ែរ»
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ VOA ថា សម្ព័ន្ធសន្តិសុខ AUKUS មិនមានគោលបំណងបំពាក់អាវុធនុយក្លេអ៊ែរឱ្យប្រទេសអូស្ត្រាលីនោះទេ ហើយភាពជាដៃគូនេះ «អាចធ្វើទៅបានដោយសារការប្តេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីចំពោះគោលការណ៍មិនរីកសាយអាវុធនុយក្លេអ៊ែរ ដែលបានស្តែងឱ្យឃើញយ៉ាងយូរអង្វែង»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា៖ «សូមបញ្ជាក់ឱ្យច្បាស់ថា អូស្ត្រាលីមិនផលិតអាវុធនុយក្លេអ៊ែរនៅពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគតឡើយ ហើយអូស្ត្រាលីនៅតែប្តេជ្ញាចិត្តគោរពកាតព្វកិច្ច មិនរីកសាយអាវុធនុយក្លេអ៊ែរជាអន្តរជាតិ»។
ក្រសួងការបរទេសស.រ.អ.ក៏បានកត់សម្គាល់ផងដែរថា «សម្ព័ន្ធសន្តិសុខ AUKUS មានភាពផ្ទុយស្រឡះពីបណ្តាប្រទេសដទៃនៅក្នុងតំបន់ដែលបន្តវិនិយោគយ៉ាងខ្លាំងក្លាក្នុងការកសាងសមត្ថភាពយោធា ប៉ុន្តែផ្តល់នូវតម្លាភាព ឬការធានាយ៉ាងតិចតួច»។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានសន្យាថា នឹងបង្កើនទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើសម្ព័ន្ធមិត្តសំខាន់ៗរបស់ លោក ហ៊ុន សែន និងបានជំទាស់នឹងសកម្មភាពដែលធ្វើឲ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។
ប៉ុន្តែសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់កម្ពុជា ហើយបើទោះបីជាកម្ពុជាបាននិយាយយ៉ាងតានតឹងអំពីការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនក៏ដោយ ក៏រាជរដ្ឋាភិបាលក្រុងភ្នំពេញបានបង្ហាញនូវបំណងចង់ស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។
ចាប់តាំងពីឆ្នាំ ២០១៩មក រាជរដ្ឋាភិបាលកម្ពុជាបានជួលក្រុមហ៊ុនបញ្ចុះបញ្ចូលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកយ៉ាងហោចណាស់ចំនួន ៣ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងទាក់ទាញការវិនិយោគរបស់អាមេរិក៕