ក្រសួងការពារជាតិកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា កម្ពុជា និងថៃ បានព្រមព្រៀងគ្នាឈប់បាញ់មួយអន្លើនៅតាមក្រវ៉ាត់ព្រំដែនដែលមានជម្លោះ នៅក្នុងខេត្តសុរិន្ទ ប្រទេសថៃ និងខេត្តឧត្តមានជ័យ ប្រទេសកម្ពុជា ។
ការវាយប្រយុទ្ធគ្នាអស់រយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យយោធាទាំងសងខាងយ៉ាងតិចប្រមាណ១៥នាក់ បានស្លាប់បាត់បង់ជីវិត និងប្រមាណជាង៦០នាក់ផ្សេងទៀតបានរងរបួស។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រួសងការពារជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍នេះបានឲ្យដឹងថា បន្ទាប់ពីមានការវាយប្រយុទ្ធគ្នាចំនួនប្រាំពីរថ្ងៃជាប់ៗគ្នា ជំនួបចរចាគ្នាមួយ នៅច្រកអូរស្មាច់រវាងលោកឧត្តមសេនីយ៍ទោ ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ ខាងភាគីកម្ពុជា និងលោកឧត្តមសេនីយ៍សុវត្ថិឆៃ សាមុតសាខន មេបញ្ជាការយោធភូមិភាគ២ និងលោកឧត្តមសេនីយ៍ វ៉ា វ៉ាលីត មេបញ្ជាការកងពលថ្មើជើងលេខ៦ខាងភាគីថៃ ។
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ភាគីទាំងពីរ បានយល់ព្រមគ្នាថា បញ្ឈប់ការបាញ់គ្នាចាប់ពីពេលនេះតទៅ។ លោក សុជាតិបានប្រាប់វីអូអេខ្មែរនូវកិច្ចព្រមព្រៀងប្រាំមួយចំណុចថា៖
«បញ្ហាទី១ គឺថា បញ្ឈប់ការបាញ់គ្នាចាប់ពេលនេះតទៅ ទី២ កងទ័ពទាំងពីរឈរជើងនៅកន្លែងណា គឺត្រូវតែឈរជើងនៅកន្លែងនោះមិនឲ្យចល័តកម្លាំង។ ចំណុចទី៣ គឺជំរុញឲ្យមេបញ្ជាការជួមុខជួបគ្នា និងបង្កើតឲ្យមានក្រុមទំនាក់ទំនង ដើម្បីស្រួលទាកទង់គ្នាពេលមានសភាពការណ៍ ចំណុចទី៤ ចំពោះបញ្ហាព្រំដែនទុកឲ្យគណៈកម្មការចម្រុះព្រំដែននៃរដ្ឋាភិបាលនៃប្រទេសទាំងពីរដោះស្រាយ ខាង យោធាដោះស្រាយតែបញ្ហាទាក់ទងការឈប់បាញ់ ចំណុចទី៥ បង្កលក្ខណៈឲ្យប្រជាពលរដ្ឋស៊ីវិល បានត្រឡប់ទៅរស់នៅតាមភូមិឋានជាធម្មតាវិញ ដើម្បីបង្កើតការទុកចិត្តគ្នា ចំណុចទី៦ បើកច្រកព្រំដែនឡើងវិញ»។
ការចរចាដើម្បីបញ្ឈប់ការបាញ់គ្នានេះ មិនមែនធ្វើឡើងជាលើកទី១ទេ ចាប់តាំងពីប្រទេស កម្ពុជាមានជម្លោះព្រំដែនជាមួយនឹងប្រទេសថៃតាំងពីឆ្នាំ២០០៨កន្លងមកម្លេះ។
លោកឧត្តសេនីយ៍ឯកឈុំ សុជាតិ បានបញ្ជាក់ថា ភាគីកម្ពុជាបានឯកភាពគ្នាថា ឈប់បាញ់ក៏ ប៉ុន្តែបើភាគីថៃនៅតែបន្តបាញ់មកលើកម្ពុជា កម្ពុជានឹងបន្តការពារបូរណភាពទឹកដី។
កងទ័ពកម្ពុជា និងថៃ កាលពីយប់ថ្ងៃពុធឈានដល់ថ្ងៃព្រហស្បតិ៍នេះ ភាគីទាំងពីរបានវាយប្រយុទ្ធគ្នាលក្ខណៈទ្រង់ទ្រាយធំដដែលនៅតំបន់ប្រសាទតាមាន់ និងប្រាសាទតាក្របី បន្ទាប់ពីមានការវាយប្រយុទ្ធគ្នាជាច្រើនម៉ោង កងទ័ពកម្ពុជាយ៉ាងតិចប្រមាណបីនាក់ត្រូវបានរាយការណ៍មកថា បានរងរបួសស្រាល និងជនស៊ីវិលចំនួនបីនាក់ផ្សេងទៀតទទួលរងរបួស ដែលក្នុងនោះមានកុមារីម្នាក់អាយុបីឆ្នាំផងដែរ។
ចំណែកឯភាគីថៃ ត្រូវបានកាសែតបាងកកប៉ុស្តិ៍ បានដកស្រង់សម្តីមកថា មានទាហានថៃម្នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រយុទ្ធគ្នានៅថ្ងៃព្រហស្បតិ៍នេះ។
មន្រ្តីយោធាមួយរូប នៅតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ដែលបានផ្តល់សម្ភាសន៍ ដោយផ្ទាល់ជាមួយនឹងវីអូអេខ្មែរនៅប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយពីលោកបានរងរបួសជាមួយនឹងមិត្តរួមអាវុធពីរនាក់ផ្សេងទៀត។
លោកបាននិយាយថា លោកបានរងរបួសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារតែថៃបានបាញ់គ្រាប់កាំភ្លើងផ្លោងដាក់។ លោក បញ្ជាក់ថា៖
«ត្រូវដៃ។ ប្រហែលជាម៉ោងប្រាំបីជាង។ កំពុងតែប្រយុទ្ធគ្នា។ ចាប់ពីម៉ោងប្រាំពីររហូតដល់ម៉ោងប្រាំបី ប្រាំបួន ត្រូវរបួសនៅពេលប្រយុទ្ធទល់មុខគ្នាអំបែងវាត្រូវ»។
ចំណែកលោកជុំ សុក អាយុ៥៤ឆ្នាំ ប្រជាពលរដ្ឋនៅភូមិថ្នល់បទ ឃុំគោកមន ស្រុកបន្ទាយអំពិល បានឲ្យដឹងថា លោកបានរងរបូសត្រង់ដៃខាងស្តាំ និងភ្លៅខាងស្តាំ ខណៈពេលដែលលោកកំពុងអង្គុយនៅពីមុខត្រ់ងសេ។ លោកបញ្ជាក់ថា៖
«បាញ់ខ្លាំងរបស់ថៃ។ បាញ់រាប់មិនអស់ទេ។ ត្រូវរបួសបីនាក់។ ត្រូវដៃ។ ត្រូវភ្លៅ។ ត្រូវកៀនភ្នែក។ ធ្លាក់មកគឺស្លុត។ ដល់ស្លុតស្ទាបទៅក៏ឃើញឈាម»។
កងទ័ពកម្ពុជាដែលទទួលរងរបួសស្រាលកំពុងសម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅក្នុង ខេត្តឧត្តរមានជ័យ។ ចំណែកឯអ្នកដែលទទួលរងបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅព្បាបាលនៅក្នុងខេត្ត សៀមរាប៕