ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​និង​តាលីបង់៖ យោធា​អាមេរិក​ចុង​ក្រោយ​នៅ​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ដក​ចេញ​អស់​ហើយ


យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)

យោធា​របស់​សហរដ្ឋ​អាមេរិក​ដែលមាន​វត្តមានរយៈ​ពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានត្រូវ​បាន​ដក​ចេញ​អស់​ហើយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់។

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុម​តាលីបង់​មួយ​រូប​បាន​ប្រាប់វីអូអេ​ថា ជើង​យន្តហោះ​យោធា​សហរដ្ឋ​អាមេរិក​ចុង​ក្រោយ​បំផុតបាន​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិនៃ​រដ្ឋធានី​កាប៊ុល ក្នុង​រយៈពេល​មិន​យូរ​ប៉ុន្មាន​ក្រោយ​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ (ម៉ោង​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន)។

មន្ត្រី​តាលីបង់​រូប​នោះ​ថ្លែង​ថា៖ «រាល់​កងកម្លាំង​កាន់កាប់​របស់​បរទេសទាំង​អស់​បាន​ត្រូវ​ដក​ចេញ​ពី​ប្រទេស [អាហ្វហ្គានីស្ថាន] នៅ​មុន​នេះ​បន្តិច»។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​ឧត្តម​សេនីយ៍ Frank McKenzie​ មេ​បញ្ជាការ​បញ្ជាការដ្ឋានសហរដ្ឋ​អាមេរិក​សម្រាប់​តំបន់​មជ្ឈិមបូព៌ា ត្រូវ​បាន​ទី​ភ្នាក់ងារ​ព័ត៌មាន AP ដក​ស្រង់​សម្តី​ថា យន្តហោះ​យោធា​ចុង​ក្រោយ​បង្អស់​បាន​ហោះចេញ​នៅ​ថ្ងៃ​ច័ន្ទ វេលា​ម៉ោង​ ៣:២៩​ នាទី​រសៀល​ ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ត្រូវ​នឹង​ម៉ោង ១១:៥៩ នាទីអាធ្រាត្រ ម៉ោង​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល។ លោក​ថ្លែង​ថា នៅ​មាន​ពលរដ្ឋ​អាមេរិកាំង​ក្នុង​ចំនួន​ប៉ុន្មាន​រយ​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ឡើយ ហើយលោក​ជឿ​ថា​ពួក​គេ​នឹង​នៅ​អាច​ចាក​ចេញ​ពី​ប្រទេស​នេះ​បាន។

ព័ត៌មាន​អំពី​ជើង​យន្តហោះ​យោធា​ចុង​ក្រោយ​បង្អស់របស់​សហរដ្ឋ​អាមេរិកចាកចេញ​ពី​អាហ្វហ្គានីស្ថាន​នេះ​កើត​មាន​ឡើង​ ខណៈ​ដែល​សេតវិមាន​និង​មន្ទីរ​បញ្ចកោណ​បាន​សន្យា​ថា​នឹង​បន្ត​ជួយជម្លៀស​ពលរដ្ឋ​អាមេរិក​និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​ងាយ​រង​គ្រោះ ឲ្យ​ចេញ​ពី​រដ្ឋធានី​កាប៊ុល​រហូត​ដល់​«នាទី​ចុង​ក្រោយ» ដោយ​បាន​ហៅ​ការ​ជម្លៀស​ខ្លួន​នេះ​ថា​ជា​ការ​ជម្លៀស​ខ្លួន​តាម​ផ្លូវ​អាកាស​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​យោធា​របស់​សហរដ្ឋ​អាមេរិក៕

សូម​រង់​ចាំ​ទទួល​បាន​ព័ត៌មានលម្អិត​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ផ្សាយ​របស់​វីអូអេ​នៅ​ពេល​ខាង​មុខ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG