ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថា កិច្ច​ប្រឹងប្រែង​ជម្លៀស​មនុស្ស​នៅ​អាហ្វហ្គានីស្ថាន «គ្មាន​ការ​បង្អាក់» ដោយ​ការ​វាយ​ប្រហារ​រ៉ុក្កែត​ឡើយ


អ្នកសារព័ត៌មាន​អាហ្វហ្គានីស្ថាន​ថត​រូប​រថយន្ត​ដែល​រង​ការ​ខូចខាត​នៅ​ក្នុង​ផ្ទះ​មួយ​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​ទ័ពអាកាស​របស់​អាមេរិក​នៅ​ក្នុង​ទីក្រុង​កាប៊ុល​កាលពីថ្ងៃទី២៩​ ខែ​សីហា ឆ្នាំ២០២១។ (AP)

សេតវិមាន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រតិបត្តិការ​ជម្លៀស​មនុស្ស «នៅតែ​បន្ត​គ្មាន​ការ​បង្អាក់» នៅ​ឯ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត។

សាក្សី​បាន​រាយការណ៍​ថា​មាន​ការ​បាញ់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់ ហើយ​មន្ត្រី​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា រ៉ុក្កែត​ទាំង​នោះ​ត្រូវ​បាន​បាញ់​ស្ទាក់​ដោយ​ប្រព័ន្ធ​ការពារ​មីស៊ីល។

អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក​ប្រធានាធិបតី Joe Biden ត្រូវ​បាន​គេ​រាយការណ៍​ប្រាប់​អំពី​ការ​វាយប្រហារ​នេះ ហើយ​លោក «បាន​បញ្ជាក់​ជា​ថ្មី​អំពី​បទបញ្ជា​របស់​លោក​ថា មេបញ្ជាការ​ត្រូវ​បង្កើន​កិច្ច​ប្រឹងប្រែង​ទ្វេដង​ផ្ដល់​អាទិភាព​ដល់​កិច្ចការ​ដែល​ចាំបាច់​ដើម្បី​ការពារ​កងកម្លាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ទីនោះ»។

សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​ដើម្បី​បញ្ចប់​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​ទីក្រុង​កាប៊ុល​មុន​ថ្ងៃ​កំណត់​នៅ​ថ្ងៃ​អង្គារ​ស្អែក ចំពេល​ស្ថានការណ៍​សន្តិសុខ​កាន់តែ​អាក្រក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​វាយប្រហារ​អត្តឃាត​នៅ​ក្រៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ផងដែរ។ ការ​វាយប្រហារ​អត្តឃាត​នេះ​បាន​សម្លាប់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​យ៉ាង​តិច ១៦៩ នាក់ និង​ទាហាន​អាមេរិកាំង ១៣ នាក់។

យោធា​សហរដ្ឋ​អាមេរិក​ក៏​កំពុង​ស៊ើបអង្កេត​ផងដែរ​លើ​សេចក្ដី​រាយការណ៍​ដែល​ថា​មាន​ការ​ស្លាប់​និង​របួស​របស់​ជន​ស៊ីវិល បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​អាទិត្យ ដែល​ខ្លួន​បាន​បញ្ជាក់​ថា ដើម្បី​កម្ចាត់«ការ​គំរាមកំហែង​ដែល​ជិត​កើតឡើង​របស់​ក្រុម​អាយស៊ីស-ខេ (ISIS-K) លើ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai»។

លោក​អនុសេនីយ៍​ឯក Bill Urban អ្នក​នាំពាក្យ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា៖ «យើង​ប្រាកដ​ជា​ក្រៀមក្រំ​យ៉ាង​ខ្លាំង ប្រសិនបើ​មាន​ការ​បាត់បង់​ជីវិត​ជន​ស្លូតត្រង់​ណា​ម្នាក់»។

លោក Urban បាន​លើកឡើង​ថា លទ្ធផល​នៃ​ការ​វាយប្រហារ​តាម​អាកាស​នេះ​នៅ​កំពុង​វាយតម្លៃ​នៅ​ឡើយ។

បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត The New York Times ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋ​អាមេរិក​លើក​នេះ​បាន​សម្លាប់​ជន​ស៊ីវិល​អាច​រហូត​ដល់​ទៅ ៩ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​កុមារ​ផងដែរ៕

XS
SM
MD
LG