ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​ថា ខ្លួន​ជិត​ឈាន​ដល់​ការ​បង្កើត​គណៈរដ្ឋមន្រ្តី​និង​ប្រកាស​រដ្ឋាភិបាល​ថ្មី


រូបឯកសារ៖ អ្នកនាំពាក្យ​ក្រុម​តាលីបង់ លោក Zabihullah Mujahid (កណ្ដាល) ថ្លែង​សុន្ទរកថា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដំបូង​របស់​ខ្លួន​នៅ​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

មេដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​នៃ​ក្រុម​តាលីបង់ (Taliban) បាន​បញ្ជាក់​ប្រាប់ VOA ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រុម​តាលីបង់​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ប្រកាស​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​រួម​បញ្ចូល​សមាជិក​ទាំងអស់​នៃ​ក្រុមប្រឹក្សា Rahbari Shura ដែល​ជា​ក្រុមប្រឹក្សា​ដឹកនាំ​របស់​ក្រុម​នេះ។

មេបញ្ជាការ​កំពូល​របស់​ក្រុម​តាលីបង់​លោក Hibatullah Akhundzada កំពុង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​នៅ​ក្នុង​ទីក្រុង Kandahar ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​កំណើត​របស់​ក្រុម​តាលីបង់។

កិច្ច​ពិគ្រោះ​យោបល់​នេះ​មាន​ការ​ចូលរួម​ពី​អនុប្រធាន​របស់​លោក​ផងដែរ គឺ​លោក Sirajuddin Haqqani ដែល​ជា​ប្រធាន​បណ្តាញ​ក្រុម​ហាក់ហ្គានី (Haqqani) និង​លោក Mullah Mohammad Yaqoob ដែល​ជា​កូន​ប្រុស​របស់​ស្ថាបនិក​ក្រុម​តាលីបង់​លោក Mullah Omar និង​ជា​ប្រធាន​គណៈកម្មការ​យោធា​តាលីបង់។

លោក Sher Mohammad Abbas Stanikzai មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​ទៀត​នៃ​ក្រុម​តាលីបង់ បាន​បញ្ជាក់​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​សៅរ៍​ថា៖ «បច្ចុប្បន្ន​នេះ ថ្នាក់ដឹកនាំ​តាលីបង់​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​ជាតិសាសន៍​ភាគតិច​ផ្សេងៗ គណបក្ស​នយោបាយ និង​ក្នុង​រង្វង់​ក្រុម​របស់​ខ្លួន​ផ្ទាល់​អំពី​ការ​បង្កើត​រដ្ឋាភិបាល​ដែល​អាច​ទទួល​យក​បាន​និង​ទទួល​ស្គាល់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​អាហ្វហ្គានីស្ថាន»។

អ្នក​នាំពាក្យ​ក្រុម​តាលីបង់​លោក Zabiullah Mujahid បាន​ប្រាប់ VOA ថា ដំណើរការ​នេះ «ជិត​បញ្ចប់​ហើយ»។

លោក​បាន​និយាយ​ថា គណៈរដ្ឋមន្ត្រី​អាច​មាន​សមាជិក​ច្រើន​ជាង ២៦ នាក់ ហើយ​អាច​រាប់​បញ្ចូល​អ្នក​ផ្សេង​ទៀត​ក្រៅពី​សមាជិក​ក្រុមប្រឹក្សា​ដឹកនាំ៕

XS
SM
MD
LG