បើទោះជាវិស័យកីឡា និងកីឡាករកម្ពុជាបានទទួលការយកចិត្តទុកដាក់ច្រើនជាងមុនយ៉ាងណាក្តី ក៏ប៉ុន្តែវិស័យកីឡារបស់ជនពិការនៅតែត្រូវបានមើលរំលង។ អ្នកជំនាញមើលឃើញថា ការជ្រោមជ្រែងពីសំណាក់ស្ថាប័នរដ្ឋចំពោះជនពិការក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ។
ក្នុងពេលថ្មីៗនេះ វិស័យកីឡា និងកីឡាករកម្ពុជាហាក់ដូចជាទទួលបានការយកចិត្តទុកដាក់ជាងមុន បើប្រៀបធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសនៅពេលដែលកីឡាករទាំងនោះត្រឡប់មកដល់មាតុប្រទេសវិញក្នុងនាមជាជ័យលាភីនៃការប្រកួតលំដាប់អន្តរជាតិនៅក្រៅប្រទេស។
ជាក់ស្តែង កាលពីដើមខែសីហាកន្លងទៅនេះ មានការស្វាគមន៍កីឡាករសែន រ៉ាឌី ជាជ័យលាភីមេដាយមាសវ៉ូវីណាមពិភពលោកនៅអាល់ហ្សេរី ដោយមានការដង្ហែក្បួនពីព្រលានយន្តហោះទៅកាន់វិមានរដ្ឋសភា។ ហើយក៏មានការដង្ហែក្បួនអបអរសាទរយ៉ាងអធិកអធមស្រដៀងគ្នាដែរចំពោះវត្តមានរបស់កីឡាការិនី ស៊ន សៀវម៉ី កាលពីខែតុលាឆ្នាំ២០១៤កន្លងទៅ ក្នុងនាមនាងជាជ័យលាភី មេដាយមាសកីឡាតៃក្វាន់ដូពីកីឡាអាស៊ី ឬ SEA GAME។
គេឃើញមានការទទួលស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជានៅឯព្រលានយន្តហោះ អមដំណើរដោយម៉ូតូសារ៉ែនហែក្នុងរាជធានីភ្នំពេញ និងបន្តដោយជំនួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តថែមទៀតផង។
ក៏ប៉ុន្តែការទទួលស្វាគមន៍ដ៏កក់ក្តៅបែបនេះពុំមានឡើយសម្រាប់កីឡាអូឡាំពិកពិសេសរបស់ជនពិការស្មារតី ដែលជាជ័យលាភីមេដាយមាសពីសហរដ្ឋអាមេរិក កាលពីដើមខែសីហានេះ។ នេះសបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះជនពិការនៅកម្ពុជានៅតែមានកម្រិតទាបនៅឡើយ។
លោកវ៉ាត់ ចំរើនជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ រូបលោកផ្ទាល់ជាអ្នករៀបចំឲ្យមានការដង្ហែក្បួនអបអរសាទរទៅដល់កីឡាករ កីឡាការិនីដែលជាជ័យលាភីកន្លងមក។
លោកបានឲ្យដឹងថា អូឡាំពិកនៅកម្ពុជាមាន៣មែកធាងដាច់ដោយឡែកពីគ្នា រួមមានគណៈកម្មការអូឡាំពិកកម្ពុជាសម្រាប់មនុស្សទូទៅ គណៈកម្មការប៉ារ៉ាឡាំពិកសម្រាប់ជនពិការរាងកាយ និងគណៈកម្មាធិការអូឡាំពិកពិសេសសម្រាប់ជនពិការសតិស្មារតី។ ហើយគណៈកម្មការនីមួយៗមានរចនាសម្ព័ន្ធ កញ្ចប់ថវិកា និងអ្នកដឹកនាំផ្សេងៗគ្នាផង។
«អូឡាំពិកខ្ញុំខាងផ្នែកមនុស្សធម្មតា។ អានោះគេហៅក្រុមកីឡាបញ្ញាខ្សោយ។ គេមានរចនាសម្ព័ន្ធដាច់ដោយឡែក ស្វយ័ត ដាច់គ្នាស្រលះ។ យើងអត់មានដឹងថា គេទៅណា គេធ្វើអីទេ»។
ដូចគ្នានេះដែរ កាលពីដើមខែសីហា កីឡាករចំនួន៨រូបរបស់កម្ពុជាបានទៅចូលរួមការប្រកួតអូឡាំពិកពិសេសនៅទីក្រុងឡូសអាន់ជឺឡេស (Los Angeles) សហរដ្ឋអាមេរិក។ក្នុងនោះក្រុមអត្តពលិកកម្ពុជាបានពាំនាំត្រឡប់មកមាតុប្រទេសវិញនូវមេដាយមាសចំនួន២ និងមេដាយសំរឹទ្ធចំនួន៤ពីការប្រកួតរបស់ខ្លួនក្នុងវិញ្ញាសាររត់ប្រណាំង និងវិញ្ញាសារបោះប៊ូលឈើ។
នេះគឺជាលើកទី៣ហើយដែលប្រទេសកម្ពុជាបានចូលរួមប្រកួតអូឡាំពិកពិសេសរដូវក្តៅពិភពលោក ឬ Special Olympics បន្ទាប់ពីការប្រកួតនៅទីក្រុងសៀងហៃក្នុងឆ្នាំ២០០៧ និងការប្រកួតនៅទីក្រុងអាថែនប្រទេសក្រិកក្នុងឆ្នាំ២០១១។ ជាសរុប កីឡាអត្តពលិកកម្ពុជាដែលមានការលូតលាស់សតិបញ្ញាខ្សោយទទួលបានមេដាយមាសចំនួន៩ មេដាយប្រាក់៧ និងមេដាយសំរឹទ្ធ៨ពីការប្រកួតអូឡាំពិកពិសេសរបស់ខ្លួន។ ក៏ប៉ុន្តែពួកគាត់ទទួលបានការយកចិត្តទុកដាក់តិចតួចបំផុត។
លោកឃ្លាំង ចន្ធូជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកពិសេសកម្ពុជា។ លោកឲ្យដឹងថា ការទៅទទួលស្វាគមន៍នៅឯព្រលានយន្តហោះសម្រាប់កីឡាករអូឡាំពិកពិសេសក៏មានដែរ ក៏ប៉ុន្តែវាមានសភាពស្ងប់ស្ងាត់ជាងការអបអរសាទរដល់កីឡាករជ័យលាភីជើងឯកពិភពលោកផ្សេងទៀត។ ហើយក្នុងនោះ អត្តពលិកដែលទទួលបានមេដាយមាសទទួលបានប្រាក់លើកទឹកចិត្តចំនួន២លានរៀល ឯអត្តពលិកមេដាយសំរឹទ្ធទទួលបាន១លានរៀលពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។
«អាហ្នឹង យើងទៅទទួលដែរ គ្រាន់តែយើងមិនបានរៀបចំធំដុំអីដូចគេ។ Special Olympics គ្រាន់តែមិនអាចស្មើគេ។ យើងរៀបចំកម្មវិធីជាការយកចិត្តទុកដាក់ហើយ គ្រាន់តែយើងអត់ទាន់មានលទ្ធភាពរៀបចំឲ្យធំដុំ។ កីឡា Special Olympics នេះជាប្រភេទកីឡាលើកទឹកចិត្តមួយ ហើយការប្រកួតក៏មានលក្ខណៈខុសគ្នាដែរ»។
ជារឿយៗ សហព័ន្ធកីឡាអូឡាំពិកពិសេសកម្ពុជា តែងតែត្អូញត្អែរពីកង្វះខាតការឧបត្ថម្ភ។
លោកតូច ចាន់នីជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច ដែលជាក្រសួងសាម៉ីទទួលបន្ទុកអូឡាំពិកពិសេសនៅកម្ពុជា។ អ្នកនាំពាក្យរូបនេះឲ្យដឹងថា ការយកចិត្តទុកដាក់ដល់ក្រុមកីឡាករអូឡាំពិកពិសេសដល់កម្រិតណានោះ វាអាស្រ័យនៅលើកញ្ចប់ថវិកាដែលក្រសួងសង្គមកិច្ចមាន។ មួយវិញទៀត ចំពោះកីឡាធម្មតា វាងាយនឹងទទួលបានការឧបត្ថម្ភពីវិស័យឯកជនច្រើនជាងកីឡាករអូឡាំពិកពិសេស ដែលជាហេតុធ្វើឲ្យប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជាប្រភពចំណូលតែមួយគត់ក្នុងការផ្គត់ផ្គង់អូឡាំពិកពិសេសនៅកម្ពុជា។
លោកតូច ចាន់នីពន្យល់បន្ថែមទៀតថា ចំពោះកីឡាករអូឡាំពិកពិសេស ការដណ្តើមបានមេដាយមាស វាមានភាពងាយស្រួលជាងការប្រកួតកីឡាអន្តរជាតិប្រភេទផ្សេង ដោយហេតុថា ការប្រកួតកីឡាប្រភេទនេះវាមានលក្ខណៈជាការលើកទឹកចិត្តជាជាងការប្រកួតដណ្តើមជ័យលាភី។
«យើងអត់បានធ្វើជាក្បួនហ្នឹងទេ។ យើងបានធ្វើការជួបសំណេះសំណាលជាមួយក្រសួង។ ការរៀបក្បួនហែអី យើងអត់បានធ្វើទេ។ ម្យ៉ាងអញ្ចេះផង ការប្រកួតរបស់ក្មេងៗដែលសតិមិនគ្រប់ មិនមែនជាជើងឯកទេ ទោះបានមេដាយដូចគ្នាក៏ដោយ។ បើជាជើងឯកបានន័យថា ក្នុងមួយវិញ្ញាសារ មេដាយមាសមានតែមួយទេ។ បើយើង [អូឡាំពិកពិសេស] មេដាយមាសមិនមែនមានតែយើងទេ។ យើងអាចទទួលមេដាយបាន គេផ្សេងក៏អាចទទួលមេដាយដូចគ្នា»។
បច្ចុប្បន្ននេះ គណៈកម្មាធិការអូឡាំពិកពិសេសកំពុងរៀបចំសំណើសុំប្រាក់ពីរដ្ឋាភិបាលកម្ពុជាដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករអូឡាំពិកពិសេស។ ទន្ទឹមនឹងគ្នានេះដែរ ក្រសួងសង្គមកិច្ចក៏កំពុងតែចាប់ផ្តើមរៀបចំឲ្យមានអនុក្រឹត្យក្នុងការកំណត់ថវិកាឧបត្ថម្ភជាក់លាក់ទៅដល់ក្រុមកីឡាករពិការរូបរាងកាយ ឬពិការសតិស្មារតីដែលចេញទៅប្រកួតក្រៅប្រទេសផងដែរ។
ទោះជាយ៉ាងនេះក៏ដោយ អ្នកជំនាញមើលឃើញថា ការជ្រោមជ្រែង និងការយកចិត្តទុកដាក់ពីសំណាក់ស្ថាប័នរដ្ឋនៅមានកម្រិតទាបនៅឡើយចំពោះជនពិការនៅក្នុងប្រទេសកម្ពុជា៕