លោក Rick Bright អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់សក្ខីកម្មនៅក្នុងសវនាការរបស់សភាសហរដ្ឋអាមេរិកនៅសប្តាហ៍ទីពីរនៃខែឧសភានេះ នៅក្រោយពេលលោកបានដាក់ពាក្យតវ៉ាមួយថា ពួកមន្ត្រីបានសងសឹកប្រឆាំងនឹងលោក ដោយសារលោកបានទទូចអំពីសំណើផ្អែកលើវិទ្យាសាស្ត្រនិង«ការឆ្លើយតបសកម្មជាងមុនរបស់ទីភ្នាក់ងារចំពោះការរាត្បាតនៃជំងឺកូវីដ១៩»។
លោកស្រី Anna Eshoo សមាជិកាសភាសហរដ្ឋអាមេរិកបាននិយាយថា ការតវ៉ារបស់លោក Rick Bright នាំឱ្យមានកង្វល់អំពីការឆ្លើយតបរបស់រដ្ឋបាលលោក Trump ដល់ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ លោកស្រីក៏បានថ្លែងដែរថា លោកស្រីក៏ចង់ស្តាប់ការផ្តល់សក្ខីកម្មពីលោក Alex Azar រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Robert Kadlec ឧបការីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលបន្ទុកខាងការប្រុងប្រៀបនិងការឆ្លើយតប។
លោកស្រី Eshoo បានមានប្រសាសន៍ថា៖ «ការតវ៉ានេះចោទប្រកាន់ថា រដ្ឋបាលលោក Trump បានទុកការយោគយល់បក្ខពួកនិងជម្លោះផ្ទៃក្នុងថា មានសារៈសំខាន់ជាងសុខភាពរបស់ប្រជារាស្ត្រអាមេរិកាំង នៅពេលមានការរាត្បាតជាសាកលនៃជំងឺនេះ។ ការតវ៉ារបស់លោកវេជ្ជបណ្ឌិត Bright សក្តិសមលើកយកមកពិនិត្យ។»
លោក Bright បាននិយាយថា លោក Kadlec បានដាក់សម្ពាធលើអង្គភាពលោកគឺអាជ្ញាធរស្រាវជ្រាវនិងអភិវឌ្ឍន៍ជីវវេជ្ជសាស្ត្រទំនើប ឱ្យបណ្តាក់ទុនទៅក្នុងឱសថនិងថ្នាំវ៉ាក់សាំងដែលខ្វះគុណភាពខាងវិទ្យាសាស្ត្រ ដែលមានរួមបញ្ចូលទាំងថ្នាំ hydroxychloroquine ផងដែរ។
ការតវ៉ានេះមានខ្លឹមសារថា៖« លោកវេជ្ជបណ្ឌិត Bright មានអារម្មណ៍ថា លោកគ្មានអំណាចក្នុងការការពារសាធារណជនពីសារធាតុគីមីពុល ដែលក្រសួងសុខាភិបាលហៅកាត់ថា HHS សរសើរតាមការនិយាយទទូចរបស់លោកប្រធានាធិបតី Trump ថា ជាការព្យាបាលមានសុវត្ថិភាព។ ក៏ប៉ុន្តែលោកមានអារម្មណ៍ថា មានសេចក្តីត្រូវការជាបន្ទាន់និងជាការចាំបាច់មួយដើម្បីជម្រាបសាធារណជនអាមេរិកាំងថា ឱសថនេះដែលមានទិន្នន័យវិទ្យាសាស្ត្រមិនគ្រប់គ្រាន់ដើម្បីគាំទ្រការប្រើថ្នាំនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ជាមួយការមានកង្វល់អំពីសុវត្ថិភាពនិងដោយមិនមានការត្រួតពិនិត្យដោយ FDA អំពីគុណភាពថ្នាំនេះនៅពេលនេះ កំពុងត្រូវជំរុញឬ«ដាក់ឱ្យមានពាសពេញប្រទេសអាមេរិក»។
លោកស្រីវេជ្ជបណ្ឌិត Leana Wen ជាវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់និងជាសាស្ត្រាចារ្យខាងសុខភាពសាធារណៈនៅឯសាកលវិទ្យាល័យ George Washington។
លោកស្រីបាននិយាយប្រាប់វីអូអេថា ការផ្តោតការយកចិត្តទុកដាក់លើការឆ្លើយតបនឹងវីរុសកូរ៉ូណាត្រូវផ្អែកលើវិទ្យាសាស្ត្រហើយថា មានហេតុផលដែលថាឱសថត្រូវតែឆ្លងកាត់ការសាកល្បងប្រើប្រាស់ក្នុងមន្ទីពិសោធន៍ជាមុនសិន។
លោកស្រីវេជ្ជបណ្ឌិត Leana Wen បានមានប្រសាសន៍ថា៖ «ប្រសិនបើយើងមិនអើពើនឹងវិទ្យាសាស្ត្រ យើងនឹងត្រូវបង់ខាត។ សេចក្តីសម្រេចនិងគោលនយោបាយគួរធ្វើដោយផ្អែកលើភស្តុតាងនិងទិន្នន័យ ហើយវាជាកង្វល់ខ្លាំងណាស់ ប្រសិនបើពួកអ្នកវិទ្យាសាស្ត្រនិងពួកវេជ្ជបណ្ឌិតកំពូលនៅក្នុងរដ្ឋាភិបាលសហព័ន្ធមិនអាចបំពេញកិច្ចការរបស់ពួកគេ និងមិនអាចផ្តល់អនុសាសន៍ផ្អែកលើវិទ្យាសាស្ត្រនិងភស្តុតាងល្អបំផុតដែលមាន»។
ការត្អូញត្អែររបស់អ្នកលាតត្រដាងការសម្ងាត់នេះក៏និយាយដែរថា ពួកមេដឹកនាំនៅក្នុងក្រសួងសុខាភិបាលហៅកាត់ថា HHS បានរិះគន់លោក Bright ថាបានជំរុញនៅពេលដំបូងនៃការរាលដាលវីរុសកូរ៉ូណាឱ្យមានការវិនិយោគធនធាននៅក្នុងការអភិវឌ្ឍន៍ថ្នាំវ៉ាក់សាំង និងធ្វើឱ្យប្រាកដប្រជាថាមានការផ្គត់ផ្គង់ម៉ាស់ ប្រដាប់ជួយដកដង្ហើម និងតម្បារសំឡីសម្រាប់ធ្វើតេស្ត ឱ្យបានគ្រប់គ្រាន់។ ការតវ៉ានេះចែងដែរថា ពួកមន្ត្រីមិនអើពើចំពោះក្រុមហ៊ុនផលិតម៉ាស់មួយដែលស្នើចាប់ផ្តើមសង្វាក់ផលិតកម្មដែលគ្មានដំណើរការឱ្យមានដំណើរការឡើងវិញជាមួយការគាំទ្រពីរដ្ឋាភិបាល។
រដ្ឋបាលលោក Trump បានប្រឈមនឹងការរិះគន់ពីពួកអភិបាលរដ្ឋដែលនិយាយថាពួកគេបានប្រវេសប្រវាសនិងបានប្រជែងគ្នាដើម្បីស្វែងរកឧបករណ៍វេជ្ជសាស្ត្រដែលគេត្រូវការនៅក្នុងមន្ទីរពេទ្យដើម្បីព្យបាលពួកអ្នកជំងឺនិងធ្វើឱ្យពួកពេទ្យមានសុវត្ថិភាព។
លោកស្រីវេជ្ជបណ្ឌិត Wen បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានខាតបង់ពេលវេលាមានតម្លៃក្នុងការប្រុងប្រៀបសម្រាប់ទប់ទល់នឹងជំងឺកូវីដ១៩ ដែលអាចត្រូវប្រើប្រាស់ដើម្បីពង្រឹងប្រព័ន្ធថែទាំសុខភាព។
លោកស្រីវេជ្ជបណ្ឌិត Wen បាននិយាយថា៖ «សូម្បីមកដល់ពេលនេះហើយ យើងនៅតែមិនទាន់ប្រមូលប្រភពធនធានជាចាំបាច់ដែលយើងត្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះនៅឡើយទេ ហើយខ្ញុំខ្វល់ខ្វាយណាស់ថាយើងនៅតែមិនទាន់មានកិច្ចខិតខំប្រឹងប្រែងមានការសម្របសម្រួលជាថ្នាក់ជាតិនៅពេលនេះ ដែលមានភាពអាសន្នខាងសុខភាពសាធារណៈ»។
កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា លោកប្រធានាធិបតី Donald Trump បានធ្វើដំណើរទៅកាន់រោងចក្រផលិតគ្រឿងបន្លាស់យន្តហោះមួយក្នុងរដ្ឋ Arizona ដែលបានផ្ទេរប្រតិបត្តិការទៅផលិតម៉ាស់វិញ។ នោះគឺជាទស្សនកិច្ចមួយក្នុងបណ្តាទស្សនកិច្ចមួយចំនួន ដែលបានត្រូវគ្រោងឡើងដើម្បីគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងឆ្លើយតបរបស់រដ្ឋបាល។
លោក Trump បាននិយាយថា៖ «តាមរយៈទីភ្នាក់ងារទទួលបន្ទុកកិច្ចការសង្គ្រោះអាសន្ន ក្រសួងសុខាភិបាល និងពួកដៃគូយើងក្នុងវិស័យឯកជន យើងមានម៉ាស់ធុន N95 ៧០លាន ម៉ាស់សម្រាប់ប្រើនៅពេលធ្វើការវះកាត់១២២លាន របាំងមុខ៧លាន អាវវែងពាក់ការពារខ្លួននៅពេលព្យាបាលអ្នកជំងឺ១៨លាន និងស្រោមដៃជិត១ពាន់លានសម្រាប់ពួកពេទ្យជួរមុខរបស់យើង»។
លោក Bright បានចោទប្រកាន់ថា លោកបានត្រូវផ្ទេរទៅកាន់តំណែងមួយទៀតជាការសងសឹកហើយការតវ៉ារបស់លោកសុំឱ្យមានការបញ្ជូនលោកទៅកាន់តំណែងដើមវិញជាមួយការស៊ើបអង្កេតពេញលេញថែមទៀតផង។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងសុខាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី៥ឧសភាបានចែងថា លោក Bright បានត្រូវផ្ទេរទៅកាន់វិទ្យាស្ថានជាតិសុខភាព ដើម្បីធ្វើការខាងការធ្វើ តេស្តផ្នែករោគវិនិច្ឆ័យ «ដែលមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា»។
អ្នកស្រី Caitlin Oakley អ្នកនាំពាក្យក្រសួងសុខាភិបាលសហរដ្ឋអាមេរិក បាននិយាយថា៖ «យើងខកចិត្តខ្លាំងដែលលោក Bright មិនបានទៅធ្វើការដើម្បីបំរើប្រជារាស្ត្រអាមេរិកាំង និងដឹកនាំការខិតខំប្រឹងប្រែងដ៏សំខាន់នេះ»៕