ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ក្រុមហ៊ុន Facebook រង​ការ​អំពាវនាវ​​ឲ្យ​ការពារ​ឯកជនភាព​អតិថិជន​ជាង​មុន


លោក Mark ​Zuckerberg ប្រធានប្រតិបត្តិ​ក្រុមហ៊ុន Facebook ធ្វើ​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​សភាជាតិ​ កាល​ពី​ថ្ងៃទី​១១​ មេសា​ ២០១៨។
លោក Mark ​Zuckerberg ប្រធានប្រតិបត្តិ​ក្រុមហ៊ុន Facebook ធ្វើ​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​សភាជាតិ​ កាល​ពី​ថ្ងៃទី​១១​ មេសា​ ២០១៨។

កាល​ពី​ថ្ងៃ​ទី​១០​និង​១១​ ខែ​មេសា​កន្លង​ទៅ​នេះ លោក Mark ​Zuckerberg ​នាយក​ប្រតិបត្តិ​នៃ​មហា​ក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​ធ្វើ​សក្ខីកម្ម​​​លើក​ដំបូង​នៅ​មុខ​គណៈកម្មាធិការ​សភា​ជាតិ​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្រោយ​ពី​ក្រុមហ៊ុន​របស់​លោក​បាន​ត្រូវ​ជាប់​នៅ​ក្នុង​រឿង​អាស្រូវ​ទាក់​ទង​នឹង​ការ​ចែក​ចាយ​​មិន​ត្រឹមត្រូវ​នូវ​ទិន្នន័យ​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់។ ​​​​​​​

ក្រុមហ៊ុន​ហ្វេសប៊ុក ឥឡូវ​នេះ​កាន់​តែត្រូវ​មមាញឹក​។

ចាប់​តាំង​ពី​ពិភពលោក​បាន​ដឹង​ពី​ភាព​ចម្រូងចម្រាស​ចុង​ក្រោយ​បង្អស់​នៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​ទាក់ទង​នឹង​បញ្ហា​ទិន្នន័យ​ផ្ទាល់​ខ្លួនរបស់​អ្នក​ប្រើ​ប្រាស់ បណ្ដាញ​សង្គម​មួយ​នេះ​បាន​ចាត់​វិធានការ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន។ ប៉ុន្តែ វា​មិន​ទាន់​ច្បាស់ថា ​តើ​ការ​ភ្ញាក់​ខ្លួន​របស់​ហ្វេសប៊ុក​នេះ នឹង​គ្រប់​គ្រាន់ឲ្យអ្នក​តាក់​តែង​ច្បាប់​និងក្រុម​និយ័តករ​ពេញ​ចិត្ត​នោះ​ទេ។

លោក Marc Rotenberg ជា​ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​ឯកជនភាព​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ Electronic Privacy Information Center ដែល​ជា​ក្រុម​តស៊ូ​មតិ​មួយ។ លោក​បាន​និយាយ​ថា៖ «យើង​បាន​ឈាន​ដល់​ចំណុច​កំពូល​ធ្ងន់ធ្ងរនៃ​បញ្ហា​ហ្វេសប៊ុក​និង​ឯកជនភាព។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នៅ​ពេល​នេះ គឺ​មាន​កម្លាំង​ចលករ​មួយ​ចំនួន​ដូចជា នយោបាយ សេដ្ឋកិច្ច និង​សង្គម ដែល​ត្រូវ​បាន​បូក​បញ្ចូល​គ្នា។ ហើយ​ខ្ញុំ​គិត​ថា នឹង​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​នឹង​កើត​ឡើង»។

ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ហ្វេសប៊ុក​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ជាង ២ពាន់​លាន​អ្នក មាន​បញ្ហា​ដ៏​ធំ​មួយ​ពាក់​ព័ន្ធ​នឹង​រឿង អ្នក​សិក្សាស្រាវជ្រាវ​ពី​ក្រៅ​ក្រុមហ៊ុន​ម្នាក់​បាន​ប្រគល់​ទិន្នន័យ​របស់​ប្រជាជន​លើ​ហ្វេសប៊ុក​ចំនួន​យ៉ាង​តិច​៨៧​លាន ទៅ​ឲ្យ​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​នយោបាយ​មួយ ហៅ​ថា Cambridge Analytica។

ចុះ​បើ​អ្វី​ដែល​ក្រុមហ៊ុន Cambridge Analytica បាន​ធ្វើ​ជាមួយ​ទិន្នន័យ​នេះ​មិន​ច្បាស់​លាស់​វិញ។ ក្រុមហ៊ុន​អះ​អាង​ថា បាន​លុប​ទិន្នន័យ​ទាំង​នោះ​អស់​ហើយ។ ប៉ុន្តែ​ស្ថានភាព​នេះ​បាន​បង្ហាញ​ថា​ មានទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​ច្រើន​ប៉ុណ្ណា​លើ​បណ្ដាញ​ហ្វេសប៊ុក ហើយ​ថា​ ក្រុមហ៊ុន ហ្វេសប៊ុក ​គ្រប់​គ្រង​ទិន្នន័យ​ទាំង​នោះ​យ៉ាង​ដូច​ម្ត៉េច។

បិទ​ការ​ផ្សាយ​ពាណិជ្ជកម្ម

ក្រុមហ៊ុន​ឧបករណ៍​បំពង​សំឡេង Sonos ហាង​អ្នក​លក់​គ្រឿង​បន្លាស់​និង​ជួសជុល​រថយន្ត Pep Boys និង​ក្រុមហ៊ុន​ Mozilla ដែល​បង្កើត​កម្មវិធី ​Firefox សម្រាប់​បើក​គេហទំព័រ បាន​បិទ​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពួក​គេ​លើ​បណ្ដាញ​ហ្វេសប៊ុក ដើម្បីប្រតិកម្ម​ទៅ​នឹង​រឿង​ចម្រូងចម្រាស​នេះ។

អ្នកស្រី Denelle Dixon ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Mozilla និយាយ​ថា៖ «ពួក​យើង​ចង់​ឃើញ​តម្លាភាព និង​ជម្រើស​ច្រើន​ជាង​នេះ សម្រាប់​អតិថិជន»។

សារ​របស់​អ្នក​ស្រី Dixon ទៅ​កាន់​ហ្វេសប៊ុក​គឺ​ថា៖ «នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ចាត់​ការ​រឿង​នេះឲ្យ​ម៉ត់ចត់​ជាង​មុន​បន្តិច ហើយ​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​និង​ធ្វើ​ការ​ផ្លាស់​ប្ដូរ យើង​នឹង​ត្រឡប់​ទៅ​ប្រើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​(តាម​ហ្វេសប៊ុក)​វិញ»។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក និង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNN នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេសប៊ុក លោក Mark Zuckerberg បាន​សុំ​អភ័យទោស​ចំពោះ​បញ្ហា​ចម្រូង​ចម្រាស និង​បាន​ប្ដេជ្ញា​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​ការពារ​ទិន្នន័យ​អ្នក​ប្រើប្រាស់។ លោក​បាន​និយាយ​ថា៖ «នេះ​គឺ​ជា​ការ​រំលោភ​បំពាន​ដ៏​សំខាន់​មួយ​លើ​ការ​ជឿ​ទុក​ចិត្ត ហើយ​ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ចំពោះ​រឿង​នេះ​ណាស់»។

ក្រុមហ៊ុន​ហ្វេសប៊ុក​ក៏​បាន​ដាក់​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​ ដោយ​សុំ​ទោស​ចំពោះ «ការ​រំលោភ​បំពាន​លើ​សេចក្តី​ទុក​ចិត្ត»​ នេះ​ដែរ។

រូបឯកសារ៖ អ្នក​ទស្សនា​ថត​រូប​នៅ​មុខស្នាក់ការ​កណ្ដាលក្រុមហ៊ុន​ Facebook កាល​ពីខែ​មីនា ២០១៨។
រូបឯកសារ៖ អ្នក​ទស្សនា​ថត​រូប​នៅ​មុខស្នាក់ការ​កណ្ដាលក្រុមហ៊ុន​ Facebook កាល​ពីខែ​មីនា ២០១៨។

ការ​ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯង​មួយ​ចំនួន​ធំ

ខណៈ​ដែល​និយតករ​តាម​រដ្ឋ​និង​និយតករ​សហព័ន្ធ​បាន​បើក​ការ​ស៊ើប​អង្កេត ហើយ​គណៈកម្មាធិការ​សភា​ជា​ច្រើន​បាន​អំពាវ​នាវ​ឲ្យ​លោក Zuckerberg ផ្តល់​សក្ខីកម្ម​ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បញ្ចេញ​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន។

ក្រុមហ៊ុន​ហ្វេសប៊ុក នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ សម្រាប់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​កំណត់​ឯកជនភាព និង​បាន​ផ្តល់​ឲ្យ​ពួកគេ​នូវ​វិធី​រហ័ស​ដើម្បី​ទាញ​យក​ទិន្នន័យ​ទាំងអស់​ដែល​ហ្វេសប៊ុក​មាន​អំពី​ពួកគេ។ ហ្វេសប៊ុក​ក៏​បាន​កាត់​ផ្ដាច់​ឈ្មួញ​កណ្ដាល​សំខាន់ៗ ដែល​លក់​ទិន្នន័យ​ផង​ដែរ។

ក្រុមហ៊ុន​ហ្វេសប៊ុក​នឹង​ដឹង​ឆាប់ៗ​នេះ ថា​តើ​ការ​ប្រឹងប្រែង​របស់​ខ្លួន​គ្រប់គ្រាន់​ឬ​នៅ?

និយ័តកម្ម ឬ​ត្រួត​ពិនិត្យ​សកម្មភាព​ខ្លួន​ឯង?

ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា​នៅ​តំបន់ Silicon Valley ​ជា​យូរ​មក​ហើយ តែង​តែ​ចង់​បាន​ការ​ត្រួត​ពិនិត្យ​សកម្មភាព​ដោយ​ខ្លួន​ឯង​ ជា​ជាង​ការ​ដាក់​បទបញ្ញត្តិ​របស់​រដ្ឋាភិបាល ពី​ព្រោះ​វារក្សា​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត។ ប៉ុន្តែ​ក្រុមហ៊ុន​ហ្វេសប៊ុក​ក៏​ប្រឈម​មុខ​នឹង​និយតករ​តាម​រដ្ឋ និយតករ​សហព័ន្ធ និង​និយតករ​អន្តរជាតិ ដែល​គ្រប់គ្នា​អាច​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ហ្វេសប៊ុក។

នៅ​សហរដ្ឋ​អាមេរិក ការ​ព្រួយ​បារម្ភ​ចម្បង​របស់​ហ្វេសប៊ុក គឺ​គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ Federal Trade Commission ដែល​បាន​បញ្ជាក់​កាល​ពី​ខែ​មុន​ថា ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក។

សំណួរ​គន្លឹះ​មួយ​គឺ​ថា ​តើ​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​បំពាន​លើ​អនុក្រឹត្យ​ឆ្នាំ​២០១១​ជាមួយ​ទីភ្នាក់ងារ​ការពារ​អតិថិជន ឬ consumer protection agency ដែល​តម្រូវ​ឲ្យ​ហ្វេសប៊ុក​ទទួល​បាន​ការ​អនុញ្ញាត​ពី​អតិថិជន ចំពោះ​ការ​យក​រាល់​ទិន្នន័យទៅ​ប្រើប្រាស់​លើ​គ្រប់​សណ្ឋាន។ រាល់​ការ​ល្មើស​នីមួយៗ​គឺ​ត្រូវ​ផាក​ពិន័យ​៤​ម៉ឺន​ដុល្លារ ហើយ​អ្នក​វិភាគ​មួយ​ចំនួន​បាន​ប៉ាន់​ប្រមាណ​ថា​ ក្រុមហ៊ុន​ហ្វេសប៊ុក អាចត្រូវ​ពិន័យរាប់​ពាន់​លាន​ដុល្លារ​ក្នុង​ករណី​មួយ​នេះ។

ក្រៅ​ពី​គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ​នេះ ​មេធាវី​តាម​រដ្ឋ​ជា​ច្រើន ​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ក្រុមហ៊ុន​ហ្វេសប៊ុក។

ហួស​ពី​និយតករ​នានា សមាជិក​សភា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និង​នៅ​តាម​រដ្ឋ​នានា​ទូទាំង​ប្រទេស​ កំពុង​ពិភាក្សា​អំពី​អ្វី​ដែល​អាច​ធ្វើ​បាន ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឲ្យ​បាន​ប្រសើរ​ជាង​មុន។ លោក Zuckerberg បានផ្តល់​សក្ខីកម្ម​ចំពោះ​មុខ​គណៈកម្មាធិការ​តុលាការ​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ទី​១០​និង​១១​ ខែ​មេសា។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន​ហ្វេសប៊ុក​ត្រូវ​ប្រឈម​នឹង​ការ​ស៊ើប​អង្កេត ដែល​អាច​កើត​មាន​នៅ​ក្នុង​ចក្រភព​អង់គ្លេស និង​ប្រទេស កាណាដា។

ការ​ត្រួតពិនិត្យ​ពី​ខាង​ក្រៅ

អ្នកស្រី Gennie Gebhart អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​ផ្លោត​លើសេរីភាពឌីជីថល​របស់​ពលរដ្ឋ​ឈ្មោះ Electronic Frontier Foundation បាន​និយាយ​ថា មិន​មែន​គ្រាន់​តែ​ក្រុមហ៊ុន​ហ្វេសប៊ុក​ទេ តែ​ប្រព័ន្ធ​អ៊ីនធឺណិត​ពឹង​ផ្អែក​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់ ដែល​សម​នឹង​ទទួល​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត ។

អ្នកស្រី Gebhart ថ្លែង​ថា៖ «ខណៈ​ដែល​គេ​យក​ចិត្ត​ទុក​ដាក់​លើ​ក្រុមហ៊ុន​ហ្វេសប៊ុក ឥឡូវ​នេះ​ដោយ​មាន​ហេតុផល​ល្អ​ណាស់​មួយ វា​មិន​មែន​គ្រាន់​តែ​ជា​បញ្ហា​ហ្វេសប៊ុក​នោះ​ទេ។ យើង​មាន​គំរូ​អាជីវកម្ម​មួយ​ដែល​ផ្អែកលើ​ការ​ឃ្លាំ​មើល ​ដើម្បី​ផ្គត់ផ្គង់​ភាគ​ច្រើន​នៃ​បណ្ដាញ​អ៊ីនធឺណិត ដែលគំរូ​អាជីវកម្ម​នេះ​មិន​អាច​បន្ត​មាន​ទេ​បើ​ចង់​បាន​សិទ្ធិ​ឯកជនភាព»។

អ្នកស្រី​អំពាវ​នាវ​ឲ្យ​មាន​សវនកម្ម​ឯករាជ្យ​នានា ធ្វើ​ឡើង​ដោយ «ភាគី​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ក្រុមហ៊ុន​ហ្វេសប៊ុក ប៉ុន្តែ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ប្រើ​ប្រាស់»។

លោក Rotenberg នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​ឯកជនភាព​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បាន​និយាយ​ថា រដ្ឋាភិបាល​នានា​នៅ​ជុំវិញ​ពិភពលោក ​មិន​គួរ​ទុក​បញ្ហា​នេះឲ្យ​តែ​និយតករ​និង​សមាជិក​សភា​អាមេរិក​និង​អឺរ៉ុប​ គ្រប់គ្រង​បណ្ដាញ​សង្គម​និង​សិទ្ធិ​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់​នោះ​ទេ។

លោក Rotenberg ថ្លែង​ថា៖ «ការ​បង្កើត​ឡើង​នូវ​ដំណោះស្រាយ​ថ្មីៗ ដែល​ផ្តល់​អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា ប៉ុន្តែ​ក្នុង​ពេល​តែ​មួយ ដោះស្រាយ​ហានិភ័យ​ជាក់​ស្ដែង​ផ្សេងៗ​ គឺ​ជា​កិច្ចការ​ល្អ​មួយ។ ខ្ញុំ​គិត​ថា​ អ្នក​នឹង​ឃើញ​ការ​ជជែក​វែក​ញែក​ដ៏​រឹង​មាំ អំពី​ក្រុមហ៊ុន​ហ្វេសប៊ុក និង​បណ្ដាញ​សង្គម​ផ្សេង​ទៀត នៅ​ទូទាំង​ទ្វីប​អាស៊ី អាមេរិក​ខាងត្បូង ទ្វីប​អាហ្វ្រិក»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG