ចៅក្រមភាគច្រើននៃតុលាការកំពូលសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញ បានផ្តល់សញ្ញាថា ខ្លួនទំនងជាច្រានចោលកិច្ចប្រឹងប្រែងរបស់គណបក្សសាធារណរដ្ឋនៅក្នុងការលុបចោលច្បាប់សុខភាព Affordable Care Act ដែលជាច្បាប់ដែលបានផ្តល់ការធានារ៉ាប់រងខាងសុខភាពដល់ពលរដ្ឋអាមេរិកាំងរាប់លាននាក់។
នៅក្នុងសវនាការមួយរបស់តុលាការកំពូលដែលមានចៅក្រុម ៩ រូប ជាសមាជិក ចៅក្រមអភិរក្សនិយម ២ រូបគឺ លោក John Roberts ដែលជាប្រធានចៅក្រម និងលោក Brett Kavanaugh បានបញ្ជាក់ថា ពួកគេមានទំនោរចូលរួមជាមួយចៅក្រមសេរីនិយម ៣ រូប របស់តុលាការ ដើម្បីរក្សាច្បាប់សុខភាពនេះឲ្យនៅជាធរមាន។
ច្បាប់សុខភាពនេះត្រូវបានអនុម័តកាលពីឆ្នាំ ២០១០ ហើយត្រូវបានជំទាស់ប្រឆាំងដោយគណបក្សសាធារណរដ្ឋ ចាប់តាំងពីការចាប់ផ្តើមនៃច្បាប់នេះមក។ ច្បាប់សុខភាពនេះមានបំណងលើកទឹកចិត្តប្រជាពលរដ្ឋអាមេរិកាំងឲ្យទិញការធានារ៉ាប់រងសុខភាពឯកជន និងពង្រីកលទ្ធភាពទទួលបានការធានារ៉ាប់រងសុខភាពដែលឧបត្ថម្ភដោយរដ្ឋាភិបាលសម្រាប់ពលរដ្ឋក្រីក្រ។
មន្ត្រីរដ្ឋខាងគណបក្សសាធារណរដ្ឋ ដែលគាំទ្រដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានអះអាងនៅក្នុងសវនាការនោះថា ច្បាប់នេះទាំងមូលត្រូវតែលុបចោល ដោយសារតែកាលពីឆ្នាំ ២០១៧ សភាបានលុបចោលការផាកពិន័យចំពោះពលរដ្ឋអាមេរិកាំងណាដែលមិនទិញការធានារ៉ាប់រងសុខភាព។
ប៉ុន្តែ លោកចៅក្រម Roberts បាននិយាយថា៖ «សភាបានទុកផ្នែកផ្សេងទៀតនៃច្បាប់នេះឲ្យនៅដដែល នៅពេលដែលខ្លួនលុបចោលការផាកពិន័យនោះ»។
ចៅក្រមសេរីនិយម ៣ រូបនៃតុលាការកំពូលនេះ គឺលោក Stephen Breyer អ្នកស្រី Elena Kagan និងអ្នកស្រី Sonia Sotomayor ក៏បានគាំទ្រច្បាប់នេះដែរ។
ច្បាប់ថែទាំសុខភាព ដែលគេស្គាល់ថា Obamacare នេះ ត្រូវបានបង្កើតឡើងដោយលោកអតីតប្រធានាធិបតី Barack Obama៕