ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​សាកល្បង​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​ខ្លួន​ដោយ​ជោគជ័យ


ប្រព័ន្ធ​ចាប់​មីស៊ីល​របស់​អាមេរិក​ត្រូវ​បាន​បាញ់​បង្ហោះ​​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស Vandenberg ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ហៅ​ការសាកល្បង​នេះ​ថា ជា​ព្រឹត្តិការណ៍​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​សហរដ្ឋអាមេរិក។

ការ​សាកល្បង​ប្រព័ន្ធ​ការពារ​មីស៊ីល​គឺ​ជា​ព្រឹត្តិការណ៍​ដំបូង​បង្អស់​របស់​សហរដ្ឋអាមេរិក។ ការ​សាកល្បង​នេះ​គឺ​ធ្វើ​ឲ្យ​ដូច​ទៅ​នឹង​ការ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​មក​លើ​សហរដ្ឋអាមេរិក។

យោធា​សហរដ្ឋអាមេរិក​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​វាយ​ប្រហារ​ដូច​ពិតៗ​ទី​មួយ​ចេញ​ពី​ប្រជុំ​កោះ Marshall។ បន្ទាប់​មក​បាន​បាញ់​គ្រាប់​មីស៊ីល​ទី​ពីរ​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋCalifornia ។

តើ​ការ​បាញ់​សាកល្បង​ទាំងនេះ​មាន​គោលបំណង​អ្វី​ដែរ? គោលបំណង​គឺដើម្បី​ស្ទាក់​រារាំង​គ្រាប់​ផ្លោង​មីស៊ីល​ទី​មួយ​នៅ​លើ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ការ​បាញ់​សាកល្បង​នេះ​បាន​ទទួល​ជោគជ័យ។ គ្រាប់​ផ្លោង​មីស៊ីល​ទី​ពីរ​បាន​ស្ទាក់​រារាំង និង​បាន​កម្ទេច​គ្រាប់​ផ្លោង​មីស៊ីល​ទី​មួយ​នៅ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក នៅ​ពេល​ដែល​គ្រាប់​ទី​មួយ​នេះ​ហោះ​បាន​ពាក់​កណ្ដាល​ផ្លូវ។

ការ​បាញ់​សាកល្បង​នេះ កើតឡើង​នៅ​ចំ​ពេល​មាន​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ បើ​ទោះបី​ជា​មាន​ការ​ថ្កោលទោស​ពី​សំណាក់​អង្គការ​សហប្រជាជាតិ និង​ពី​មេ​ដឹក​នាំ​នានា​នៅ​នុង​ពិភពលោក​ក៏​ដោយ ក៏​កូរ៉េ​ខាងជើង​នៅតែ​បន្ត​បង្កើន​ល្បឿន​នៃ​ការ​សាកល្បង​គ្រាប់​មីស៊ីល​របស់​ខ្លួន​ដដែល។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា៖

«គ្មាន​អ្វី​អាច​ផ្លាស់ប្ដូរ​សកម្មភាព​របស់​កូរ៉េ​ខាងជើង​បាន​នោះ​ទេ។ ដូច្នេះ​យើង​បាន​ប្រជុំ​គ្នា​ម្ដង​ទៀត និង​បាន​ពិភាក្សា​គ្នា​ថា​តើ​យើង​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ប្រសិន​បើ​មាន​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង​កើតឡើង​ស្ទើរ​តែ​រាល់​ថ្ងៃ​នោះ?»។

លោកស្រី Nikki Haley បាន​ថ្លែង​បន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​កូរ៉េ​ខាងជើង កំពុង​ចរចា​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចាត់​វិធានការណ៍​បន្ថែម​ទៀត​លើ​កូរ៉េ​ខាងជើង។

លោកស្រី Nikki Haley បាន​ថ្លែង​ថា៖«ការ​ពិភាក្សា​របស់​យើង គឺ​ដូចជា​នៅ​ពេល​នេះ​ជាដើម មិន​បាន​ផ្ដោត​លើ​ដំណោះស្រាយ​នោះ​ទេ។ តើ​ការ​បាញ់​សាកល្បង​ប្រភេទ​ណា ដែល​យើង​គួរ​រក​ដំណោះស្រាយ​នោះ? ខ្ញុំ​គិត​ថា នេះ​គឺ​ជា​អ្វី​ដែល​យើង​ព្យាយាម​ផ្ដោត​លើ»។

លោកស្រី​ឯកអគ្គរដ្ឋទូត Haley ថ្លែង​ទៀត​ថា រដ្ឋបាល​លោក Trump ក៏​ជឿជាក់​ថា រដ្ឋាភិបាល​ចិន​កំពុង​ប្រើ​បណ្ដាញ​សម្ងាត់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងជើង ដើម្បី​ព្យាយាម​បញ្ឈប់​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទាំង​នេះ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG