សិស្សាសាលារាប់ពាន់នាក់នៅទូទាំងសហរដ្ឋអាមេរិកបានដើរចេញពីថ្នាក់រៀន កាលពីព្រឹកថ្ងៃពុធ ដើម្បីចេញធ្វើបាតុកម្មប្រឆាំងនឹងកង្វះខាតវិធានការរបស់សភា ប្រឆាំងនឹងអំពើហិង្សាដោយសារកាំភ្លើងនៅក្នុងសាលារៀនទូទាំងសហរដ្ឋអាមេរិក និងដើម្បីចងចាំដល់អ្នកដែលបានបាត់បង់ជីវិតដោយសារការបាញ់សម្លាប់រង្គាលនៅវិទ្យាល័យក្នុងរដ្ឋ Florida កាលពីខែមុន។
បាតុកម្មនេះមានរយៈពេល១៧នាទី ដើម្បីធ្វើការចងចាំដល់អ្នកដែលបានបាត់បង់ជីវិតទាំង១៧នាក់ដែលបានស្លាប់នៅថ្ងៃទិវានៃក្តីស្រឡាញ់ នៅពេលដែលខ្មាន់កាំភ្លើងអាយុ១៩ឆ្នាំម្នាក់បានបាញ់រះនៅក្នុងវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុង Parkland រដ្ឋ Florida។ ម្សិលមិញគឺជាថ្ងៃគំរប់មួយខែនៃការបាញ់សម្លាប់នេះ សិស្សាសាលារាប់រយនាក់នៅតាមសាលានានាក្នុងសហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នានៅលើតារាងបាល់ទាត់ ដើម្បីធ្វើបាតុកម្ម និងចងចាំហេតុការណ៍នេះនៅក្នុងចិត្តរបស់ពួកគេ។ ក្រុមអ្នករៀបចំបាតុកម្មនេះបាននិយាយថា សិស្សសាលាបានដើរចេញធ្វើបាតុកម្មជិតបីពាន់កន្លែងនៅទូទាំងប្រទេស នៅស្របពេលដែលសិស្សសាលាមួយចំនួនផ្សេងទៀតធ្វើបាតុកម្មតវ៉ានៅពីវិមានរដ្ឋសភាសហរដ្ឋអាមេរិក។
មេដឹកនាំសំឡេងភាគតិចក្នុងសភា លោកស្រី Nancy Pelosi បានថ្លែងទៅក្រុមបាតុករដែលជាសិស្សសាលានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «អរគុណអ្នករាល់គ្នាដែលបាននាំយកបញ្ហាដែលត្រូវដោះស្រាយបន្ទាន់ទាំងនេះមកដល់រដ្ឋសភា»។ សាលាមួយចំនួនបានគាំទ្របាតុកម្មនេះ ប៉ុន្តែសាលាមួយចំនួនទៀតបានដាក់វិន័យដល់សិស្សសាលាហាមមិនឲ្យចេញពីថ្នាក់រៀនដោយគ្មានការអនុញ្ញាត៕