ក្រសួងការបរទេសស.រ.អា.បានបញ្ចេញតាមប្រព័ន្ធអ៊ីនធឺណិតនូវសារអេឡិកត្រូនិករបស់អតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton ចំនួន២៩៦ ដែលនិយាយទាក់ទងនឹងការវាយប្រហារលើទីតាំងការទូតរបស់ស.រ.អាក្នុងក្រុង Benghazi នៃប្រទេសលីប៊ី កាលពីឆ្នាំ២០១២។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Marie Harf បាននិយាយក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុនថា «ឯកសារដែលសាធារណជនអាចមើលបានចាប់ពីថ្ងៃនេះទៅ ត្រូវបានបញ្ជូនទៅកាន់គណៈកម្មាធិការពិសេសតាំងពីប៉ុន្មានខែមុននេះ ដែលឯកសារទាំងនេះមានចន្លោះពេល២ឆ្នាំ ហើយវាទាក់ទិននឹងសន្តិសុខ និងការវាយប្រហារលើអគារក្រសួងការបរទេសក្នុងក្រុង Benghazi»។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «សារអេឡិកត្រូនិកដែលយើងបញ្ចេញថ្ងៃនេះ មិនបានកែប្រែនូវការពិតសំខាន់ៗ ឬការយល់ឃើញរបស់យើងអំពីព្រឹត្តិការណ៍ នៅមុនពេលការវាយប្រហារ ក្នុងពេលវាយប្រហារ ឬក្រោយពេលវាយប្រហារនោះទេ ដែលត្រូវបានគេដឹងចាប់តាំងពីមានរបាយការណ៍ពីគណៈកម្មាការត្រួតពិនិត្យការទទួលខុសត្រូវ ទៅលើការវាយប្រហារនៅក្រុង Benghazi ដែលរបាយការណ៍នោះត្រូវបានចេញផ្សាយជិតពីរឆ្នាំកន្លះមកហើយ»។
សេចក្តីថ្លែងការណ៍បានសរសេរបន្តថា ក្រសួងការបរទេសកំពុងបន្តត្រួតពិនិត្យមើលសារអេឡិកត្រូនិកដែលនៅសេសសល់ចំនួន៥៥.០០០ទំព័រទៀត ដែលចេញដោយលោកស្រី Clinton កាលពីឆ្នាំមុន ហើយក្រសួងក៏នឹងបញ្ចេញឯកសារទាំងនោះជាសាធារណៈតាមរយៈគេហទំព័ររបស់ក្រសួងការបរទេសក្នុងផ្នែក «ច្បាប់ស្តីពីសេរីភាពក្នុងការទទួលបានព័ត៌មាន» ដែលអាចបើកមើលមួយទំព័រម្តងៗ។
សារអេឡិកត្រូនិកទាំងនោះ គឺជាចំណុចនៃវិវាទមួយ បន្ទាប់ពីគេបានរកឃើញថា លោកស្រី Clinton ដែលជាបេក្ខនារីឈរឈ្មោះបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ និងដែលបានចាប់ផ្តើមយុទ្ធនាការឃោសនាក្នុងរដ្ឋ New Hampshire កាលពីថ្ងៃសុក្រ បានប្រើប្រាស់សារអេឡិកត្រូនិកផ្ទាល់ខ្លួនរបស់លោកស្រី ដើម្បីផ្ញើ និងទទួលសារក្នុងនាមរដ្ឋមន្រ្តីក្រសួងការបរទេស។
ចៅក្រមសហព័ន្ធ កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឲ្យក្រសួងការបរទេសបង្ហាញកាលបរិច្ឆេទមួយក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងការចេញផ្សាយសារអេឡិកត្រូនិកចំនួន៣០០ ដែលនិយាយទាក់ទិននឹងប្រតិបត្តិការក្នុងក្រុង Benghazi ទីដែលជនអាមេរិកាំងបួននាក់ ដែលមានរួមទាំងឯកអគ្គរដ្ឋទូតអាមេរិកផង ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ។ សារអេឡិកត្រូនិកជាច្រើនត្រូវបានបញ្ជូនទៅកាន់គណៈកម្មាធិការពិសេសរបស់សេតវិមានដែលកំពុងតែស៊ើបអង្កេតលើហេតុការណ៍នោះ។
កាសែត The New York Times បានចេញផ្សាយផ្នែកខ្លះនៃសារអេឡិកត្រូនិកតាមប្រព័ន្ធអ៊ីនធឺណិត កាលពីថ្ងៃទី២១ ខែឧសភានេះ។
នៅខណៈដែលអ្នករិះគន់លោកស្រី Clinton ចាប់អារម្មណ៍ជាពិសេសលើសារអេឡិកត្រូនិកអំពីហេតុការណ៍ក្នុងក្រុង Benghazi ការស៊ើបអង្កេតមួយចំនួនដែលត្រូវបានធ្វើឡើងដោយគណៈកម្មាធិការពិសេសរបស់សភាមិនបានរកឃើញ «ភស្តុតាងឧក្រិដ្ឋកម្មមិនអាចប្រកែកបាន»ណាមួយ ដែលផ្សារភ្ជាប់លោកស្រីទៅនឹងបរាជ័យក្នុងការការពារជនអាមេរិកាំងដែលត្រូវបានសម្លាប់នោះទេ។
លោកស្រី Clinton ស្នើឲ្យក្រសួងការបរទេស បញ្ចេញសារអេឡិកត្រូនិកទាំងនោះឲ្យបានឆាប់តាមតែអាចធ្វើទៅបាន៕
ប្រែសម្រួលដោយ នៀម ឆេង