ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​កម្ពុជា ​ត្រូវ​​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ


អ្នក​គាំ​ទ្រ​របស់​លោក​បណ្ឌិត​ កែម​ ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ​ខ្មែរ កំពុង​ដង្ហែសព​របស់​លោក​ទៅ​កាន់​វត្ត​ក្តី​ចាស់​ក្នុង​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

​ឥស្សរៈ​ជន​សាធារណ​ដ៏​ល្បីល្បាញ​រូប​នេះ ក៏​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​ហើយ​ក៏​ជា​អ្នក​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។

លោក កែម ឡី សកម្មជន​ហើយ​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយដ៏​ល្បីល្បាញ​ម្នាក់​របស់​កម្ពុជា ​បាន​ត្រូវ​គេ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​ខណៈ​ដែល​កំពុង​អង្គុយ​នៅ​ក្នុង​ហាង​កាហ្វេ​នៅ​ឯស្ថានីយ​ប្រេង​ឥន្ធនៈក្នុង​ទីក្រុង​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​អាទិត្យ។

​ឥស្សរៈ​ជន​សាធារណ​ដ៏​ល្បីល្បាញ​រូប​នេះ ក៏​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​ហើយ​ក៏​ជា​អ្នក​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។

​ការ​សម្លាប់​លោក ​បាន​ធ្វើ​ឲ្យ​មានការ​ខឹង​សម្បារ​ដល់​រដ្ឋាភិបាល​របស់នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​កាន់​តែ​ខ្លាំង​ឡើង​ដោយហ្វូង​បាតុករ​យ៉ាង​ធំ​មួយ​នៅ​ឯ​កន្លែង​កើត​ហេតុ ​ជឿ​ថា នេះ​ជា​សកម្មភាព​ថ្មីៗ​បំផុត បន្ទាប់​ពី​ការ​បំភិត​បំភ័យ​របស់​រដ្ឋាភិបាល​ដល់​ពួក​អ្នក​នយោបាយ​គណ​បក្ស​ប្រឆាំង​ហើយ​នឹង​អង្គការ​សង្គម​ស៊ី​វិល​មុន​ពេល​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ។

​អ្នក​ឃើញ​ហេតុ​ការណ៍​ផ្ទាល់ភ្នែក​ម្នាក់​ដែល​បាន​ស្នើ​សុំអ្នក​យក​ព័ត៌មាន​មិន​ឲ្យ​បញ្ចេញ​អត្ត​សញ្ញាណ​របស់​អ្នក​ស្រី ​បាន​និយាយ​ថា ​បុរស​២​នាក់ ​បាន​ដើរ​ចូល​ក្នុង​ហាង​ដែល​នៅ​ទី​នោះ​លោក កែម ឡី ​កំពុង​ពិសា​កាហ្វេ​ ហើយ​បាន​បាញ់​លោក​មួយ​គ្រាប់​ហើយ​មួយ​គ្រាប់​ទៀត​ដោយកៀក​បំផុត។

លោក​ គៀត ច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​ប៉ូលិស​ជាតិ ​បាន​និយាយ​ថា ​ជន​សង្ស័យ​នោះ ​បាន​ត្រូវ​ចាប់​ខ្លួន​ហើយ​បាន​ប្រាប់​ប៉ូលិស​ថា ​ខ្លួន ​បាន​បាញ់​លោក ​កែម ឡី ​ដោយ​សារ​រឿង​បំណុល។​

អ្នកនាំ​ពាក្យ​ប៉ូលិស​ដដែល​ ​មិន​បាន​ផ្ដល់​ឈ្មោះ​របស់​ជន​សង្ស័យ​ទេ​នៅ​ពេល​នោះ។

​អ្នកនាំ​ពាក្យ​ប៉ូលិស​រូប​នោះ ​បាន​និយាយ​ថា «​លោក កែម ឡី ​បាន​ត្រូវ​គេ​បាញ់​ប្រហែល​ម៉ោង៩​ព្រឹក។​យើង ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​នៅ​ម៉ោង​១០​ព្រឹក ។​ យើង ​បាន​រក​ឃើញកាំភ្លើង​នៅ​ជាប់​ជាមួយ​ជន​នោះ‍»។

​អ្នកនាំ​ពាក្យ​ប៉ូលិស ​និយាយ​បន្ត​ទៀត​ថា «បន្ទាប់​ពី​សួរ​ចម្លើយ​ជន​ដៃ​ដល់​នោះ ​ជន​នោះ ​និយាយ​ថា ​ខ្លួន​បាន​បាត់​បង់​ដី​របស់​ខ្លួន​ខ្លះ​ពី​ព្រោះ​តែ​លោក កែម ឡី ​មិន​បាន​សង​ប្រាក់​ជំ​ពាក់​ទៅ​ឲ្យ​ខ្លួន​វិញ។ ប្រាក់​បំណុល​នោះចំនួន​៣​ពាន់​ដុល្លារ។ ​ក៏ប៉ុន្តែ ​យើង មិន​ជឿ​ជន​នោះ​នៅ​ឡើយ​ទេ ​រឿង​នេះ ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត»។

សព​របស់​លោក ឡី ​ស្ថិត​នៅ​ក្នុង​ថ្លុក​ឈាម​នៅ​ឯ​ហាង​កាហ្វេ​កាល់​តិច​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​នៅ​ពេល​ដែល​ពួក​បាតុករ ​បាន​បដិសេធ​មិន​ឲ្យ​ប៉ូលិស​យក​សព​នោះ​ចេញ។

ប៉ូលិស​នៅ​ឯ​កន្លែង​កើត​ហេតុ ​បាន​រារាំង​មិន​ឲ្យ​ម្ដាយ​មីង​ដែល​ជា​សាច់​ញាតិ​ម្នាក់​របស់​លោក​ឃើញ​សព​នោះ​នៅ​ពេល​ដែល​កំហឹង​បាន​ផ្ទុះ​ឡើង។

ទី​បញ្ចប់ ​ប៉ូលិស ​បាន​បន្ទន់​ចិត្ត​ ហើយ​មនុស្ស​រាប់​រយ​នាក់ ​ប្រហែល​រាប់​ពាន់​នាក់ ​ផង បាន​ដើរ​តាម​ផ្លូវ​ដោយ​មាន​សព​របស់​លោក​ស្ថិត​នៅ​ក្នុង​រថយន្ត​ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​ក្រុម​គ្រួសារ បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​វត្ត​ក្តី​ចាស់​ដើម្បី​ចាប់​ផ្ដើម​ពិធី​សព​របស់​លោក។

ព្រះ​តេជ​គុណ លួត ​សុវ៉ាត ​សកម្ម​ជន​សិទ្ធិ​មនុស្ស​ដ៏​ល្បីល្បាញ​មួយ​អង្គ​ដែល​ខ្លួន​ព្រះ​អង្គបាន​ក្លាយ​ជា​ទិសដៅ​នៃ​ការ​បំភិត​បំភ័យ​របស់​រដ្ឋាភិបាល ​បាន​មាន​សង្ឃ​ដីកា​ថា ​លោក កែម ឡី ​បាននិយាយ​យ៉ាង​វែង​កាល​ពី​មួយ​ថ្ងៃ​មុន​អំពី​របាយការណ៍ដ៏​រសើប​បំផុត​មួយ​របស់​អង្គការ Global Witness ​ដែល​បាន​បញ្ចេញ​ទ្រព្យសម្បត្តិ​និង​អាណាចក្រ​ពាណិជ្ជកម្ម​មហាសាលរបស់​ក្រុម​គ្រួសារ​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន។

ប្រជា​ពលរដ្ឋ​ខ្មែរ​ស្រែកនៅ​ខាង Start Mart ជា​កន្លែង​ដែល​លោក​បណ្ឌិត កែម ឡី​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
ប្រជា​ពលរដ្ឋ​ខ្មែរ​ស្រែកនៅ​ខាង Start Mart ជា​កន្លែង​ដែល​លោក​បណ្ឌិត កែម ឡី​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

ព្រះ​តេជ​គុណ ​បាន​មាន​សង្ឃ​ដីកា​នៅ​ខាង​ក្រៅ​ហាង​កាហ្វេ​នោះ​ថា៖

«លោក កែម ឡី ក៏​វិភាគ​រឿង​នេះ​ដែរ។គាត់ យក​រឿង​នេះ​មក​វិភាគ ​ហើយ​ការ​វិភាគ​របស់​គាត់​គឺ កំពុង​តែ​ក្ដៅ​ រឿង​កំពុង​តែ​ក្ដៅ​កើត​ឡើង ហើយ​គាត់​យក​រឿង ក្ដៅ​មក​វិភាគ​នៅ​ពេលនេះ​ទៀត ​ដូច្នេះ​ក្ដៅ​បូក​និង​ក្ដៅ​បញ្ហា​នេះ​គឺ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដូច​អ្វី​ដែល​គាត់​និយាយ​ថា​ គាត់​និយាយ​មួយ​ម៉ាត់​ស្មើ​នឹង​ជីវិត​គាត់​ត្រូវ​ស្លាប់»។

ព្រះ​តេជ​គុណ លួត ​សុវ៉ាត ​មាន​សង្ឃ​ដីកា​បន្ថែម​ទៀត​ថា៖

«រឿង​នេះ ​បង្ហាញ​ពី​ការ​គំរាម​កំហែង​ខាង​ផ្នែក​នយោបាយ​គឺ​សម្លាប់​មួយ​ដើម្បី​គំរាម​១៥​លាន​នាក់​ សម្លាប់​មួយ​គឺ​ដើម្បី​បន្លាច​អ្នក​ប្រាជ្ញ បណ្ឌិត​និង​អ្នក​វិភាគ​ផ្សេងៗ​ទៀត​កុំឲ្យ​វិភាគ​ព័ត៌មាន​ពិត‍»។

លោកស្រី ​ទេព ​វន្នី ​សកម្ម​ជន​ដ៏​ល្បីល្បាញ​ម្នាក់​ទៀត ​បាន​និយាយ​ថា ​ការ​បរាជ័យ​របស់​តុលាការ ដែលពុំ​បាន​ស្វែង​រក​យុត្តិធម៌ជូនលោក ​ជា ​វិជ្ជា ​មេដឹកនាំ​សហជីព​ម្នាក់​ដែលត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ឆ្នាំ​២០០៤ ​ហើយ​លោក ​ឈុត វុទ្ធី ជា​អ្នក​បរិស្ថាន​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ឆ្នាំ​២០១២ បាន​ធ្វើ​ឲ្យ​លោក​ស្រី​មាន​ជំនឿ​តិចតួច​បំផុតថា ​ឃាតកម្ម​លើ​លោក ​កែម ​ឡី ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ខុស​ពី​គេ​នោះ។

«នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ ​មិន​ដឹង​ថា ​ត្រូវ​ឬ​មិន​ត្រូវ​ទេ។ ​ខ្ញុំ​គិតថា ​កន្លង​មក​បាញ់​សម្លាប់​ដូចជា​លោក ​ជា ​វិជ្ជា​និង​លោក ​ឈុត វុទ្ធី និង​អ្នក​ស្នេហា​ជាតិផ្សេង​ទៀត​មួយ​ចំនួន ​បាញ់​ហើយ​មិនដែល​ចាប់​ឃាតក​បាន។ គាត់​ចាប់​ម៉េច​បាន​ ​ព្រោះ​វា​មាន​ពាក់ព័ន្ធ‍»។

ស្ថានទូត​សហរដ្ឋ​អាមេរិក ​បាន​ផ្ញើ​សារ​តាម​ទ្វីតទ័រ​ (Twitter) ថា​ ​ខ្លួន​ ​មាន​ការ​រន្ធត់​ហើយ​នឹង​សោក​សង្រែក​ពី​ឃាត​កម្ម​លើ​លោក កែម ឡី​ ហើយ​បាន​សំដែង​នូវ​ការ​ចូល​រួម​រំលែក​ទុកដល់​ក្រុម​គ្រួសារ​របស់​លោក។

លោក ​កែម ឡី ​ជា​មនុស្ស​មាន​ទឹក​ចិត្ត​ស្មោះស្ម័គ្រ​និង​ជា​ឥស្សរជន​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​បំផុត​ដែល​ជា​រឿយៗ ​បាន​រិះគន់​ទាំងរដ្ឋាភិបាល​និង​គណបក្ស​ប្រឆាំងចំពោះ​ការ​បរាជ័យ​មិន​បាន​អនុវត្ត​តាម​រចនា​សម្ព័ន្ធ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​គណបក្ស​របស់​ខ្លួន។

​លោក ​បាន​ស្វះស្វែង​ធ្វើ​ឲ្យ​មាន​ការ​ចូល​រួម​របស់​សាធារណជន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​កិច្ច​ការ​នយោបាយ ​ក៏ប៉ុន្តែ ​នៅ​តែ​និយាយ​ថា ​លោក ​មិន​បាន​ស្វះស្វែង​រក​មហិច្ឆតា​ខាង​នយោបាយ​សម្រាប់​ខ្លួន​របស់​លោក​ទេ។

​លោក ​កែម ​ឡី ​មាន​ប្រជាប្រិយភាព​តាម​រលក​ធាតុ​អាកាស​វិទ្យុ ដែល​ជា​មធ្យោ​បាយ​ដ៏មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជាពី​ព្រោះ​តែ​វិទ្យុ​នេះ ​ផ្សាយ​ទៅ​ដល់​តំបន់​ដាច់​ស្រយាល។​

​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ រដ្ឋាភិបាល ​បានចាប់​ខ្លួន​ជា​បន្តបន្ទាប់​ពួក​សមាជិក​គណបក្ស​ប្រឆាំង​និង​ពួក​សមាជិក​ដែល​និយាយ​រិះគន់​ឥត​សំចៃ​មាត់​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ​ដោយ​បាន​គំរាមកំហែង​ម្ដង​ហើយ​ម្ដង​ទៀត​ដល់​បណ្ដាញ​ព័ត៌មាន​ហើយ​បាន​ចាប់ផ្ដើម​វាយ​ប្រហារ​ជា​ប្រចាំ​ដល់​លោក ​កឹម ​សុខា ​អនុ​ប្រធានរបស់​គណបក្ស​ប្រឆាំង។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​តែ​លាក់​ខ្លួន​នៅ​ក្នុង​ទី​ស្នាក់​ការ​ធំ​របស់គណ​បក្ស​សង្គ្រោះ​ជាតិដើម្បី​ព្យាយាម​បញ្ចៀស​ការ​ការ​ចាប់ខ្លួន​ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​ថា ​លោក ​បាន​ពាក់​ព័ន្ធ​នឹង​អំពើ​ពេស្យា​កម្ម​និង​អំពើ​ពុករលួយ​ដោយ​ការ​មាន​ស្នេហា​លួចលាក់​នៅ​ខាង​ក្រៅ​ចំណងអាពាហ៍ពិពាហ៍។

ប្រជា​ពលរដ្ឋ​កម្ពុជា ​មាន​គម្រោង​ធ្វើ​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​នៅ​ឆ្នាំ​ក្រោយ​ហើយ​នឹង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​បន្ទាប់ ដោយ​បាន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាចស្ទើរតែ​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​នៅ​ក្នុង​ការ​កាន់​អំណាច​របស់​ខ្លួន​ជាង​៣​ទសវត្សរ៍៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG