លោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ាបានមានប្រសាសន៍ថា លោកខ្វាយខ្វល់ក៏ប៉ុន្តែមិនភ្ញាក់ផ្អើលទេ អំពីការបង្ហោះរ៉ុក្កែតដោយប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ។
នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍អាមេរិកាំង CBS ដែលត្រូវបានផ្សាយកាលពីថ្ងៃច័ន្ទ លោកអូបាម៉ាបានមានប្រសាសន៍ថា «ខ្ញុំយល់ថាយើងបានខ្វាយខ្វល់អំពីអាកប្បកិរិយារបស់កូរ៉េខាងជើងក្នុងមួយរយៈពេលមកហើយ។ នេះជារបបគ្រប់គ្រងផ្តាច់ការ។ វាបង្ករឿង។ របបគ្រប់គ្រងនេះបានរំលោភច្រើនដងលើសេចក្តីសម្រេចចិត្តរបស់អ.ស.ប. បានធ្វើការពិសោធន៍និងផលិតអាវុធបរមាណូ ហើយនៅពេលនេះពួកកូរ៉េខាងជើងកំពុងខិតខំព្យាយាមបង្កើនគុណភាពប្រព័ន្ធបង្ហោះកាំជ្រួចមីស៊ីលរបស់ពួកគេថែមទៀតផង។»
លោកអូបាម៉ាបានមានប្រសាសន៍ថា លោកបានមានប្រសាសន៍ជាមួយលោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃសុក្រនៅមុនការបង្ហោះនោះ «អំពីសេចក្តីត្រូវការដាក់គំនាបសង្កត់ថែមទៀតលើកូរ៉េខាងជើង»។\
លោកប្រធានាធិបតីបានមានប្រសាសន៍ថា ស.រ.អា.ក៏បានពិគ្រោះយោបល់ជាមួយប្រទេសកូរ៉េខាងត្បូង «ជាលើកដំបូងអំពីសមត្ថភាពការពារប្រឆាំងនឹងកាំជ្រួចមីស៊ីលថែមទៀត ដើម្បីបញ្ចៀសកុំឱ្យកូរ៉េខាងជើងអាចធ្វើការវាយប្រហារដោយកាំជ្រួចមីស៊ីលលើអគារនិងប្រជាជនស.រ.អា.»។
លោកមេដឹកនាំស.រ.អា.រូបនេះបាននិយាយថា ការបង្ហោះរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យជាការដែលត្រូវបានរំពឹងទុកថានឹងមានធ្វើ។
លោកអូបាម៉ាបានមានប្រសាសន៍ថា «អាជ្ញាធរកូរ៉េខាងជើងមិនពូកែទេខាងការចិញ្ចឹមប្រជារាស្ត្រពួកគេ ក៏ប៉ុន្តែពួកគេបានបណ្តាក់ទុនច្រើនក្នុងប្រព័ន្ធអាវុធ»៕