ក្រុមមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយថា មានការផ្ទុះមួយនៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថានកាលពីល្ងាចថ្ងៃសុក្របណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងបាននាំឱ្យមនុស្ស១១នាក់ទៀតត្រូវរបួស។ ក្រុមតាលីបង់បានប្រញាប់អះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនេះ ហើយបាននិយាយថាអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់របស់ពួកគេបានធ្វើការវាយប្រហារនោះ។
ការផ្ទុះនេះបានកើតមានឡើងនៅក្នុងតំបន់មួយមានមនុស្សរស់នៅ ចំកណ្តាលក្រុងនេះដែលមានផ្ទះនៃក្រុមមន្ត្រីអាហ្វហ្គានីស្ថានជាច្រើននាក់ និងមានផ្ទះសំណាក់ផងដែរ។ គេមិនបានដឹងច្បាស់លាស់ភ្លាមៗ នៅឡើយទេអំពីទីដៅនៃការវាយប្រហារនេះ។
សេចក្តីថ្លែងការណ៍ខ្លីមួយដែលអ្នកនាំពាក្យតាលីបង់ ឈ្មោះ Zabihullah Mujahid ផ្ញើទៅឱ្យ VOA នៅក្នុងក្រុងអ៊ីស្លាម៉ាបាដ (Islamabad) បានអះអាងថាជាការវាយប្រហារអត្តឃាតមួយទៅលើភោជនីយដ្ឋានបរទេសមួយកន្លែង។សេចក្តីថ្លែងការណ៍នេះបាននិយាយថា ក្រុមអ្នកបំផ្ទុះគ្រាប់បែកតាលីបង់បានធ្វើឱ្យមានការស្លាប់មនុស្សច្រើននាក់ ក៏ប៉ុន្តែមិនបានប្រាប់ឱ្យដឹងទេអំពីចំនួនអ្នកវាយប្រហារ។
លោក Sediq Sediqqi អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាននិយាយ ថាកងកម្លាំងសន្តិសុខបានស្ថិតនៅនឹងកន្លែងមានការផ្ទុះនោះ ហើយថាក្រុមប៉ូលិសកំពុងធ្វើការស៊ើបអង្កេត។
លោកបាននិយាយថា នៅពេលបន្ទាប់មកជនជាប់សង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ក៏ប៉ុន្តែលោកមិនបាននិយាយឱ្យបានក្បោះក្បាយទេ៕