ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា​បន្ថែម​ទៀត​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង


បុរស​ម្នាក់​មើល​កញ្ចក់​ទូរទស្សន៍​ដែល​បង្ហាញ​រូប​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ (រូប​ឆ្វេង) និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ឯកភាព​គ្នា​ក្នុង​ការ​ដក​ចេញ​នូវ​ការ​ដាក់​កំហិត​ចំពោះ​ក្បាល​គ្រាប់​បែក​ដែល​សម្រាប់​បន្តុប​ពី​លើ​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ត្បូង និង​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា​ជាង​មុន​ទៀត​ប្រឆាំង​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In ក៏​បាន​ស្នើ​អង្គការ​សហប្រជាជាតិ​ផង​ដែរ​ឲ្យ​ពិចារណា​រារាំង​ការ​ដឹក​ជញ្ជូន​ប្រេង​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិន​បាន​លើក​ឡើង​ពី​ការ​ដាក់​ទណ្ឌកម្ម​ប្រេង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​និយាយ​ថា លោក Donald Trump និង​លោក Moon Jae In បាន​ឯកភាព​គ្នា​គ្រប់​ចំណុច​សំខាន់ៗ​ទាំង​អស់​នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ៤០ នាទី កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ គឺ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​មីស៊ីល​ឆ្លង​ទ្វីប​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​ខ្លួន​អះអាង​ថា​ជា​គ្រាប់​បែក​អ៊ីដ្រូសែន ដែល​ការ​បាញ់​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​នៅ​ជុំវិញ​ពិភពលោក។

សេចក្ដី​ប្រកាស​របស់​សេតវិមាន​បាន​បញ្ជាក់​ថា៖ «មេដឹកនាំ​ទាំង​ពីរ​បាន​សង្កត់​ធ្ងន់​ថា ការ​បង្ក​ហេតុ​របស់​កូរ៉េ​ខាង​ជើង​ថ្មី​បំផុត​ចុង​ក្រោយ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ពិភពលោក​ទាំង​មូល។ មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ដាក់​សម្ពាធ​ឲ្យ​មាន​ខ្លាំងក្លា​បន្ថែម​ទៀត​ទៅ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​ដែល​មេដឹកនាំ​ទាំង​ពីរ​អាច​ធ្វើ​បាន។ មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​សន្យា​ថា​នឹង​ពង្រឹង​សមត្ថភាព​យោធា​រួម​គ្នា​បន្ថែម​ទៀត​ផង​ដែរ»៕

XS
SM
MD
LG